TMCC៖ក្រុម Lanexang United មកដល់កម្ពុជា យប់មិញនេះ ដើម្បីមកជួបប្រកួតជាមួយក្លិប បឹងកេតអង្គរ វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ

By |

ក្រុមម្ចាស់ជើងឯកនៃលីគកំពូលឡាវ និងជាបេក្ខភាពឈ្នះនៅក្នុងវគ្គជម្រុះ Lanexang United បាន​ធ្វើដំណើរមកដល់ទឹកដីនៃប្រទេសកម្ពុជា នៅយប់​ថ្ងៃ​ពុធ​ម្សិលមិញ​នេះដើម្បីមកជួបប្រកួតជាមួយក្លិបបឹងកេតអង្គរ វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រពានរង្វាន់ Toyota Mekong Club Champioship 2016។

ប្រភពពីមន្រ្តីសម្របសម្រួលរបស់ក្រុម Lanexang United បានបញ្ជាក់ប្រាប់ក្រុមការងារ We Are Football ថាទាំងកីឡាករ រួមទាំងថ្នាក់ដឹកនាំរបស់ក្លិបនឹងមកដល់កម្ពុជានៅវេលាម៉ោង ១០:៤៩ នាទីយប់នេះ តាមជើងហោះហើរលេខ PG 937 ដោយមានការឈប់នៅប្រទេសថៃ មុននឹងបន្តមកទឹកដីកម្ពុជា។

ការប្រកួតរវាង ក្លិបបាល់ទាត់បឹងកេតអង្គរ ជាមួយ ក្លិប Lanexang United ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនៃពានរង្វាន់ Toyota Mekong Club Championship 2016 នឹងត្រូវធ្វើឡើងនៅលើវាលស្មៅសិប្បន្និមិត្តនៃពហុកីដ្ឋានជាតិ នាល្ងាចថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៦ ខាងមុខនេះ វេលាម៉ោង ៦:០០ នាទីតទៅ និងមានការផ្សាយផ្ទាល់តាមរយៈស្ថានីយទូរទស្សន៍ BTV News ផងដែរ៕

រូបភាព៖ ហ្វេសប៊ុកក្លិប Lanexang United