ពានរង្វាន់ AEON Youth League 2017 រកឃើញក្រុមម្ចាស់ជើងឯក និងកីឡាករ Top Scorer ទាំង ៥គ្រប់កម្រិតហើយ

By |

ពានរង្វាន់យុវជនអុីអ៊ន ២០១៧ ( AEON Youth League 2017 ) ដែលសហការជាមួយភ្នំពេញក្រោន បានស្វែងរកម្ចាស់ជើងឯកទាំង ៥កម្រិតរួមមានអាយុក្រោម១៧ឆ្នាំ (មាន២កម្មវិធី កម្រិតទី១ និងកម្រិតទី២) អាយុក្រោម១៥ឆ្នាំ, ១៣ឆ្នាំ, ១១ឆ្នាំ ខណៈផ្នែកនារីមិនមានការប្រកួតនោះទេ ដែលកម្មវិធីនេះបានដំណើរការអស់រយៈពេល ១១សប្តាហ៍មកហើយ ដោយការប្រកួតទាំងអស់ត្រូវបានធ្វើឡើងនៅលើវាលស្មៅនៃកីឡដ្ឋាន RSN ទាំងនៅលើទីលានហ្វឹកហាត់ និងទីលានហ្វូតសាល។

ខាងក្រោមនេះជាលទ្ធផលនៃការប្រកួតរបស់ពានរង្វាន់ AEON Youth League 2017 ក្នុងសប្តាហ៍ផ្ដាច់ព្រ័ត្រ៖

Result AEON League Final

-ក្រុមជើងឯក និងកីឡាករទាត់បញ្ចូលទីច្រើនជាងគេ ( Top Scorer )ទាំង ៥កម្រិតនៃពានរង្វាន់ AEON Youth League 2017៖

U-17 យុវជនសម្ព័ន្ធ, U-17 ស្គន់, U-15 ក្រសួងការពារជាតិ, U-13 ដំបូកខ្ពស់ និងU-11 CMYA FC ដែលបានក្លាយជាម្ចាស់ជើងឯកទាំង ៥កម្រិតនៃពានរង្វាន់ AEON Yuoth League 2017 ក្រោយពីបានធ្វើការប្រកួតប្រជែងគ្នាចំនួន ១១សប្តាហ៍មក ដើម្បីដណ្តើមគ្នាក្លាយជាម្ចាស់ជើងឯកក្នុងពានរង្វាន់មួយនេះ។

*ក្រុមជើងឯកយុវជនអាយុក្រោម ១៧ឆ្នាំកម្រិតទី១ ( U-17 Premier ) នៃពានរង្វាន់ AEON Youth League 2017៖

U-17 យុវជនសម្ព័ន្ធ បានក្លាយជាម្ចាស់ជើងឯកអាយុក្រោម ១៧ឆ្នាំកម្រិតទី១ (U-17 Premier) បើទោះបីជាសប្តាហ៍ទី ១១របស់ខ្លួនបានត្រឹមស្មើ ២ទល់២ ជាមួយក្រុមឈូក (ខេត្តកំពត) ដោយមាន ១៧ពិន្ទុ បានប្រកួតចំនួន ៧លើកក្នុងនោះឈ្នះ ៥ ដងស្មើ ២ ដង និងមិនដែលចាញ់នោះទេ។

*ក្រុមជើងឯកយុវជនអាយុក្រោម ១៧ឆ្នាំកម្រិតទី២ ( U-17 Challenge ) នៃពានរង្វាន់ AEON Youth League 2017៖

U-17 ស្គន់ ដែលបានក្លាយជាម្ចាស់ជើងអាយុក្រោម ១៧ឆ្នាំកម្រិតទី២ (U-17 Challenge) តាំងពីសប្តាហ៍ទី ១០មកម្លេះ ដោយបានយកឈ្នះលើ ក្រុម CDC FT ក្នុងលទ្ធផល ៣ទល់០ ដែលបានធ្វើការប្រកួតចំនួន ៥ដងក្នុងនោះឈ្នះ ៤ ដង ស្មើគ្នាម្ដង និងមិនដែលចាញ់ មាន ១៣ពិន្ទុ ខណៈនៅក្នុងសប្តាហ៍ចុងក្រោយមិនមានការប្រកួតនោះទេ។

