លេចលឺថាដំណឹងថា លីគលំដាប់ទី២​កម្ពុជា មានក្រុមចំនួន​៨​ចូលរួមប្រកួត និងមានក្រុម១ដកខ្លួន?

By |

មានការលេចលឺដំណឹងចចាមអារ៉ាមមកថា ការប្រកួតដណ្ដើមពានរង្វាន់លីគលំដាប់ទី ២ កម្ពុជារដូវកាល ២០១៧ នេះ នឹងមានក្រុមចំនួន ៨ ចូលរួមប្រកួតប្រជែងគ្នា ខណៈមានសមាជិកកាលពីរដូវកាលចាស់ ១ ក្រុម បានសម្រេចដកខ្លួន និងជំនួសវិញដោយក្រុមថ្មីចំនួន ២ បន្ថែមទៀត។

ប្រភពពាក់ព័ន្ធ និងជិតស្និទបានបន្តបង្ហើបថា ក្រុមទាំង ៨ នោះរួមមាន សាលាកីឡាបាល់ទាត់ជាតិ (បាទី), សូលទីឡូអង្គរ (សៀមរាបអង្គរ), ខេត្តស្វាយរៀង, ខេត្តកំពង់ឆ្នាំង, និងខេត្តកំពង់ស្ពឺ ស្របពេលដែលក្រុមមានកៅអីស្រាប់កាលពីរដូវកាលមុន កំពង់ផែស្វយយ័តខេត្តព្រះសីហនុ មិនបានចុះឈ្មោះចូលរួមប្រកួត ដែលមានន័យថា ដកខ្លួន។ ដោយឡែក ២ ក្រុមថ្មីដែលចុះឈ្មោះចូលរួមប្រកួតសម្រាប់ដូវកាលថ្មីនេះរួមមាន ក្លិបបាល់ទាត់វិសាខា និងក្លិបបាល់ទាត់ខេត្តកំពង់ចាម។

ប្រភពដដែលនេះ ក៏បានបង្ហើបបន្ថែមថា ការប្រកួតគ្រោងនឹងចាប់ផ្ដើមនៅចុងខែនេះ ពោលគឺនៅថ្ងៃទី ២៦ ខែ មិនា ឆ្នាំ ២០១៧ និងឈានទៅបញ្ចប់នៅថ្ងៃទី ២៨ ខែ ឧសភា ឆ្នាំ ២០១៧ សម្រាប់ជើងទី ១ ធ្វើការប្រកួតរៀងរាល់ថ្ងៃអាទិត្យ។

យោងតាមសេចក្ដីជូនដំណឹងរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ការប្រកួតបាល់ទាត់ដណ្ដើមពានរង្វាន់លីគលំដាប់ទី ២ កម្ពុជា រដូវកាល ២០១៧ នឹងប្រើរូបមន្តប្រកួតជម្រុះ (Play Off) ក្រោយចប់ការប្រកួតវិលជុំសន្សំពិន្ទុ ស្វែងរកក្រុម ២ ដើម្បីឡើងមកប្រកួតលីគកំពូលកម្ពុជា សម្រាប់រដូវកាលបន្ទាប់ ២០១៨។

រូបមន្តថ្មីនេះគឺមានលក្ខណៈដូចគ្នាទៅនឹងរូបមន្ដថ្មី នៅក្នុងពានរង្វាន់លីគកំពូលកម្ពុជា ផងដែរដោយអនុវត្តតាមប្រព័ន្ធលីគពីរជុំ (Two-round league) ដែលក្រុមនីមួយៗត្រូវជួបប្រកួត ជាមួយគ្នាចំនួន ២ ដង ក្រោយចប់ការប្រកួតវិលជុំសន្សំពិន្ទុ ៤ ក្រុមដែលមានពិន្ទុលើគេ ពីលេខ ១ ដល់លេខ ៤ នឹងត្រូវប្រកួតជម្រុះ៕