សម្ដីគ្រូបង្វឹកនៃក្លិបអគ្គិសនីកម្ពុជា ជុំវិញក្ដីបារម្ភខ្លះ និងគូប្រជែង ដែលគិតថាជាគូប្រជែងធំ មុនការប្រកួតរសៀលនេះមកដល់

By |

នៅរសៀលនេះការប្រកួតពានរង្វាន់លីគលំដាប់ទី២កម្ពុជា ឈានចូលដល់សប្ដាហ៍ទី ៨ ហើយដោយមានការប្រកួតចំនួន៤គូ ក្នុងនោះមានការប្រកួតចំនួន ២ គូដែលជាគូខ្លាំង និងកំពុងត្រូវបានទន្ទឹងរង់ចាំអ៊ុតលទ្ធផលពីក្លិបអគ្គិសនីកម្ពុជា ក្នុងនាមជាក្រុមឈរនៅកំពូលតារាង ដែលមិនមានការប្រកួតរបស់ខ្លួនសម្រាប់សប្ដាហ៍នេះ ខណៈក្រុមទាំង ៤ ខាងលើរួមមាន គីរីវង់សុខសែនជ័យ សៀមរាបអង្គរ កំពង់ផែស្វយ័តខេត្តព្រះសីហនុ និងខេត្តស្វាយរៀង សុទ្ធតែជាគូប្រជែងដ៏ធំនៅក្នុងការដណ្ដើមកៅអីឡើងមកលីគកំពូលកម្ពុជារដូវកាល ២០១៧ ខាងមុខនេះ ដែលនាំអោយគ្រូបង្វឹកនៃក្លិបអគ្គិសនីកម្ពុជា សម្ដែងនូវក្ដីបារម្ភខ្លះ ក៏ដូចជាកំពុងសម្លឹងឃើញពីគូប្រជែងដ៏ធំរបស់ខ្លួនផងដែរ។

លោក ប្រាក់ វុទ្ធី គ្រូបង្វឹកនៃក្លិបបាល់ទាត់អគ្គិសនីកម្ពុជា បានសម្ដែងនូវក្ដីបារម្ភខ្លះៗថា៖ «យើងមានក្ដីបារម្ភទីមួយបើសិនសៀមរាប គាត់ឈ្នះ ស្វាយរៀង ត្រូវរង់ចាំពិនិ្យលទ្ធផលជាមួយយុវជនបាទីបន្ថែមទៀត បើសិនជាគាត់ស្មើ ឬមួយក៏គាត់ចាញ់ នោះបានន័យថានឹងក្លាយជាឱកាសរបស់យើង ចំណែកឯគីរីវង់ គាត់អស់ការប្រកួតហើយ ហើយបើគាត់ស្មើយើងក៏នឹងមានឱកាសដែរ ឬក៏គាត់ឈ្នះដោយគ្រាប់បាល់តិច នោះយើងក៏នឹងមានលទ្ធភាពច្រើនដែរ»។

លើសពីនេះគ្រូបង្វឹកដែលធ្លាប់ជួយអោយចំការកៅស៊ូបឹងកេត (បឹងកេតអង្គរ) លើកពានជាលើកដំបូងរូបនេះ បានសន្និដ្ឋានពីគូប្រជែងដ៏ធំសម្រាប់ក្លិបផងដែរថា៖ «ឥលូវនេះយើងគិតថាគីរីវង់ប្រជែងជាមួយយើងតែ ៥០ ភាគរយទេ ក៏ប៉ុន្តែបើសិនជាកំពង់ផែស្វយ័តគាត់ឈ្នះ ហើយនឹងសៀមរាបគាត់បន្តឈ្នះទៀត ចឹងបានន័យថា ២ ក្រុមហ្នឹងគឺជាផលវិបាករបស់អគ្គិសនីកម្ពុជាយើងហើយ»។

បញ្ជាក់ថាបច្ចុប្បន្ន អគ្គិសនីកម្ពុជា កំពុងឈរនៅចំណាត់ថ្នាក់លេខ ១ នៃតារាងចំណាត់ថ្នាក់លីគលំដាប់ទី២កម្ពុជា ដោយប្រកួតបាន ៧ ប្រកួត ឈ្នះ ៤ ប្រកួត ស្មើ ២ និងចាញ់ ១ មាន១៤ពិន្ទុក្នុងដៃ ខណៈគូប្រជែងទាំង ៤ រួមមាន គីរីវង់សុខសែនជ័យ សៀមរាបអង្គរ កំពង់ផែស្វយ័តខេត្តព្រះសីហនុ និងខេត្តស្វាយរៀង និងត្រូវប្រកួតគ្នានៅថ្ងៃនេះ ដោយគីរីវង់សុខសែនជ័យ ត្រូវជួប កំពង់ផែស្វយ័តខេត្តព្រះសីហនុ និងខេត្តស្វាយរៀង ត្រូវជួប សៀមរាបអង្គរ៕

 

អត្ថបទពាក់ព័ន្ធ៖ លីគទី២៖ គ្រូបង្វឹកអគ្គិសនីកម្ពុជា ថាកំពុងរង់ចាំអ៊ុតលទ្ធផលរវាងគីរីវង់ ជាមួយកំពង់ផែស្វយ័ត និងស្វាយរៀង ជាមួយសៀមរាបអង្គរ

រូបភាព៖ ហ្វេសប៊ុកក្លិបបាល់ទាត់អគ្គិសនីកម្ពុជា