*ក្រុមជើងឯកយុវជនអាយុក្រោម ១៥ឆ្នាំនៃពានរង្វាន់ AEON Youth League 2017៖ 

U-15 ក្រសួងការពារជាតិ បានក្លាយជាម្ចាស់ជើងឯកអាយុក្រោម ១៥ឆ្នាំ ក្រោយនៅក្នុងសប្តាហ៍ទី ១១នេះបានយកឈ្នះលើក្រុមលេខ ២ CMYA FC ដោយលទ្ធផល ៤ទល់៣ ដោយមាន ២៤ពិន្ទុ ធ្វើការប្រកួតបានចំនួន ៨លើកក្នុងនោះឈ្នះទាំង ៨លើក មិនដែលស្មើនិងចាញ់នោះទេ។

*ក្រុមជើងឯកយុវជនអាយុក្រោម ១៣ឆ្នាំ នៃពានរង្វាន់ AEON Youth League 2017៖

U-13 ដំបូកខ្ពស់ បានក្លាយជាម្ចាស់ជើងឯកអាយុក្រោម ១៣ឆ្នាំ ក្រោយយកបំបាក់ក្រុមយុវជនអាយុក្រោម ១២ឆ្នាំរបស់ភ្នំពេញក្រោន ក្នុងលទ្ធផល ១៣ទល់០ ដោយបានធ្វើការប្រកួតចំនួន ៥ដងក្នុងនោះឈ្នះទាំង ៥ដងផងដែរ មិនដែលស្មើនិងចាញ់ មានចំនួន ១៥ពិន្ទុក្នុងសប្តាហ៍ផ្ដាច់ព្រ័ត្រនេះ។

*ក្រុមជើងឯកយុវជនអាយុក្រោម ១១ឆ្នាំ នៃពានរង្វាន់ AEON Youth League 2017៖

U-11 CMYA FC បានក្លាយជាម្ចាស់ជើងឯកអាយុក្រោម ១១ឆ្នាំ ក្រោយយកឈ្នះទាំងប្រផិតប្រផើយក្នុងលទ្ធផល ៤ទល់៣ ដោយបានធ្វើការប្រកួតចំនួន ៥ដងក្នុងនោះឈ្នះទាំង ៥ដង មិនដែលស្មើនិងចាញ់នោះទេ មាន ១៥ពិន្ទុផងដែរ។

-កីឡាករដែលទាត់បញ្ចូលទីច្រើនជាងគេទាំង ៥កម្រិតនៅក្នុងពានរង្វាន់ AEON Youth League 2017៖

Top Scorer AEON League

សូមរំលឹកផងដែរថា ពានរង្វាន់មួយនេះ ទើបតែបង្កើតឡើងនៅក្នុងឆ្នាំ ២០១៧នេះដែលបានសហការជាមួយក្លិបបាល់ទាត់ភ្នំពេញ នេះជាលើកដំបូងរបស់ខ្លួនហើយដោយមានក្រុមចុះឈ្មោះចូលរួមចំនួន ៣៧ ត្រូវបានបែងចែកជា ៦ កម្រិតរួមមាន អាយុក្រោម១៧ឆ្នាំ (មាន២កម្មវិធី កម្រិតទី១ និងកម្រិតទី២) អាយុក្រោម១៥ឆ្នាំ, ១៣ឆ្នាំ, ១១ឆ្នាំ និងផ្នែកនារី ប៉ុន្តែសម្រាប់ផ្នែកនារី មិនមានការប្រកួតនោះឡើយ៕

រូបភាព៖ ក្លិបបាល់ទាត់ភ្នំពេញក្រោន