ឃួន ឡាបូរ៉ាវី ក្លាយជាកីឡាករកម្ពុជាទី២ ក្នុងពានរង្វាន់ AFC Cup ដែលទទួលបានងារជាកីឡាករ MVP

By |

ប្រធានក្រុមនៃក្លិបបឹងកេតអង្គរ កីឡាករ ឃួន ឡាបូរ៉ាវី ត្រូវបានគណៈកម្មាការការរៀបចំការប្រកួត (the-afc) សម្រេចផ្ដល់នូវងារជាកីឡាករដែលលេចធ្លោជាងគេនៅក្នុងការប្រកួត (MVP) ក្នុងពានរង្វាន់លំដាប់ទី ២ សម្រាប់ក្លិបបាល់ទាត់ប្រចាំទ្វីបអាស៊ី AFC Cup 2017 វគ្គជម្រុះ ជើងទី១ និងបានក្លាយទៅជាកីឡាករកម្ពុជាទី ២ ដែលទទួលបានងារជាកីឡាករលេចធ្លោនេះបន្ទាប់ពីកីឡាករ ងយ ស្រ៊ីន របស់ណាហ្គាវើល។

មូលហេតុដែលនាំអោយ ឃួន ឡាបូរ៉ាវី ទទួលបានងារជាកីឡាករលេចធ្លោជាងគេនៅក្នុងការប្រកួត គឺបន្ទាប់ពីកីឡាករវ័យ ២៨ ឆ្នាំរូបនេះបានទាត់បាល់បញ្ចូលទីបាន ១ គ្រាប់ និងជួយអោយក្រុមរបស់ខ្លួនបឹងកេតអង្គរ ដែលមានគ្នាតែ ៩ នាក់ ប្រកួតស្មើជាមួយគូប្រជែងដែលមានគ្នា ១១ នាក់ Lao Toyota ដោយលទ្ធផល ១ ទល់ ១ កាលពីថ្មីៗនេះ។

AFC_BKAFC_VS_LaoToyota_8888

ក្រៅតែពីបានទាត់បាល់បញ្ចូលទីបាន ១ គ្រាប់ ឃួន ឡាបូរ៉ាវី ក៏បានបំពេញតួនាទីជាខ្សែការពារផងដែរនៅក្នុងការប្រកួត ដោយតែងតែចុះមកជួយរារាំងការព្យាយាមរកគ្រាប់បាល់ទាត់បញ្ចូលទីពីសំណាក់គូប្រជែងរបស់ខ្លួន Lao Toyota រហូតបានសម្រេច។

ឃួន ឡាបូរ៉ាវី ផ្ទាល់ក៏បានលើកឡើងនៅក្នុងសន្និសិទសារព័ត៌មាននៅក្រោយចប់ការប្រកួតផងដែរថា៖ «ចំពោះការប្រកួតនៅក្នុងថ្ងៃនេះឃើញថា នៅពេលដែលក្រុមយើងមានកាតក្រហមដល់ទៅ ២ អញ្ចឹង តួនាទីលែងសំខាន់ហើយ សំខាន់ធ្វើយ៉ាងម៉េចជួយការពារកុំអោយគេទាត់ចូលបាន ចឹងកន្លែងណាក៏យើងត្រូវតែរត់ដែរ ហើយយើងឃើញកូនក្រុមទាំងអស់គាត់ធ្វើការខ្លាំងយើងអត់អាចឈរមើលបានទេ យើងត្រូវតែជួយរត់ជាមួយគ្នាដែរ»។

គួររំលឹកផងដែរថាកីឡាករកម្ពុជាទី ១ ដែលធ្លាប់ទទួលបានងារជាកីឡាករដែលលេចធ្លោជាងគេនៅក្នុងការប្រកួត (MVP) នៅក្នុងពានរង្វាន់នេះ គឺជាកីឡាករ ងយ ស្រ៊ីន របស់ក្លិបណាហ្គាវើល ដែលធ្លាប់ជួយអោយក្លិបរបស់ខ្លួនណាហ្គាវើល ប្រកួតស្មើក្នុងវគ្គជម្រុះជុំដំបូង (Qualifying round) ទល់នឹងក្រុម Three Star Club របស់នេប៉ាល តាំងពីថ្ងៃទី ២៣ ខែ សីហា ឆ្នាំ ២០១៦ កន្លងទៅ៕