មុនចេញច្បាំង លោក Lee Tae Hoon លើកឡើងថាការរៀបចំក្រុមលើកនេះហាក់មិនរលូនដូចរាល់ដង

By |

ថ្លែងនៅក្នុងកិច្ចសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន មុនចេញដំណើរទៅធ្វើការប្រកួតបាល់ទាត់លក្ខណៈមិត្តភាពអន្តរជាតិជាមួយក្រុមជម្រើសជាតិអារ៉ាប៊ីសាអូឌីត  លោក Lee Tae Hoon បានលើកឡើងថាការរៀបចំក្រុមសម្រាប់លើកនេះហាក់មិនរលូនដូចរាល់ដង។

«លើកនេះការរៀបចំរបស់យើងគឺពិតជាអាក្រក់ខ្លាំងណាស់ ពីព្រោះយើងហ្វឹកហាត់ជុំគ្នាបានតែម្ដងគត់ គ្រប់ក្លិបទាំងអស់យកកីឡាកររបស់ខ្លួនទៅប្រកួតនៅក្នុងការប្រកួតមិត្តភាព ខ្ញុំមិនដឹងថាមួយណាសំខាន់ជាង ប៉ុន្តែសម្រាប់លើកនេះអាកប្បកិរិយារបស់ពួកគេពិតជាល្អជាងមុន តែទោះបីជាយ៉ាងណាពួកយើងនឹងព្យាយាមអោយអស់ពីសមត្ថភាព ហើយសម្រាប់លើកនេះយើងមានកីឡាករក្មេងៗច្រើន ខ្ញុំគិតថាវាគឺជាឱកាសដ៏ល្អសម្រាប់ពួកគេ»។ សម្ដីរបស់លោក Lee Tae Hoon ថ្លែងនៅក្នុងកិច្ចសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន។

លោកក៏បានបន្ថែមផងដែរជុំវិញអនាគតបាល់ទាត់កម្ពុជា ដោយឡើកបានលើកឡើងថា៖ «សម្រាប់ខ្ញុំផងដែរ ខ្ញុំកំពុងសម្លឹងមើលពីអនាគតបាល់ទាត់កម្ពុជា ដូច្នេះលើកនេះខ្ញុំនឹងសង្កេតពិនិត្យមើលកីឡាករក្មេងៗរបស់យើង»។

គួរបញ្ជាក់ថា ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាបានចាកចេញពីមាតុប្រទេសហើយកាលពីព្រឹកមិញ ដើម្បីទៅចូលរួមការប្រកួតបាល់ទាត់លក្ខណៈមិត្តភាពអន្តរជាតិជាមួយក្រុមជម្រើសជាតិអារ៉ាប៊ីសាអូឌីត នៅថ្ងៃទី ១៤ ខែ មករា ឆ្នាំ ២០១៧ ខាងមុខនេះ នៅប្រទេសអារ៉ាប់រួម ជាមួយនឹងសមាសភាពកីឡាករត្រឹមតែ ២១ នាក់ប៉ុណ្ណោះ ពោលគឺអវត្តមានកីឡាករ ៣ នាក់រួមមានកីឡាករ ប្រាក់ មុន្នីឧត្តម, ឈិន ឈឿន និង រស់ សំអឿន៕