ក្រសួងការពារជាតិ គ្រោង​ទៅ​ប្រកួត​មិត្តភាព​អន្តរជាតិ​ជាមួយ​ក្លិប​នៅ​លីគកំពូល​ថៃ​​និង​វៀតណាម ត្រៀម​រដូវកាល​ថ្មី

By |

ក្លិបបាល់ទាត់ក្រសួងការពារជាតិ ដែលជាម្ចាស់ជើងឯកពានរង្វាន់សម្តេចតេជោ ហ៊ុន សែន និងជាជើងឯករងពានរង្វាន់លីកគំពូលកម្ពុជា រដូវកាល២០១៦ ផងដែរនោះ គ្រោងនឹងចេញទៅប្រកួតបាល់ទាត់លក្ខណៈមិត្តភាពអន្តរជាតិជាមួយក្លិបលីគកំពូលថៃចំនួន២ ក្រុម និងក្លិបលីគកំពូលវៀតណាម២ ក្រុម នៅដើមខែមករា ឆ្នាំ២០១៧ ខាងមុខនេះ។

ថ្លែងនៅក្នុងកិច្ចសម្ភាសន៍ជាមួយក្រុមការងារ We Are Football លោក ទេព ឡុងរចនា គ្រូបង្វឹកនៃក្លិបបាល់ទាត់ក្រសួងការពារជាតិផ្ទាល់បានបង្ហើបប្រាប់ថា ក្លិបក្រសួងការពារជាតិ គ្រោងនឹងធ្វើដំណើរទៅប្រកួតបាល់ទាត់លក្ខណៈមិត្តភាពអន្តរជាតិ រវាងក្លិប និងក្លិប ជាមួយក្លិប ២ ដែលប្រកបអាជីពនៅលីគកំពូលថៃ ពោលគឺអាចប្រកួតជាមួយក្លិបបាល់ទាត់ Buriram United ឈុតធំ និងក្លិបមួយទៀតគឺជាក្លិបដែលមានមូលដ្ឋាននៅទីក្រុងបាងកកពោលគឺក្លិប Bangkok United នាដើមខែមករា ឆ្នាំ២០១៧ ខាងមុខនេះ ខណៈក្លិប និងក្លិបបានធ្វើទំនាក់ទំនង និងព្រមព្រៀងគ្នារួចរាល់ហើយ។

គ្រូបង្វឹកដដែលរូបនេះបានបន្តទៀតថា ក្រោយប្រកួតនៅប្រទេសថៃក្លិបក៏នឹងមានគម្រោងធ្វើដំណើរបន្តទៅប្រកួតជាមួយក្លិបនៃលីគកំពូលវៀតណាមចំនួន ២ ប្រកួតទៀតផងដែរ តែមិនទាន់មានការព្រមព្រៀងគ្នារួចរាល់នៅឡើយទេ។

អាចនិយាយបានថានេះជាលើកទី ១ ហើយសម្រាប់ក្លិបបាល់ទាត់ក្រសួងការពារជាតិ ក្នុងការធ្វើដំណើរទៅប្រកួតបាល់ទាត់លក្ខណៈមិត្តភាពអន្តរជាតិនៅក្រៅប្រទេសជាមួយក្លិបដែលប្រកបអាជីពនៅលីគកំពូលនៃប្រទេសនោះ ខណៈកាលពីពេលកន្លងមកគ្រាន់តែធ្វើដំណើរទៅប្រកួតក្នុងពានរង្វាន់ខួបអនុស្សាវរីយ៍កងទ័ពវៀតណាម នៅប្រទេសវៀតណាមប៉ុណ្ណោះ៕