មិត្តភាពអន្តរជាតិ៖ ក្រុមលេខ ៤ នៃលីគលំដាប់ទី ២ របស់ម៉ាឡេស៊ី ប្រកួតមិត្តភាពជាមួយ ក្រសួងការពារជាតិ ម៉ោង៦:៣០ល្ងាចនេះ

By |

ក្លិបបាល់ទាត់អាជីពមកពីលីគលំដាប់ទី ២ ម៉ាឡេស៊ី Negeri Sembilan FA នឹងធ្វើដំណើរមកធ្វើការប្រកួតមិត្តភាពអន្តរជាតិ ជាមួយក្លិបបាល់ទាត់អាជីពនៃលីគកំពូលកម្ពុជាក្រសួងការពារជាតិ ក្នុងដំណើរប្រកួតលក្ខណៈទេសចរណ៍។ ការប្រកួតនឹងធ្វើឡើងនៅថ្ងៃទី ១១ ខែ មករា ឆ្នាំ ២០១៧  នៅវេលាម៉ោង ៦:៣០ នាទីរសៀល នាពហុកីឡដ្ឋានជាតិ ការប្រកួតនេះផងដែរ គឺជាការប្រកួតកម្ដៅសាច់ដុំមុនចេញទៅប្រកួតជាមួយក្លឹប Buriram United ថ្ងៃទី២២ មករា និងក្លឹប ARMY United ក្នុងលក្ខណៈមិត្តភាពអន្តរជាតិ ថ្ងៃទី ២៦ មករា ២០១៧ នៃប្រទេសថៃ ខាងមុខនេះ។

ក្លិប Negeri Sembilan FA បានបញ្ចប់ទៅដោយទទួលបានចំណាត់ថ្នាក់លេខ ៤ ក្នុងលីគលំដាប់ទី ២ ម៉ាឡេស៊ី (Malaysia Premier League 2016) នារដូវកាល ២០១៦ ថ្មីៗនេះ។ ក្លិបនេះបង្កើតឡើងតាំងពីឆ្នាំ ១៩២៣ និងធ្លាប់ជាម្ចាស់ជើងឯកពានរង្វាន់លីគកំពូលម៉ាឡេស៊ី (Malaysia Super League) ១ សម័យកាលផងដែរពោលគឺនៅឆ្នាំ ២០០៦ និងឈ្នះពានរង្វាន់ Malaysai Cup ចំនួន ២ លើក ឈ្នះពាន Malaysia FA Cup ១ លើក និងពានរង្វាន់ Malaysia Charity Shield ១ លើកផងដែរ។

គួរបញ្ជាក់ផងដែរ នៅថ្ងៃទី ០៥ ខែ មករា ឆ្នាំ ២០១៧ ក្លិបបាល់ទាត់ក្រសួងការពារជាតិ ឈ្នះម្ចាស់ជើងឯកលីគលំដាប់ទីពីរបស់ម៉ាឡេសុី Melaka United ដោយលទ្ធផល ៣ ទល់នឹង១ នៅលើទីលានកីឡដ្ឋាន ខ.ភ.ម (ស្តាតចាស់)៕