លេចលឺដំណឹងថា មីយ៉ាន់ម៉ា អញ្ជើញកម្ពុជា ចូលរួមប្រកួតពានរង្វាន់អន្តរជាតិក្រៅផ្លូវការមួយនៅប្រទេសរបស់ខ្លួន

By |

មានការលេចលឺនូវដំណឹងមួយមកថា ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាអាយុក្រោម ២២ ឆ្នាំ នឹងទៅចូលរួមប្រកួតពានរង្វាន់ក្រៅផ្លូវការមួយនៅប្រទេសមីយ៉ាន់ម៉ា តាមការអញ្ជើញរបស់ម្ចាស់ផ្ទះមីយ៉ាន់ម៉ា ជាមួយប្រទេស ២ ផ្សេងទៀតចូលរួមប្រកួតផងដែរ។

ប្រភពដដែលបានបង្ហាញថាពានរង្វាន់ក្រៅផ្លូវការនេះមានឈ្មោះថា «KBZ Bank Invitation Cup Myanmar 2017» មានការចូលរួមពីប្រទេសទាំងអស់ចំនួន ៤ រួមមាន ម្ចាស់ផ្ទះ U-22 មីយ៉ាន់ម៉ា, U-22 កម្ពុជា, U-22 កោះហុងកុង និង U-20 ជប៉ុន (ជម្រើសសាកលវិទ្យាល័យ) ដោយការប្រកួតគ្រោងនឹងចាប់ផ្ដើមពីថ្ងៃទី ២៨ ខែ មិថុនា រហូតដល់ថ្ងៃទី ០២ ខែ កក្កដា ឆ្នាំ ២០១៧។

យ៉ាងណាមិញនៅមិនទាន់មានការអះអាងជាផ្លូវការពីសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ជុំវិញការចូលរួមប្រកួតពានរង្វាន់នេះនៅឡើយទេ ខណៈនៅអំឡុងចុងខែមិថុនា ផងដែរនោះ កម្ពុជា នឹងត្រូវទទួលធ្វើជាម្ចាស់ផ្ទះការប្រកួតពានរង្វាន់ BIDC International Cup ពីថ្ងៃទី ២០ ខែ មិថុនា រហូតដល់ថ្ងៃទី ៣០ ខែ មិថុនា ឆ្នាំ ២០១៧ នេះបើយោងតាមកម្មវិធីប្រកួតប្រចាំឆ្នាំដែលចេញដោយសហព័ន្ធកីឡាបាល់ទាត់កម្ពុជា។

ពានរង្វាន់នេះបង្កើតឡើងដើម្បីជាការត្រៀមប្រកួតនៅក្នុងព្រឹត្តិការណ៍កីឡាប្រចាំតំបន់អាស៊ីអាគ្នេយ៍ SAE Games 2017 លើកទី ២៩ ដែលធ្វើឡើងនៅប្រទេសម៉ាឡេស៊ី នៅខែសីហា ខាងមុខនេះ៕

 

ព័ត៌មានច្បាស់ការ We Are Football នឹងព្យាយាមជម្រាបជូនបន្ថែម៕

 

រូបភាព៖ vtc.vn