ឆ្នាំថ្មីកាន់តែប្លែក! ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ប្រកួតពីថ្ងៃទី ១១ ខែមករា នេះតទៅដោយបែងចេកចេញជា ៥ ដំណាក់កាល

By |

ការប្រកួតបាល់ទាត់ដណ្ដើមពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី ១១ ឆ្នាំ ២០១៧ (Hun Sen Cup 2017) នឹងចាប់ផ្ដើមប្រកួតពីថ្ងៃទី ១១ ខែ មករា ឆ្នាំ ២០១៧ នេះតទៅ ដោយមានបែងចែកចេញជា ៥ ដំណាក់កាល ខុសប្លែកពីឆ្នាំកន្លងៗទៅ នេះបើយោងតាមកម្មវិធីប្រកួតដែលទទួលបានពីសហព័ន្ធកីឡាបាល់ទាត់កម្ពុជា។

សហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានធ្វើការផ្លាស់ប្ដូររូបមន្តប្រកួតខ្លះដោយរដូវកាល ២០១៧ នេះការប្រកួតត្រូវបានបែងចែកចេញជា ៥ ដំណាក់កាលផ្សេងៗគ្នា។

* ដំណាក់កាលទី១៖

ថ្នាក់តំបន់ ប្រកួតពីថ្ងៃទី ១១ ខែ មករា ដល់ថ្ងៃទី ១៤ ខែ មិនា ឆ្នាំ ២០១៧:

ដំណាក់កាលនេះមានក្រុមចូលរួមមកពី រាជធានីខេត្ត ទាំង២៥ បូករួមជាមួយ ក្រុមក្រសួងការពារជាតិ ជាមួយ ក្រសួងមហាផ្ទៃ ធ្វើការប្រកួតវិលជុំទៅមក (Home/Away) ក្រុមលេខ១ និងលេខ២ នៃពូលនីមួយៗនឹងត្រូវឡើងទៅប្រកួតខ្វែងពូលនៅដំណាក់កាលទី២។

* ដំណាក់កាលទី២៖

ប្រកួតពីថ្ងៃទី ០៥ ដល់ថ្ងៃទី ២៦ ខែ មេសា ឆ្នាំ ២០១៧:

ដំណាក់កាលនេះក្រុមលេខ១ និងលេខ២ នៃពូលនិមួយៗក្នុងដំណាក់កាលទី ១ (ពូល C យកដល់ចំណាត់ថ្នាក់លេខ៣) បូករួមជាមួយក្រុមខេត្តកំពត ដែលបានកៅអីឡើងមកដំណាក់កាលទី ២ នេះដោយស្វ័យប្រវត្តិ សរុប ១៦ ក្រុមនឹងត្រូវធ្វើការប្រកួតខ្វែងគ្នា ជម្រុះទៅមក (Home/Away) ក្រុមឈ្នះ ៨ ក្រុមនឹងបានឡើងទៅប្រកួតដំណាក់កាលទី ៣។

* ដំណាក់កាលទី៣៖

ប្រកួតពីថ្ងៃទី ០៣ ដល់ថ្ងៃទី ២៤ ខែ ឧសភា ឆ្នាំ ២០១៧:

ដំណាក់កាលទី ៣ នេះគឺជាដំណាក់កាលមួយថ្មី ដោយក្រុមនៅលីគកំពូលកម្ពុជាចំណាត់ថ្នាក់ពីលេខ ៧ ដល់ ១០ បូករួមជាមួយក្រុមទាំង ៩ នៃលីគលំដាប់ទី ២ កម្ពុជា និងក្រុមឈ្នះក្នុងដំណាក់កាលទី ២ ធ្វើការប្រកួតជម្រុះទៅមក (Home/Away)។ លក្ខណៈពិសេសក្រុមលេខ ៧ ដល់លេខ ១០ នៃលីគកំពូលកម្ពុជាត្រូវប្រកួតតទល់គ្នាដាច់ខាត ពោលគឺ អគ្គស្នងការដ្ឋាននគរបាលជាតិ ជួប វេស្ទើនភ្នំពេញ និង មជ្ឈមណ្ឌលកំចាត់មីនកម្ពុជា ជួប អាស៊ីអឺរ៉ុបយូណាយធីត។ ក្រុមឈ្នះ ១០ ក្រុមនឹងបានឡើងទៅប្រកួតដំណាក់កាលទី ៤។

* ដំណាក់កាលទី៤៖

ប្រកួតពីថ្ងៃទី ៣១ ខែ ឧសភា ដល់ថ្ងៃទី ០៥ ខែ កក្កដា ឆ្នាំ ២០១៧:

ដំណាក់កាលទី ៤ គឺក្រុមនៃលីគកំពូលកម្ពុជាចំណាត់ថ្នាក់លេខ ១ ដល់លេខ ៦ បូករួមជាមួយក្រុមដែលឈ្នះក្នុងដំណាក់កាលទី ៣ ចំនួន ១០ ក្រុមផ្សេងទៀត ធ្វើការប្រកួតជម្រុះទៅមក (Home/Away) រកក្រុមដែលឈ្នះឡើងមកប្រកួតក្នុងដំណាក់កាលទី៥។

* ដំណាក់កាលទី៥៖ ដំណាក់កាលចុងក្រោយ

ប្រកួតពីថ្ងៃទី ១២ ខែ កក្កដា ដល់ថ្ងៃទី ០១ ខែ តុលា ឆ្នាំ ២០១៧:

ក្រុមដែលឈ្នះពីដំណាក់កាលទី ៤ នឹងត្រូវធ្វើការប្រកួតជម្រុះទៅមក (Home/Away) ក្នុងវគ្គ ៨ ក្រុមចុងក្រោយ និងបន្តទៅវគ្គ ៤ ក្រុមចុងក្រោយ ចុងក្រោយប្រកួតយកចំណាត់ថ្នាក់លេខ និងប្រកួតនៅក្នុងវគ្គផ្ដាច់ព្រ័ត្រ។

មកទល់ពេលនេះនៅមិនទាន់ដឹងថាមានសមាសភាពក្រុមប៉ុន្មានចូលរួមនៅឡើយទេសម្រាប់ដំណាក់កាលទី ១ ខណៈកាលបរិច្ឆេទនៃការឈប់ទទួលពាក្យបានបញ្ចប់តាំងពីថ្ងៃទី ៣០ ខែ ធ្នូ ឆ្នាំ ២០១៦ កន្លងទៅ។

គួររំលឹកផងដែរថាពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន រដូវកាល ២០១៦ ជើងឯកបានទៅលើក្លិបបាល់ទាត់ក្រសួងការពារជាតិ ក្រោយយកឈ្នះ ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង ក្នុងវគ្គកាត់សេចក្ដី ១១ ម៉ែត្រ៕