កីឡាករ​ជនជាតិ​​កាម៉េរ៉ូន មួយ​រូប​កំពុង​ប្រកប​អាជីព​នៅ​លីគ​កំពូល​កម្ពុជា ​អួត​ពី​ក្រុម​ជម្រើស​ជាតិ​របស់​ខ្លួន​ដែល​ទើប​តែ​ឈ្នះ​ជើង​ឯក​ទ្វីប​អាហ្វ្រិក

By |

ខ្សែប្រយុទ្ធ Afa Bald Win ដែលជាកីឡាករសញ្ជាតិកាម៉េរ៉ូនតែម្នាក់គត់កំពុងប្រកបអាជីពនៅលីគកំពូលកម្ពុជា ក្នុងក្លិបបាល់ទាត់អគ្គស្នងការដ្ឋាននគរបាលជាតិ ខណៈរូបគេ មានអារម្មណ៍រំភើប និងពិតជាមានមោទនភាពខ្លាំងមែនទែនក្រោយពីក្រុមបាល់ទាត់ជម្រើសជាតិរបស់ខ្លួន ក្លាយជាម្ចាស់ជើងឯកពានរង្វាន់ទ្វីបអាហ្វ្រីកឆ្នាំ២០១៧ បន្ទាប់ពីយកឈ្នះក្រុមជម្រើសជាតិអេហ្សុីប ដោយលទ្ធផល ២ទល់១ កាលពីថ្ងៃទី ០៦ ខែ កុម្ភៈ ឆ្នាំ ២០១៧ កន្លងមក។

JS111007922

កីឡាករវ័យ ២៦ ឆ្នាំរូបនេះបានប្រាប់ក្រុមការងារវិបសាយ We Are Football ថា៖«ក្នុងនាមខ្ញុំជាជនជាតិកាម៉េរ៉ូន មួយរូបខ្ញុំពិតជាមានមោទនភាពខ្លាំងណាស់ ដែលក្រុមបាល់ទាត់ជម្រើសជាតិកាម៉េរ៉ូនឈ្នះពានរង្វាន់ទ្វីបអាហ្វ្រីកកាលពីពេលថ្មីៗនេះ។ វាជាការពិតណាស់ក្រុមកាម៉េរ៉ូនជាក្រុមខ្លាំងមួយ ដែលកីឡាករមួយចំនួនមានបទពិសោធន៍ខ្ពស់ដែលពួកគេភាគច្រើនប្រកបអាជីពនៅតំបន់អុឺរ៉ុប។ ខ្ញុំពិតជាចង់ជាប់ក្នុងឈុតជម្រើសជាតិរបស់កាម៉េរ៉ូន ខ្លាំងណាស់ជាហេតុដែលខ្ញុំខំប្រឹងហ្វឹកហាត់ ស្វែងរកគ្រាប់បាល់ជួយក្លិបដែលខ្ញុំកំពុងលេងនៅកម្ពុជា និងជម្រុញខ្លួនឲ្យកាន់តែល្អប្រសើជាងនេះដើម្បីបំពេញក្ដីស្រម៉ៃរបស់ខ្ញុំបានលេងនៅខាងប៉ែកអុឺរ៉ុប និងមានឱកាសជាប់ជម្រើសជាតិជាមួយមិត្តរួមក្រុមរបស់ខ្ញុំផងដែរ»។

កីឡាករសញ្ជាតិកាម៉េរ៉ូនរូបនេះបានបន្ថែមថា«អ្វីដែលសំខាន់នោះគឺលីគកំពូលកម្ពុជារដូវកាលថ្មី ខ្ញុំព្យាយាមហ្វឹកហាត់និងសហការល្អជាមួយមិត្តរួមក្រុមដើម្បីសម្រេចគោលដៅរបស់ពួកយើងក្នុងការប្រជែងយកចំណាត់ថ្នាក់យ៉ាងតិចលេខ៤ ( Top 4 ) ដើម្បីមានឱកាសដណ្ដើមពានលីគផងដែរ ចំណែកឯក្រុមជម្រើសជាតិកម្ពុជាខ្ញុំយល់ថាពួកគេរីកចម្រើនពី១ថ្ងៃទៅ១ថ្ងៃ និងអាចឈានក្នុងការដណ្ដើមពានរង្វាន់ធំៗនៅក្នុងតំបន់ និងក្រៅតំបន់នៅថ្ងៃអនាគតដ៏ខ្លីខាងមុខ ហើយខ្ញុំចង់ប្រាប់ដល់អ្នកគាំទ្រក្រុមជម្រើសជាតិកម្ពុជា ឲ្យបន្តការគាំទ្រកាន់តែខ្លាំងជាងនេះ និងលើកទឹកចិត្តដល់កីឡាករឲ្យខ្លាំងជាងនេះ ដើម្បីឆ្ពោះទៅភាពជោគជ័យ ក៏ប៉ុន្តែគួរពុំមានកាយវិការមិនល្អ ឬបង្កហិង្សាអំឡុងពេលប្រកួតដែលវាធ្វើឲ្យមានភាពអាម៉ាសដល់ក្រុមក្នុងនាមជាម្ចាស់ផ្ទះ»។

Afanwi_6111408655964307462

គួរបញ្ជាក់ផងដែរថា កីឡាករ Afa Bald Win ធ្លាប់ជាប់ឈុតយុរជនរបស់កាម៉េរ៉ូន ហើយកីឡាករមួយចំនួនដែលលេងក្នុងឈុតជម្រើសជាតិមានដូចជាៈ ខ្សែការពារ Collins Fai ដែលកំពុងប្រកបអាជីពនៅក្លិប Standard Liege នៅលីគកំពូលរបស់ប៊ែលហ្សិក, ខ្សែប្រយុទ្ធ Jacques Zoua ដែលកំពុងលេងនៅក្លិប Kaiserslautern នៅលីគលំដាប់ទី២ របស់ប្រទេសអាល្លឺម៉ង់ និងខ្សែប្រយុទ្ធ Vincent Aboubakar កំពុងប្រកបអាជីពនៅលីគកំពូលរបស់ទួគី ជាមួយនិងក្លិប Besiktas ដែលបានទាត់បញ្ចូលទីជួយឲ្យក្រុមកាម៉េរ៉ូនឈ្នះពានទ្វីបអាហ្វ្រីក សុទ្ធតែមិត្តរួមក្រុមក្នុងឈុតយុវជនរបស់កាម៉េរ៉ូនផងដែរ៕