ភ្នំពេញក្រោន នាំយកគ្រូជំនួយសញ្ជាតិអ៊ុយក្រែន ខណៈMessi ត្រលប់មកហ្វឹកហាត់វិញបានក្រោយចំណាយពេលជាគ្រូបង្វឹក

By |

ក្លិបជើងឯកលីគកំពូលកម្ពុជា៦សម័យកាល បាននាំយកគ្រូជំនួយសញ្ជាតិអ៊ុយក្រែនមួយលោក Anatolii Bondarenko ខណៈកីឡាករ អ៊ុក សុទ្ធី⁣ ដែលអ្នកគាំទ្រដាក់រហ័សនាម រឺឈ្មោះហៅក្រៅ Messi បានត្រលប់មកហ្វឹកហាត់ជាមួយក្រុមឈុតធំវិញក្រោយចំណាយពេល២ ៣ខែ ចុងក្រោយជាគ្រូបង្វឹក និងលេងបាល់ទាត់ក្នុងសាល។

កាលពីធ្វើជាកីឡាករលោក Anatolii Bondarenko ធ្លាប់ចំណាយពេល១០ឆ្នាំលេងតួនាទីជាខ្សែបម្រើស្លាបក្នុងលីគ Ukrainian Druha Liga ដែលមានក្លិប Desna Chernihiv, MFC Mykolaiv, Lokomotyv Smela, Olympia FC, FC Kalush, FC Ros Bila Tserkva, Palmira Odessa និង FC Arsenal Bila Tserkva ខណៈបុរសវ័យ៤០ឆ្នាំ មានអាជ្ញាប័ណ្ឌUEFA B Licence ផ្តើមអាជីពជាគ្រូបង្វឹកដំបូងជាមួយ Kyiv Regional Boarding School អាយុក្រោម១៧ឆ្នាំ និងចំណាយពេល២ឆ្នាំជាគ្រូជំនួយក្លិប FC Arsenal-Kyivshchyna Bila Tserkva ដែលលេងនៅលីគរបស់ប្រទេសអ៊ុយក្រែន។

ចំណែកអតីតកីឡាករក្លិបព្រះខ័នរាជស្វាយរៀង និងជម្រើសជាតិបាល់ទាត់ក្នុងសាល កីឡាករវ័យ២៩ឆ្នាំ Messi បានចំណាយពេល២ ទៅ ៣ខែ ចុងក្រោយនេះក្នុងនាមជាគ្រូបង្វឹក និងលេងបាល់ទាត់ក្នុងសាល អាចត្រលប់មកហ្វឹកហាត់វិញបានហើយជាមួយក្លិបដោយត្រូវត្រៀមលេងពានរង្វាន់ AFC Cup 2017 និង លីគកំពូលកម្ពុជារដូវកាល២០១៧ខាងមុខនេះ។

គួរបញ្ជាក់ថា ក្លិប ភ្នំពេញក្រោន នឹងត្រូវប្រកួតពានរង្វាន់អន្តរជាតិក្នុងវគ្គជម្រុះ AFC Cup 2017 ជាមួយក្លិបរបស់លីគកំពូលសឹង្ហបុរី Home United នៅថ្ងៃទី ៣១ ខែ មករា ឆ្នាំ២០១៧ សម្រាប់ជើងទី១ ដែលលេងនៅលើកីឡដ្ឋាន RSN ខណៈជើងទី២ ធ្វើនៅថ្ងៃទី ៧ ខែ កុម្ភៈ ឆ្នាំ២០១៧៕