លោក មាស ចាន់ណា មិនបារម្ភកីឡាកររបស់បឹងកេត ប៉ុន្តែបារម្ភកីឡាកររបស់ខ្លួនជាង មុនជួបគ្នានៅចុងសប្ដាហ៍នេះ

By |

នៅថ្ងៃសៅរ៍ ទី ២៩ ខែ កក្កដា ឆ្នាំ ២០១៧ នេះ ការប្រកួតលីគកំពូលកម្ពុជា នឹងត្រលប់មកវិញជាមួយនឹងការប្រកួតនៅក្នុងសប្ដាហ៍ទី ១៤ ដោយមានគូពិសេសផងដែរ ពោលគឺ ណាហ្គាវើល ត្រូវជួបប្រកួតជាមួយ បឹងកេត នៅលើវាស្មៅសិប្បន្និមិត្តនៃពហុកីឡដ្ឋានជាតិ។

នៅមុនការប្រកួតមកដល់ លោក មាស ចាន់ណា គ្រូបង្វឹកនៃក្លិបណាហ្គាវើល បានលើកឡើងថា លោកមិនបារម្ភអំពីកីឡាកររបស់បឹងកេតឡើយ ប៉ុន្តែលោកបារម្ភពីកីឡាកររបស់ខ្លួនជាង សម្រាប់នៅចុងសប្ដាហ៍នេះ។

ថ្លែងកិច្ចសម្ភាសន៍ លោក មាស ចាន់ណា បានលើកឡើងយ៉ាងដូច្នេះថា៖ «អ្វីដែលជាក្ដីបារម្ភរបស់ខ្ញុំ ខ្ញុំដូចជាមិនមានក្ដីបារម្ភថាបឹងកេតជាក្រុមខ្លាំងទេ សំខាន់ខ្ញុំបារម្ភបំផុតនោះគឺបារម្ភកីឡាកររបស់ខ្ញុំគ្មានទំនុកចិត្ត ទី១ ទី២ ខ្ញុំបារម្ភខ្លាចកីឡាកររបស់ខ្ញុំបាត់បង់ភាពយកចិត្តទុកដាក់ និងផ្ចិតផ្ចង់ តែប៉ុណ្ណឹងទេ ចំពោះក្រុមគេខ្ញុំអត់ខ្វល់ អត់បារម្ភទេ ខ្ញុំបារម្ភតែខ្លួនឯង ថាតើខ្លួនឯងមានទំនុកចិត្តឬអត់»។

រំលឹកទៅលទ្ធផល កាលពីជើងទី១ នៅក្នុងពានរង្វាន់លីគកំពូលកម្ពុជា ជំនួបរវាងក្រុមទាំង ២ គឺបានបញ្ចប់ទៅដោយ  បឹងកេត យកឈ្នះ ណាហ្គាវើល ដោយលទ្ធផល ១ទល់២ ខណៈនៅក្នុងការប្រកួត បឹងកេត បានបើកការនាំមុខមុននៅក្នុងវគ្គទី ១ ដែលធ្វើបានសម្រេចដោយកីឡាករ Omogba នៅនាទី ៣៥ រហូតចូលដល់វគ្គទី ២ បាន ៨ នាទី ទើបណាហ្គាវើល អាចរកគ្រាប់បាល់តាមស្មើវិញ ដែលធ្វើបានសម្រេចនៅនាទី ៥៣ ទាត់ចូលទីដោយកីឡាករ Kipson ប៉ុន្តែរំលងបាន ៣ នាទី បឹងកេត បាននាំមុខសារជាថ្មី ជាទាត់បាល់បញ្ចូលទីដោយកីឡាករ Maycon Silva នៅនាទី ៥៦ និងជាគ្រាប់ជ័យជម្នះផ្ទាល់តែម្ដង៕