ស្អែកនឹងដឹងថា U-23 កម្ពុជាស្ថិតនៅពូលណា ជាមួយប្រទេសណាខ្លះ ក្នុងពាន 2018 U-23 Championship វគ្គជម្រុះ

By |

ពានរង្វាន់ជើងឯកទ្វីបអាស៊ីអាយុក្រោម ២៣ ឆ្នាំ 2018 AFC U-23 Championship វគ្គជម្រុះ ដែលជាពានរង្វាន់កម្រិតយុវជនធំជាងគេប្រចាំទ្វីបអាស៊ី និងមានក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាអាយុក្រោម ២៣ ឆ្នាំ ត្រៀមចូលរួមប្រកួតផងដែរនោះ នឹងធ្វើការចាប់ឆ្នោតនៅថ្ងៃស្អែកនេះ។

តាមគម្រោងការចាប់ឆ្នោតបែងចែកពូល សម្រាប់វគ្គជម្រុះ គ្រោងនឹងធ្វើនៅថ្ងៃទី ១៧ ខែ មិនា ឆ្នាំ ២០១៧ ស្អែកនេះ នៅទីក្រុង Kuala Lumpur ប្រទេសម៉ាឡេស៊ី ដោយជម្រើសជាតិកម្ពុជាអាយុក្រោម ២៣ ឆ្នាំ នឹងត្រូវនៅពូលជាមួយប្រទេសដែលនៅតំបន់អាស៊ីភាគខាងកើត ដែលអាចនៅក្នុងពូលជាមួយប្រទេសថៃ, វៀតណាម, មីយ៉ាន់ម៉ា និងកូរ៉េខាងជើង ដែលទទួលធ្វើជាម្ចាស់ផ្ទះវគ្គជម្រុះនេះ។

ទាំង ៤ ប្រទេសនេះនឹងត្រៀមទទួលក្រុមនៅក្នុងតំបន់អាស៊ីភាគខាងកើត រួមមានសរុបទាំងអស់ ២១ ប្រទេស បែងចែកចេញជា ៤ ពូល ក្នុងមួយពូលមាន ៥ ក្រុម។

រីឯតំបន់អាស៊ីភាគខាងលិច ដែលមាន ២២ ប្រទេសចូលរួម នឹងមានប្រទេស ៥ ទទួលសិទ្ធធ្វើជាម្ចាស់ផ្ទះ រួមមាន កៀហ្ស៊ីស៊ីស្ថាន, ប៉ាឡេស្ទីន, អារ៉ាប៊ីសាអូឌីត, កាតា និងអារ៉ាបរួម។ តំបន់ភាគខាងលិចនេះនឹងត្រូវបែងចែកចេញជា ៥ ពូល (២ ពូល មាន ៥ ក្រុម និង ៣ ពូលមាន ៤ ក្រុម)។

ខាងក្រោមគឺជាសមាសភាពក្រុមទាំង ៤៦ ដែលស្ថិតនៅប្រអប់ទាំង ៥៖

Screen Shot 2017-03-03 at 2.38.09 PM

សម្រាប់ការប្រកួតនឹងចាប់ផ្ដើមពីថ្ងៃទី ១៥ ខែ កក្កដា រហូតដល់ថ្ងៃទី ២៣ ខែ កក្កដា ឆ្នាំ ២០១៧ តាមប្រទេសដែលទទួលសិទ្ធធ្វើជាម្ចាស់ផ្ទះនៅវគ្គជម្រុះនេះ ប្រចាំពូលនិមួយៗ។

ក្រុមដែលឈរលេខ ១ ប្រចាំពូលនិមួយៗចំនួន ៩ ក្រុមនៅក្នុងវគ្គជម្រុះនេះ បូករួមជាមួយក្រុមលេខ ២ ដែលល្អជាងគេចំនួន ៥ ក្រុម សរុប ១៥ ក្រុម នឹងមានឱកាសឡើងទៅប្រកួតជុំផ្ដាច់ព្រ័ត្រដែល ប្រទេសចិនទទួលសិទ្ធធ្វើជាម្ចាស់ផ្ទះនៅដើមឆ្នាំ ២០១៨៕

 

អត្ថបទពាក់ព័ន្ធ៖ U-23 កម្ពុជា ស្ថិតនៅប្រអប់ទី ៣ នៃពានរង្វាន់ 2018 AFC U-23 Championship វគ្គជម្រុះ

អត្ថបទពាក់ព័ន្ធ៖ បន្ទាន់សម័យកាល៖ ថៃ, វៀតណាម និងមីយ៉ាន់ម៉ា ទទួលសិទ្ធធ្វើជាម្ចាស់ផ្ទះពានទ្វីបអាស៊ី AFC U-23 វគ្គជម្រុះ ដែលកម្ពុជាចូលរួមប្រកួត