អគ្គស្នងការដ្ឋាននគរបាលជាតិ កំពុងសម្លឹងរកមើលកីឡាករបរទេស ១ រូបបន្ថែម ក្រោយការចាកចេញរបស់កីឡាករសញ្ជាតិអាហ្វ្រិកខាងត្បូង

By |

ក្លិបបាល់ទាត់អគ្គស្នងការដ្ឋាននគរបាលជាតិ ហៅកាត់ថា ប៉ូលីស បាននឹងកំពុងសម្លឹងរកមើលកីឡាករបរទេសថ្មី ១ រូបបន្ថែមទៀត ដើម្យកមកបីបំពេញចន្លោះប្រហោង បន្ទាប់ពីការចាកចេញរបស់កីឡាករសញ្ជាតិអាហ្រ្វិកខាងត្បូង Shane Petersen ក្រោយចូលរួមជាមួយក្លិបបាន ២ រដូវកាលរួចមក។

បើតាមការអោយដឹងពី លោក នុត សូនី គ្រូបង្គោលនៃក្លិបអគ្គស្នងការដ្ឋាននគរបាលជាតិផ្ទាល់បានអោយដឹងថា ជាការត្រៀមសម្រាប់ជុំទី ២ នៃលីគកំពូលកម្ពុជា បច្ចុប្បន្នក្លិបកំពុងស្វែងរកកីឡាករបរទេសថ្មី ១ រូបបន្ថែមទៀត ដើម្បីយកមកជំនួសតំណែងម្ចាស់អាវលេខ ៦ ប្រចាំក្លិប គឺកីឡាករ Shane Petersen ដែលត្រូវត្រលប់ទៅប្រទេសកំណើត (អាហ្រ្វិកខាងត្បូង) វិញ ជាមួយនឹងធុរៈចាំបាច់។

លោកបានបន្ថែមថា ក្លិបក៏កំពុងសម្លឹងមើលផងដែរ ដោយកីឡាករបរទេសថ្មីនេះគឺជាសមាជិកដែលកំពុងប្រកបអាជីពនៅក្នុងលីគកំពូលកម្ពុជា រដូវកាល ២០១៧ នេះ។

 

Shane_0104

 

គួរបញ្ជាក់ថា ការចាកចេញនេះគឺជាការបាត់បង់តំណែងខ្សែបម្រើការពារដ៏រឹងមាំ ខណៈកីឡាកររូបនេះបានរួមចមណែកជួយក្លិបអោយរក្សាកៅអីនៅលីគកំពូលកម្ពុជាបានដោយសុវត្ថិភាព ក្រោយចូលរួមជាមួយក្លិបនៅពាក់រដូវកាល ២០១៦ កន្លងទៅ ជាមួយនឹងការបង្ហាញខ្លួនបាន ៧ លើក កីឡាកររូបនេះទាត់បាល់បញ្ចូលទីបាន ១ គ្រាប់ និងបញ្ជូនបាល់អោយមិត្តរួមក្រុមទាត់សម្រេចទី (Assist) បានម្ដងផងដែរ។

រដូវកាល ២០១៧ នេះ Shane Petersen បានបង្ហាញខ្លួនបានទាំង ១១ ប្រកួត ក៏ដូចជាទាត់បញ្ចូលទីបាន ៣ គ្រាប់ផងដែរសម្រាប់ក្រុម និងនាំអោយក្រុមបញ្ចប់ទៅត្រឹមចំណាត់ថ្នាក់លេខ ៧ នៃលីគកំពូលកម្ពុជា ជុំទី១៕