គូប្រជែងរបស់ភ្នំពេញក្រោន ក្នុងពានរង្វាន់ AFC Cup ក្រុម Home United ប្រកួត Pre Season Tour របស់ខ្លួនជាមួយក្រុមនៅលីគថៃ

By |

ក្លិបបាល់ទាត់ Home United របស់សិង្ហបុរី ដែលជាគូប្រជែងរបស់ក្លិបភ្នំពេញក្រោន ក្នុងពានរង្វាន់លំដាប់ទី ២ សម្រាប់ក្លិបបាល់ទាត់ប្រចាំទ្វីបអាស៊ី AFC Cup 2017 វគ្គជម្រុះ កំពុងតែត្រៀមខ្លួនបានយ៉ាងល្អដោយបាននឹងកំពុងធ្វើដំណើរប្រកួតបាល់ទាត់លក្ខណៈមិត្តភាពអន្តរជាតិ (Pre Season Tour) រវាងក្លិប និងក្លិប ជាមួយក្លិប ៣ នៃលីគកំពូលរបស់ថៃ។

តាមគម្រោងក្លិបម្ចាស់ជើងឯកលីគកំពូលសិង្ហបុរី ២ សម័យកាលនេះ នឹងត្រូវជួបប្រកួតជាមួយ ក្លិប Pattaya United FC, ក្លិបការពាររំណែងជើងឯកលីគកំពូលថៃរដូវកាល ២០១៦ Muangthong United និងក្លិប Royal Thai Navy FC ខណៈសមាសភាពក្រុមទាំងអស់បានទៅដល់ប្រទេសថៃតាំងពីថ្ងៃទី ១០ ខែ មករា មកម្លេះ។

សម្រាប់កាលវិភាគនៃការប្រកួតរបស់ក្លិប Home United ក្នុងដំណើរ Pre Season Tour របស់ខ្លួនរួមមាន៖

– ថ្ងៃទី ១២ ខែ មករា ឆ្នាំ ២០១៧ ប៉ះក្លិប Pattaya United FC

– ថ្ងៃទី ១៤ ខែ មករា ឆ្នាំ ២០១៧ ប៉ះក្លិប Muangthong United

– ថ្ងៃទី ១៦ ខែ មករា ឆ្នាំ ២០១៧ ប៉ះក្លិប Royal Thai Navy FC

រាល់ការប្រកួតទាំងអស់នឹងត្រូវប្រកួតនៅវេលាម៉ោង ៥:០០ នាទីល្ងាច ម៉ោងនៅប្រទេសថៃ។

ក្រោយចប់ការប្រកួតមិត្តភាពនេះ ក្លិបបាល់ទាត់ Home United នឹងត្រូវជួប ក្លិបភ្នំពេញក្រោន ក្នុងពានរង្វាន់លំដាប់ទី ២ សម្រាប់ក្លិបបាល់ទាត់ប្រចាំទ្វីបអាស៊ី AFC Cup 2017 វគ្គជម្រុះ នៅកីឡដ្ឋាន RSN នៅថ្ងៃទី ៣០ ខែ មករា ឆ្នាំ ២០១៧ សម្រាប់ការប្រកួតជើងទី ១ និងត្រលប់ទៅប្រកួតនៅទឹកដីរបស់ខ្លួនក្នុងប្រទេសសិង្ហបុរី វិញនៅថ្ងៃទី ០៧ ខែ កុម្ភៈ ឆ្នាំ ២០១៧ សម្រាប់ការប្រកួតជើងទី ២៕

រូបភាព៖ FB Home United Football Club