លោក Lee Tae Hoon៖ បើ​មាន​ឱកាស សម្រាប់ឆ្នាំ​នេះ លោកសន្យា​ថា​នឹង​មិន​កោះហៅ​កីឡាករ​ណា​ដែល​​មិនស្ដាប់​បង្គាប់

By |

ត្បិតនៅមិនទាន់ច្បាស់អំពីកិច្ចសន្យាជាមួយក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា តែលោក Lee Tae Hoon បច្ចុប្បន្នគ្រូបង្វឹកនៃក្រុមជម្រើសជាតិកម្ពុជា បានលើកឡើងពីគោលបំណងរបស់លោកសម្រាប់ឆ្នាំនេះ បើសិនជានៅមានឱកាសដឹកនាំក្រុមជម្រើសជាតិបន្តទៀត ដោយលោកសន្យាថានឹងមិនកោះហៅកីឡាករដែលមិនធ្វើតាមអ្វីដែលលោកចង់បានឡើយ។

ថ្លែងក្នុងកិច្ចសម្ភាសន៍នៅក្រោយចប់ការប្រកួតមិត្តភាពកម្ដៅសាច់ដុំជាមួយក្លិបភ្នំពេញក្រោន គ្រូបង្វឹកវ័យ ៥៥ ឆ្នាំរូបនេះ បានលើកឡើងថា៖ «គោលបំណងរបស់ខ្ញុំសម្រាប់ឆ្នាំនេះ គឺផ្លាស់ប្ដូរទម្លាប់អាក្រក់របស់កីឡាករកម្ពុជា បើសិនជាពួកគេមិនធ្វើតាមអ្វីដែលខ្ញុំចង់បាន ខ្ញុំសន្យាជាមួយអ្នកគាំទ្រថា នឹងមិនកោះហៅចូលក្រុមជម្រើសជាតិឡើយ ដូច្នេះឆ្នាំនេះកីឡាករក្មេងៗច្រើនអាចនឹងមានឱកាសជាប់ជម្រើសជាតិ ដូចដែលអ្នកដឹងហើយបាល់ទាត់កម្ពុជាមិនទាន់ដល់កម្រិតកំពូលនៅឡើយទេ ហើយយើងមិនសូវមានបទពិសោធន៍ ប៉ុន្តែពួកគេនៅតែទម្លាប់មិនល្អ ដូច្នេះពិបាកឈ្នះណាស់ ឥលូវនេះគឺជាពេលដែលត្រូវផ្លាស់ប្ដូរ បើសិនជាមិនផ្លាស់ប្ដូរ នោះបាល់ទាត់កម្ពុជានឹងមិនមានអនាគតឡើយ»។

លោកក៏បានបន្ថែមផងដែរថា បច្ចុប្បន្នលោកកំពុងសម្លឹងមើលពីសមត្ថភាព និងទម្រង់លេងរបស់កីឡាករក្មេងៗមួយចំនួនធំ ហើយបើសិនជាមានឱកាសលោកនឹងកោះហៅកីឡាករក្មេងៗទាំងនោះ និងបន្ទាប់មកធ្វើតេស្តសមត្ថភាពរបស់ពួកគេ។

គួរបញ្ជាក់ថា លោក Lee Tae Hoon បច្ចុប្បន្នកំពុងដឹកនាំក្រុមជម្រើសជាតិកម្ពុជា ទៅធ្វើការប្រកួតជាមួយក្រុមជម្រើសជាតិអារ៉ាប៊ីសាអូឌីត ដែលគ្រោងនឹងប្រកួតនៅថ្ងៃទី ១៤ ខែ មករា ឆ្នាំ ២០១៧ ខាងមុខនេះ នៅប្រទេសអារ៉ាប់រួម ខណៈកិច្ចសន្យារបស់លោក ជាមួយ នឹងសហព័ន្ធកីឡាបាល់ទាត់កម្ពុជា នៅមិនទាន់មានការសម្រេចជាផ្លែផ្កានៅឡើយទេ៕