មិនធម្មតា Keisuke Honda មានក្លិបបាល់ទាត់អាជីពផ្ទាល់ខ្លួនមួយនៅប្រទេសអូទ្រីស ដែលជាក្លិបអាចផ្ដល់ឱកាសដល់កុមារកម្ពុជាផងដែរ

By |

កីឡាករខ្សែបម្រើប្រយុទ្ធនៃក្រុមបាល់ទាត់ជម្រើសជាតិជប៉ុន Keisuke Honda បច្ចុប្បន្នគឺជាម្ចាស់ក្លិប នៃក្លិបបាល់ទាត់អាជីពមួយនៅក្នុងប្រទេសអូទ្រីស ពោលគឺជាម្ចាស់ក្លិបបាល់ទាត់ SV Horn ដែលជាក្លិបកំពុងប្រកបអាជីពនៅក្នុងលីគលំដាប់ទី ២ របស់អូទ្រីស។

ក្លិបបាល់ទាត់ SV Horn ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ ១៩២២ តែនៅឆ្នាំ ២០១៥ កីឡាករ Keisuke Honda បានធ្វើការវិនិយោគដោយបានទិញក្លិបមួយនេះ តាមរយៈក្រុមហ៊ុនរបស់លោក Honda Estilo Co., Ltd និងមានឈ្មោះក្លាយជាម្ចាស់ក្លិប (Chariman) ជាផ្លូវការរហូតមកទល់បច្ចុប្បន្ន។ ដោយឡែកកុមារកម្ពុជាដែលចូលរួមហ្វឹកហាត់ជាមួយសាលាបាល់ទាត់ SOLTILO FAMILIA SOCCERSCHOOL ក៏អាចនឹងមានឱកាសចូលរួមជាមួយក្លិបនេះផងដែរ បើសិនជារូបគេត្រូវបានទទួលការចាប់អារម្មណ៍ពីកីឡាករ Honda ក្នុងអំឡុងពេលហ្វឹកហាត់ជាមួយសាលាបាល់ទាត់នេះ។

ក្លិបនេះមានមូលដ្ឋាននៅទីក្រុង Horn City មានកីឡដ្ឋានដែលមានឈ្មោះថា Waldviertler Volksbank Arena អាចផ្ទុកទស្សនិកជនបានប្រមាណ ៣,៥០០ នាក់។ បច្ចប្បន្នក្លិបមានកីឡាករ ២៦ នាក់ ក្នុងមានកីឡាករសញ្ជាតិជប៉ុនរហូតដល់ទៅ ៦ នាក់ រួមទាំងគ្រូបង្វឹកក៏មានសញ្ជាតិជប៉ុនដូចគ្នាផងដែរ។

ជាលទ្ធផលនៅក្រោយការចូលមកវិនិយោគរបស់ម្ចាស់អាវលេខ ១០ នៃក្លិប AC Milan ក្លិបមួយនេះក៏ទទួលបានជើងឯកនៅក្នុងពានរង្វាន់ Austrain Regional Leagues និងបានកៅអីឡើងមកលេងនៅក្នុងលីគលំដាប់ទី ២ របស់អូទ្រីសសម្រាប់រដូវកាល ២០១៦-២០១៧ នេះដែលកំពុងដំណើរការប្រកួត។

 

sv-horn

 

បច្ចុប្បន្នក្លិបបាល់ទាត់ SV Horn កំពុងឈរនៅចំណាត់ថ្នាក់លេខ ៨ នៃលីគលំដាប់ទី ២ (Austrain Football First League) ដែលមានក្រុមចំនួន ១០ ចូលរួមប្រកួត។ ក្រោយប្រកួតបាន ២០ ប្រកួតរួចមក SV Horn មាន ១៩ ពិន្ទុក្នុងដៃ ដោយប្រកួតឈ្នះ ៥ ប្រកួតស្មើ ៤ និងចាញ់ ១១ ប្រកួត។

គួរបញ្ជាក់ជាថ្មីផងដែរថានៅថ្ងៃទី ២៦ ខែ ធ្នូ ឆ្នាំ ២០១៦ កីឡាករ Keisuke Honda នឹងរៀបចំព្រឹត្តិការណ៍ «Keisuke Honda’s SOLTILO GLOBAL SOCCER CAMP នៅប្រទេសកម្ពុជាគាំទ្រដោយ TATERU» ដោយមានការបង្ហាត់បង្ហាញ់បាល់ទាត់ដល់ក្មេងៗចំនួន ១០០ នាក់ដោយមិនគិតថ្លៃនៅពហុកីឡដ្ឋានជាតិ ចាប់ពីម៉ោង ២:០០ ដល់ម៉ោង ៤:០០ រសៀល៕

 

អត្ថបទពាក់ព័ន្ធ៖ នរណាគេគឺជាកីឡាករ Keisuke Honda ដែលគ្រោងមកទស្សនកិច្ចកម្ពជានាចុងខែធ្នូនេះ?

អត្ថបទពាក់ព័ន្ធ៖ ស្វែងយល់អំពីកម្មវិធី Honda Estilo របស់កីឡាករឆ្នើម Keisuke Honda បន្តិចមើល មុនមកដល់កម្ពុជានៅប៉ុន្មានថ្ងៃខាងមុខ

អត្ថបទពាក់ព័ន្ធ៖ ស្គាល់បន្ថែមពី SOLTILO FAMILIA SOCCERSCHOOL របស់កីឡាករ Keisuke Honda ដែលមាននៅកម្ពុជា