លោក Inoue Kazunori ចង់អោយយុវជនកម្ពុជាខ្លាំងដល់កម្រិតប្រទេសជប៉ុន

By |

«អ្វីដែលខ្ញុំប្រៀបធៀបរាល់ថ្ងៃ គឺប្រៀបធៀបទៅនឹងកម្រិតយុវជនដែលនៅខាង ព្រោះក្រុមជប៉ុនគឺជាក្រុមដែលយើងទទួលស្គាល់ថាខ្លាំង អច្ចឹងខ្ញុំចង់អោយកម្រិតរបស់កម្ពុជា គឺរហូតទៅកម្រិតនឹងប្រទេសជប៉ុន អច្ចឹងបានជាខ្ញុំប្រៀបធៀបជាមួយក្រុមជប៉ុន» សម្ដី លោក Inoue Kazunori គ្រូបង្គោលនៃក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម ១៧ ឆ្នាំ។

ការណ៍ឆ្លើយតបបែបនេះគឺបន្ទាប់ពីមានសំណួរដែលចោទសួរ អំពីការត្រៀមបែបណាបន្តទៀតនៅពេលប្រកួតជាមួយយុវជននៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ក្នុងពានរង្វាន់ផ្លូវការដែលគ្រោងនឹងចាប់ផ្ដើមនាពេលដ៏ខ្លីខាងមុខនេះ គ្រូបង្វឹកសញ្ជាតិជប៉ុន រូបនេះបានឆ្លងឆ្លើយយ៉ាងដូច្នេះថា៖ «តាំងពីខ្ញុំមកដល់ខ្មែរមក ខ្ញុំអត់ទាន់ច្បាស់លាស់ថាប្រទេសមួយណាដែលខ្លាំង ប្រទេសមួយណាដែលខ្សោយនៅក្នុងតំបន់អាស៊ាននៅឡើយទេ អ្វីដែលខ្ញុំប្រៀបធៀបរាល់ថ្ងៃ គឺប្រៀបធៀបទៅនឹងកម្រិតយុវជនដែលនៅខាង ព្រោះក្រុមជប៉ុនគឺជាក្រុមដែលយើងទទួលស្គាល់ថាខ្លាំង អច្ចឹងខ្ញុំចង់អោយកម្រិតរបស់កម្ពុជា គឺរហូតទៅកម្រិតនឹងប្រទេសជប៉ុន អច្ចឹងបានជាខ្ញុំប្រៀបធៀបជាមួយក្រុមជប៉ុន»។

គ្រូបង្វឹកដែលដឹកនាំ យុវជនកម្ពុជា អោយទទួលបានចំណាត់ថ្នាក់លេខ ៤ ជាប្រវត្តិសាស្រ្តក្នុងតំបន់អាស៊ីអាគ្នេយ៍រូបនេះ បានបន្ថែមថា លោកមិនអាចនិយាយបានឡើយបើសិនជាអោយប្រៀបធៀបជាមួយប្រទេសនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ប៉ុន្តែលោកបានសម្ដែងការចាប់អារម្មណ៍ថាកូនក្រុមរបស់លោកមានការរីកចម្រើន ជាការផ្ដោតសំខាន់គឺ លោកចង់អោយយុវជនកម្ពុជាខ្លាំងដល់កម្រិតប្រទេសជប៉ុន។

គួរបញ្ជាក់ថា គិតចាប់តាំងឆ្នាំ ២០១៦ មក គឺរយៈពេល ១ ឆ្នាំកន្លះហើយដែល លោក Inoue Kazunori ចូលមកកាន់តំណែងជំនួស លោក Yusuke Iki។ រយៈពេល១ ឆ្នាំកន្លះមកនេះ លោកធ្លាប់បានដឹកនាំក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម ១៦ ឆ្នាំ ទទួលបានចំណាត់ថ្នាក់លេខ ៤ ក្នុងពានរង្វាន់ជើងឯកយុវជនប្រចាំតំបន់អាស៊ីអាគ្នេយ៍ AFF U-16 Championship 2016 ដែលជាប្រវត្តិសាស្រ្តសម្រាប់កម្ពុជា រួមទាំងរូបលោកផ្ទាល់ទទួលបានពានរង្វាន់ជាគ្រូបង្វឹកឆ្នើមប្រចាំព្រឹត្តិការណ៍នេះផងដែរ៕