គ្រូបង្វឹកក្លិប Lao Toyota ថាដាក់គោលដៅត្រឹមស្មើ ពេលប៉ះ បឹងកេតអង្គរ ជើងទី១ AFC Cup 2017

By |

ការប្រកួតពានរង្វាន់សម្រាប់ក្លិបបាល់ទាត់លំដាប់ទី ២ ប្រចាំទ្វីបអាស៊ី AFC Cup 2017 វគ្គជម្រុះ ជើងទី១ ក្លិបបាល់ទាត់ បឹងកេតអង្គរ បានប្រកួតស្មើគ្នា១ទល់១ ជាមួយក្លិប Lao Toyota ដោយបានបញ្ចប់នៅម៉ោង៨យប់មុននេះបន្តិច នាពហុកីឡដ្ឋានជាតិ បើទោះបីជាកាតក្រហម២បានទៅខាងបឹងកេតអង្គរក៏ដោយ ខណៈលទ្ធផលត្រឹមស្មើនេះគឺជាគោលដៅរបស់គ្រូបង្វឹកក្លិប Lao Toyota លោក Bounlap Khenkitisack ហើយលោកក៏ពេញចិត្តនៅលទ្ធផលនៅពេលកូនក្រុមបានសម្រេច។

ថ្លែងនៅក្នុងសន្និសិតសារព័ត៍មានក្រោយចប់ការប្រកួតនិយាយជាភាសាថៃ គ្រូបង្វឹកសញ្ជាតិឡាវរូបនេះ បានពោលថា៖ «ការមកលេងក្រៅដីលើកនេះ យើងបានដាក់គោលដៅត្រឹមស្មើប៉ុណ្ណោះ ហើយយើងពេញចិត្តដែលបានសម្រេចគោលដៅទី១ ប៉ុន្តែខ្ញុំក៏អន់ចិត្តខ្លះដែរពេលខាង បឹងកេតអង្គរ ទទួលបានកាតក្រហមដល់ទៅ២ហើយលទ្ធផលនៅតែបានត្រឹមស្មើ»។

បុរសវ័យ៥០ឆ្នាំ បានបន្ថែមទៀតថា៖ «តាមត្រង់យើងមានបញ្ហាទីលានដែលមិនធ្លាប់ និងផ្សាំនៅលើទីលានស្មៅសុប្បនិមិត្មជាក់ស្តែងគ្រាប់ទី១អាចនិយាយបានថាមកពីបញ្ហាទីលានក៏បានដែល»។

ក្រោមការកាត់សេចក្ដីដឹកនាំការប្រកួតពីអាជ្ញាកណ្ដាលសញ្ជាតិកៀហ្ស៊ីស៊ីស្ថាន៤រូប បឹងកេតអង្គរ ទទួលបានក្រហម២ត្រឹមតង់ទី១ ពោលអ្នកចាំទី ស៊ូ យ៉ាទី ទទួលបានកាតក្រហមនាទី៣០ និង ស៊ុន សុវណ្ណរិទ្ធី ដោយទទួលបានកាតលឿង២ដង ស្មើកាតក្រហម នៅនាទី៤៣ ពោលកាតលឿងនាទី ៣៦ និង ៤៣ ចំណែកគ្រាប់បាល់វិញ ឃួន ឡាបូរ៉ាវី ជាអ្នកបើកការនាំមុខអោយ បឹងកេតអង្គរ នៅនាទី១៧ ខណៈ Lao Toyota តាមបានស្មើដោយកីឡាករ Sayoulasouk នាទី២៣៕