ភ្នំពេញក្រោន បង្ហាញមុខគ្រូបង្វឹកឈុតយុវជនថ្មី និងកីឡាករថ្មី សញ្ជាតិថៃជាផ្លូវការ ដែលនាំមកពីក្លិបនៃលីគលំដាប់ទី២ថៃ

By |

ម្ចាស់ជើងឯកពានរង្វាន់លីគកំពូលកម្ពុជា ៦ សម័យកាលក្លិបភ្នំពេញក្រោន បានធ្វើការបង្ហាញសមាសភាពគ្រូបង្វឹកក្រុមឈុតយុវជនថ្មីរបស់ខ្លួន និងកីឡាករយុវជនចំណូលថ្មីសញ្ជាតិថៃជាផ្លូវការ កាលពីល្ងាចថ្ងៃទី ២៥ ខែ វិច្ឆិកា ឆ្នាំ ២០១៦ ម្សិលមិញនេះ នាកីឡដ្ឋាន RSN របស់ក្លិបបាល់ទាត់ភ្នំពេញក្រោនផ្ទាល់ បន្ទាប់ពីលេចលឺដំណឹងក្នុងការផ្ទេរគ្រូបង្វឹក ក៏ដូចជាកីឡាកររូបនេះតាំងពីដើមខែវិច្ឆិកា។

គ្រូបង្វឹកថ្មីដែលនឹងត្រូវចូលមកដឹកនាំក្រុមយុវជនភ្នំពេញក្រោនគឺមានឈ្មោះថា Somchart Yimsiri ធ្លាប់ជាអតីតគ្រូបង្វឹកនៃក្លិបបាល់ទាត់ Sisaket និងធ្លាប់ដឹកនាំក្រុមយុវជនថៃអាយុក្រោម ១៧ ឆ្នាំ នៅឆ្នាំ១៩៩៨ ក្នុងការប្រកួតពានរង្វាន់ AFC U-17 Champions មុននឹងចូលរួមជាមួយក្លឹប Roi Et ដែលជាក្លិបចុងក្រោយ។

ដោយឡែកសម្រាប់កីឡាករថ្មីដែលភ្នំពេញក្រោននាំចូលផងដែរនោះ គឺជាយុវជនដែលមានវ័យ ១៨ ឆ្នាំនៃក្លិប Roi Et ឈ្មោះថា Somkiat Kunmee លេងតួនាទីជាខ្សែប្រយុទ្ធ។ កីឡាកររូបនេះធ្លាប់ហ្វឹកហាត់ជាមួយក្រុមយុវជននៃក្លិប Muangthong United ព្រមទាំងចំណាយពេល ១ ឆ្នាំក្នុងក្រុមយុវជនក្លិប Leicester City មុននឹងចូលរួមជាមួយក្លិប Roi Et។ Somkiat Kunmee ក៏ធ្លាប់បានបង្ហាញខ្លួនក្នុងក្រុមយុវជនជម្រើសជាតិថៃអាយុក្រោម ១៦ និង ១៩ ឆ្នាំផងដែរ៕

អត្ថបទពាក់ព័ន្ធ៖ ភ្នំពេញក្រោន ចុះកុងត្រាខ្ចីជើងអតីតកីឡាករយុវជនថ្នាលក្លិបជើងឯកលីគកំពូលអង់គ្លេស Leicester City ឆ្នាំចាស់រយៈពេល១ឆ្នាំ

 

រូបភាព៖ ហ្វេសប៊ុកភ្នំពេញក្រោន