លោក Lee Tae Hoon កំពុងសម្ងំរៀនវគ្គ AFC Pro Licence នៅក្នុងប្រទេសកំណើតរបស់ខ្លួន

By |

លោក Lee Tae Hoon អតីតគ្រូបង្វឹកនៃក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា (បច្ចុប្បន្នផុតកិច្ចន្យា) កំពុងតែសម្ងំរៀនបន្ថែមនូវវគ្គគ្រូបង្វឹកកម្រិតអាជីព AFC Pro-Deploma (AFC Professional Coaching Deploma) នៅក្នុងប្រទេសក៉ូរេខាងត្បូង ដែលជាប្រទេសកំណើតរបស់លោកផ្ទាល់។

គ្រូបង្វឹកវ័យ ៥៥ ឆ្នាំរូបនេះបានប្រាប់មកកាន់ We Are Football ពីប្រទេសកំណើតមកថា បច្ចុប្បន្នរូបលោកផ្ទាល់កំពុងតែរៀនវគ្គគ្រូបង្វឹកកម្រិតអាជីព AFC Pro-Deploma ដែលមានតម្លៃស្មើនឹង UEFA Pro Licence ដោយឆ្នាំនេះមានការសិក្សាតែ ៣ លើកប៉ុណ្ណោះ ខណៈរូបលោកផ្ទាល់កំពុងកាន់សញ្ញប័ត្របាល់ទាត់អាជ្ញាប័ណ្ណកម្រិត A (AFC A Licence)។

ឆ្លើយឆ្លងទៅនឹងសំនួររបស់ក្រុមការងារ We Are Football ដែលចោទសួរថា តើមកទល់ពេលនេះកិច្ចសន្យារវាងលោកជាមួយនឹងសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ក្នុងការបន្តដឹកនាំក្រុមជម្រើសជាតិកម្ពុជាដំណើរការដល់ណាហើយ? លោក Lee Tae Hoon បានឆ្លើយតបមកថា៖ «ខ្ញុំមិនទាន់មានការសន្ទនាច្បាស់លាស់ណាមួយនៅឡើយទេ ប៉ុន្តែអាចខ្ញុំនឹងមានដំណឹងល្អឆាប់ៗនេះ»។

សម្ដីចុងក្រោយ មុនបញ្ចប់កិច្ចសន្ទនាជាមួយក្រុមការងារ We Are Football លោកបានបន្ថែមយ៉ាងខ្លីថា «ខ្ញុំក៏មិនចង់ចាកពីប្រទេសកម្ពុជាផងដែរ»។

គួរបញ្ជាក់ថានៅថ្ងៃទី ១៤ ខែ មករា ឆ្នាំ ២០១៧ ខាងមុខនេះ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា នឹងត្រូវជួបប្រកួតជាមួយ ក្រុមបាល់ទាត់ជម្រើសជាតិអារ៉ាប់បីតសាវឌីត ធ្វើឡើងនៅប្រទេសអារ៉ាប់បីតសាវឌីត ប៉ុន្តែនៅមិនទាន់ដឹងច្បាស់ថាគ្រូបង្វឹករូបណានឹងចូលមកដឹកនាំនៅឡើយទេ ខណៈការប្រកួតនៅសល់តែ ១០ ថ្ងៃទៀតប៉ុណ្ណោះនឹងឈានចូលមកដល់៕

ចាំមើលថាតើ លោក Lee Tae Hoon អាចនឹងមានដំណឹងល្អដូចដែលលោកបានប្រាប់មកក្រុមការងារ We Are Football ដែរឬទេ?