លោក បែ មករា បញ្ជាក់​ហេតុផល​នៅ​ពី​ក្រោយ​ការ​នាំ​យក​លោក​ John​ Mcgyln​n​ មក​ដឹកនាំ​បឹងកេតអង្គរ សារជាថ្មី

By |

 លោក John Mcgylnn អតីតគ្រូបង្គោលនៃក្លិបបាល់ទាត់បឹងកេតអង្គរកាលពីឆ្នាំ ២០១៤ ទើបតែត្រូវបានក្លិបបឹងកេតអង្គ តែងតាំងលោកជាគ្រូបង្គោលសារជាថ្មីក្លិបកាលពីម្សិលមិញ ក្នុងលក្ខខ័ណ្ឌបណ្ដោះអាសន្ន។ ជុំវិញការចូលមកដឹកនាំសារជាថ្មីនេះ គឺមានហេតុផលចំបងមួយដែលនាំអោយលោកទទួលបានតំណែងជាគ្រូបង្គោលនេះត្រលប់មកវិញ។

យោងតាមប្រសាសន៍របស់ លោក បែ មករា អ្នកចាត់ការទូទៅនៃក្លិបបឹងកេតអង្គ បានអោយដឹងនៅក្នុងកិច្ចសម្ភាសន៍ជាមួយអ្នកសារព័ត៌មានកាលពីម្សិលមិញថា៖ «លោកគ្រូ Jonh គាត់ធ្លាប់ដឹកនាំបឹងកេតម្ដងហើយ ឆ្នាំ ២០១៤ ហើយអ្វីដែលយើងជ្រើសរើសគាត់ចូលមកដឹកនាំបណ្ដោះអាសន្ននេះដោយសារការប្រកួតរបស់យើង ដែលយើងត្រៀមលេង AFC Cup ហ្នឹងគឺវាកៀកពេក ដូច្នេះយើងឃើញថាគាត់សាកសមនឹងចូលមកជំនួសតំណែងលោកគ្រូ ប្រាក់ សុវណ្ណារ៉ា ព្រោះគាត់បានស្គាល់កីឡាកររបស់យើងមួយចំនួនធំ ចឹងមិនពិបាកក្នុងការសិក្សាកីឡាករឡើងវិញច្រើន បើសិនជាយើងយកគ្រូថ្មីមកពីក្រៅទៀត គាត់អាចនឹងប្រើពេលយូរទៀតដើម្បីនឹងសិក្សា យល់ពីទម្រង់លេង និងរបៀបលេងរបស់កីឡាករយើងម្នាក់ៗ»។

អ្នកចាត់ការទូទៅដដែលរូបនេះបានបន្ថែមផងដែរជុំវិញកិច្ចសន្យារបស់លោក John ជាមួយក្លិប ដោយលោកបានបន្តថា៖ «ឥលូវនេះយើងនិយាយថាបណ្ដោះអាសន្ន ប៉ុន្តែក៏អាចជាអចិន្ដ្រៃយ៍ បើសិនជាគាត់ធ្វើបានល្អនៅក្នុងការប្រកួតខាងមុខ ដូចជា AFC Cup អីជាដើមហ្នឹង បើសិនជាគាត់អាចបំពេញតួនាទីបានល្អ លទ្ធផលល្អ យើងអាចនឹងផ្ដល់ជូនគាត់ជាអចិន្ដ្រៃយ៍»។

ជាមួយនឹងការវិលត្រលប់មកដឹកនាំលើកដំបូង លោក John Mcgylnn បានដឹកនាំបឹងកេតអង្គ ប្រកួតស្មើជាមួយក្លិបមកពីម៉ាឡេស៊ី Maleke United ដោយលទ្ធផល ២ ទល់ ២ ក្នុងជំនួបមិត្តភាពអន្តរជាតិកម្ដៅសាច់ដុំរវាងក្លិប និងក្លិប។

ជំហ៊ានធំបន្ទាប់លោកនឹងត្រូវដឹកនាំក្លិបបឹងកេតអង្គ ចូលរួមប្រកួតនៅក្នុងពានរង្វាន់លំដាប់ទី ២ សម្រាប់ក្លិបបាល់ទាត់ប្រចាំទ្វីបអាស៊ី (AFC Cup 2017) ដែលគ្រោងនឹងប្រកួតនៅថ្ងៃទី ៣១ ខែ មករា ខាងមុខនេះសម្រាប់ជើងទី ១ និងជើងទី ២ នៅថ្ងៃទី ០៧ ខែ កុម្ភៈ ឆ្នាំ ២០១៧៕