ហេតុផលដែល លោក Leonardo Vitorino ផ្លាស់ប្ដូរ ធារី ចន្ថាប៊ីន ចេញតាំងពីនាទី៦២

By |

ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា បានចាញ់ក្រុមភ្ញៀវ ជម្រើសជាតិវៀតណាម ដោយលទ្ធផល ១ទល់២ នៅពហុកីឡដ្ឋានជាតិ ក្នុងរាជធានីភ្នំពេញ នាល្ងាចថ្ងៃទី ០៥ ខែ កញ្ញា ឆ្នាំ ២០១៧ ម្សិលមិញនេះ នៅក្នុងការប្រកួតជើងឯកទ្វីបអាស៊ី AFC Asain Cup UAE 2019 វគ្គជម្រុះជុំចុងក្រោយ ប្រចាំពូល C។

ជាការកត់សម្គាល់នៅក្នុងការប្រកួតនេះ លោក Leonardo Vitorino បានធ្វើការផ្លាស់ប្ដូរ កីឡាករ ធារី ចន្ថាប៊ីន ក្នុងគ្រាដែលកីឡាកររូបនេះបានបំពេញតួនាទីជាកម្លាំងស្នូលនៅតំបន់កណ្ដាលសម្រាប់ក្រុម។

បែបនេះក្ដី លោក Leonardo Vitorino គ្រូបង្វឹកនៃក្រុមជម្រើសជាតិកម្ពុជាបានបង្ហើបប្រាប់ពីមូលហេតុនៃការផ្លាស់ប្ដូរយ៉ាងដូច្នេះថា៖ «ខ្ញុំគិតថា យើងផ្លាស់ប្ដូរ ធារី ដោយសារយើងមានជម្រើស ២ រវាងធារី ជាមួយ ឧត្តម។ ពួកគេទាំងពីរសុទ្ធតែទទួលបានកាតលឿងដូចគ្នា កីឡាករបាននិយាយប្រាប់ខ្ញុំហើយ បើសិនជាមានកំហុសលើកក្រោយអាជ្ញាកណ្ដាលនឹងពិន័យកាតក្រហម។ សម្រាប់ ធារី គាត់លេងតំណែងការពារច្រើន ហើយយើងត្រូវការការប្រយុទ្ធ ហេតុដូចនេះហើយទើបបានជាយើងរក្សា ឧត្តម និងផ្លាស់ប្ដូរ ធារី ចេញ»។

គួរបញ្ជាក់ថា ធារី ចន្ថាប៊ីន ត្រូវបានផ្លាស់ប្ដូរចេញតាំងពីនាទី៦២ ជំនួសដោយកីឡារ សុះ សូហាណា នៃវគ្គទី២ ខណៈកីឡាកររូបនេះ បានទទួលកាតលឿងនានាទី៥៦ ខណៈកីឡាករ ២ រូបដែលត្រូវបានផ្លាស់ប្ដូរចូលផងដែរ រួមមាន កីឡាករ អ៊ិន សូដាវីដ ជំនួសអោយកីឡាករ ទិត្យ ឌីណា នានាទី៨៥ ស្របពេលដែលកីឡាករផ្លាស់ប្ដូរចុងក្រោយ គឺ ប្រាក់ ធីវ៉ា ប្ដូរចូលជំនួស ឃួន ឡាបូរ៉ាវី នៅនាទី៨៧៕