លោក Lee​ និយាយពី​កីឡាករ​វ័យ​ក្មេង​ជាង​គេ​ក្នុង​ក្រុម​ជម្រើស​ជាតិ សឿត​ បារាំង​ មក​ពី​ក្លិប​ភ្នំពេញក្រោន

By |

បន្ទាប់ពីត្រូវបានកោះហៅអោយចូលក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាឈុតធំ ក្នុងវ័យត្រឹមតែ ១៧ ឆ្នាំ កីឡាករ សឿត បារាំង ត្រូវបានលោក Lee Tae Hoon គ្រូបង្គោលនៃក្រុមជម្រើសជាតិបង្ហាញចំណាប់អារម្មណ៍ខ្លះក្នុងកោះហៅកីឡាកររូបនេះអោយចូលក្នុងក្រុមជម្រើសជាតិឈុតធំជាលើកដំបូងក្នុងអាជីពរបស់ខ្លួន។

ថ្លែងនៅក្នុងកិច្ចសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន គ្រូបង្វឹកសញ្ជាតិកូរ៉េខាងត្បូងលោក Lee Tae Hoon បានបង្ហើបពីការសម្លឹងឃើញអតីតសមាជិកនៃក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម ១៩ នេះថា៖ «ខ្ញុំបានសម្លឹងឃើញគាត់ជាយូរមកហើយ ខ្ញុំរង់ចាំផ្នែកកម្លាំងកាយសម្បទារបស់គាត់អភិវឌ្ឍន៍ឡើង ហើយឥលូវនេះគាត់អាចលេងបានហើយ ខ្ញុំគិតថាគាត់អាចលេងបាន ដូច្នេះខ្ញុំកោះហៅគាត់ និងសាកល្បងតេស្តសមត្ថភាពរបស់គាត់សម្រាប់ពេលនេះ ខ្ញុំគិតថាគាត់នឹងក្លាយជាកីឡាករដ៏ល្អនៅតំបន់ខាងការពារសម្រាប់កម្ពុជា»។

គួររំលឹកថា តួនាទីជាខ្សែការពារស្លាបខាងឆ្វេងនៅក្នុងក្លិបបាល់ទាត់ភ្នំពេញក្រោនកីឡាករ សឿត បារាំង បានក្លាយទៅជាកីឡាករជម្រើសដំបូងជាប្រចាំសម្រាប់ក្លិបកាលពីរដូវកាលមុន ដោយបានបង្ហាញខ្លួនបាន ១៥ ប្រកួតនៅក្នុងលីគកំពូលកម្ពុជា រួមចំណែកបញ្ជូលបាល់អោយមិត្តរួមក្រុមបាន ៤ គ្រាប់ និងការពារសំណាញទីរបស់ខ្លួន (Clean Sheets) បាន ៥ លើក។

ជាមួយក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាអាយុក្រោម ១៩ ឆ្នាំ កីឡាករវ័យ ១៧ ឆ្នាំ រូបនេះក៏បានបង្ហាញខ្លួនបាន ៣ ប្រកួតផងដែរ និងជួយអោយក្រុមបញ្ចប់ទៅដោយទទួលបានចំណាត់ថ្នាក់់េលខ ៥ ក្នុងចំណោម ៦ ក្រុមនៅក្នុងពូល B នៃពានរង្វាន់យុវជនអាស៊ីអាគ្នេយ៍អាយុក្រោម ១៩ ឆ្នាំ AFF U-19 Championship 2016 ដែលទើបតែបញ្ចប់កាលពីពេលថ្មីៗកន្លងទៅនេះ៕