SEA Games៖ ក្រុមហ៊ុនមួយនឹងឧបត្ថម្ភក្រុម U22កម្ពុជា ចំនួន ២២០ លានរៀល បើសិនជាបានឡើងដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ

By |

ក្រុមហ៊ុន Clear ដែលជាដៃគូឧបត្ថម្ភសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានប្រកាសថានឹងផ្ដល់ប្រាក់លើកទឹកចិត្តចំនួន ២២០ លានរៀល ដល់ក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម ២២ ឆ្នាំ បើសិនជាក្រុមអាចឡើងទៅដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនៃព្រឹត្តិការណ៍កីឡាប្រចាំតំបន់អាស៊ីអាគ្នេយ៍ SEA Games 2017 នៅប្រទេសម៉ាឡេស៊ី។

យោងលើការប្រកាសនៅក្នុងសន្និសិទសារពត៌មាន មុនចេញទៅធ្វើដំណើទៅចូលរួមប្រកួតនៅក្នុងការប្រកួតកីឡា SEA Games លើកទី២៩ តំណាងក្រុមហ៊ុន Clear បានប្រកាសនៅចំពោះមុខក្រុមជម្រើសជាតិអាយុក្រោម ២២ ឆ្នាំកម្ពុជា ថានឹងផ្ដល់ប្រាក់លើកទឹកចិត្តចំនួន ២២០ លានរៀល ស្មើឬប្រហាក់ប្រហែល ៥៥,០០០ ដូល្លារអាមេរិក ចំពោះតែករណីក្រុមបានឡើងទៅដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។

គួរបញ្ជាក់ថា ជម្រើសជាតិកម្ពុជាអាយុក្រោម ២២ ឆ្នាំ នឹងត្រូវចូលរួមប្រកួតពានរង្វាន់ផ្លូវការ SEA Games 2017 ដែលធ្វើឡើងនៅប្រទេសម៉ាឡេស៊ី ដោយកម្ពុជាស្ថិតនៅពូល B ជាមួយ U-22 ថៃ, វៀតណាម, ឥណ្ឌូនេស៊ី, ទីម័រខាងកើត និងហ្វីលីពីន នឹងគ្រោងចេញដំណើរនៅព្រឹកថ្ងៃទី ១២ ខែ សីហា ស្អែកនេះ។

ការប្រកួតបើកឆាកគ្រោងធ្វើឡើងនៅថ្ងៃទី ១៥ ខែ សីហា ឆ្នាំ ២០១៧ ខាងមុខនេះ ដោយក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម ២២ ឆ្នាំ នឹងត្រូវប្រកួតជាមួយ ក្រុមបាល់ទាត់ជម្រើសជាតិហ្វីលីពីន អាយុក្រោម ២២ ឆ្នាំ នៅវេលាម៉ោង ៧:៤៥ នាទីល្ងាច ម៉ោងនៅប្រទេសកម្ពុជា នៅកីឡដ្ឋាន Majlis Perbandaran Selayang Stadium៕