ក្លិបអាសុីអឺរ៉ុប កំពុងតែសម្លឹងរកកីឡាករបរទេសថ្មី ជំនួសកន្លែងកីឡាករ២ដែលចេញទៅព្រះខ័នរាជស្វាយរៀង និងបឹងកេត

By |

ក្លិបបាល់ទាត់អាសុីអឺរ៉ុបយូណាយធីត កំពុងតែធ្វើការតេស្តសមត្ថភាពកីឡាករបរទេសចំនួន ២ ទៅ៣រូប ដោយយកមកជំនួសកន្លែងកីឡាករសំខាន់ ២រូបដែលបានចាកចេញពីក្លិបថ្មីៗនេះ ដោយក្នុងការជ្រើសរើសនេះគឺត្រូវការកីឡាករដែលមានគុណភាពប្រយុទ្ធល្អយ៉ាងតិចម្នាក់ ដើម្បីមកជួយក្រុមដើម្បីធ្វើការពង្រឹងសមត្ថភាពក្រុមក្នុងជុំទី២ បន្តទៀតក្នុងការរក្សាខ្លួននៅក្នុងលីគកំពូលកម្ពុជារដូវកាលក្រោយទៀត។

គ្រូបង្វឹកលោក សុក វាសនា បានប្រាប់ឲ្យដឹងថា៖« យើងកំពុងតែធ្វើតេស្តសាកល្បងកីឡាករបរទេសថ្មី ប៉ុន្តែយើងមិនទាន់សម្រេចថានឹងត្រូវយកមួយណានោះទេដោយចាំមើលការប្រកួតសាកល្បងជាមួយក្រសួងការពារជាតិថ្ងៃនេះសិន ដើម្បីសម្រេចថាជ្រើសយកអ្នកណាមកបំពេញបន្ថែម និងពង្រឹងសមត្ថភាពក្នុងក្រុម វាពិបាកបន្តិចក្នុងការរកកីឡាករខ្មែរមកចូលរួមជាមួយក្រុមដោយសារធនធានកីឡាករ និងកញ្ចប់ថវិការក្នុងក្រុមមានកំណត់ផងដែរ ចំណែកក្នុងការចាកចេញរបស់កីឡាករល្អៗដែលបានជួយក្រុមនោះគឺយើងបើកទូលាយដល់ពួកគេ ខណៈទីផ្សារដោះដូរកីឡាករក៏ខិតជិតនិងបិតទ្វារដូច្នេះសម្រាប់ក្រុមមានភាពពិបាកបន្តិចក្នុងការជ្រើសយកកីឡាករដែលមានសមត្ថភាពមកជួយក្នុងក្រុមផងដែរ ក្នុងការជ្រើសរើសនេះយើងត្រូវការកីឡាករដែលមានគុណភាពប្រយុទ្ធល្អយ៉ាងតិចម្នាក់ដើម្បីមកជួយក្រុមរបស់យើង»។

អតីតគ្រូឈុតយុវជនរបស់ព្រះខ័នរាជស្វាយរៀង បានបន្ថែមទៀតថា៖« ក្រោយពីការចាកចេញរបស់ Bisan George និង Gbenga Samuel Ajayi ដែលជាកីឡាករមានសមត្ថភាពខ្ពស់ក្នុងក្រុម គឺវាតែងតែប៉ះពាល់ហើយដោយពួកគេធ្វើបានល្អនៅតំបន់ប្រយុទ្ធ ប៉ុន្តែដោយសារកុងត្រាមានលក្ខខណ្ឌដូច្នេះហើយទើបកីឡាករល្អៗគេគ្រាន់តែមកជួយដើម្បីរក្សា និងបង្ហាញទម្រង់លេងឲ្យក្លិបធំៗគេចាប់អារម្មណ៍ចង់បានតែប៉ុណ្ណោះ»។

គួរបញ្ជាក់ផងដែរថា កីឡាករ Bisan George បានរួមរស់ជាមួយ អាស៊ីអឺរ៉ុបយូណាយធីត តាំងពីដើមរដូវកាលមក ជាមួយនឹងការបង្ហាញខ្លួនបានចំនួន ១១ ដង និងទាត់បញ្ចូលទីបាន ៧ គ្រាប់ និងបញ្ជូនបាល់អោយមិត្តរួមក្រុមទាត់សម្រេចទី (Assist) បាន ២ ដង កីឡាករ Gbenga Samuel រកបាន៤គ្រាប់ជាប់គ្នាចំណោម៤ប្រកួតចុងក្រោយ នឹងបញ្ចូនបាល់អោយមិត្តរួមក្រុមទាត់បញ្ចូលទីចំនួន៦លើកផងដែរ ដោយក្លិបអាសុីអឺរ៉ុបយូណាយធីត កំពុងតែស្ថិតនៅចំណាត់ថ្នាក់លេខ ១០ ដោយប្រកួតបាន ១១ ដងក្នុងនោះឈ្នះ ៣ ដង ស្មើម្ដង និងចាញ់ ៧ ដង ដោយកំពុងមាន ១០ពិន្ទុនៅក្នុងដៃ៕