AFC Asian Cup៖ គ្រូបង្វឹកវៀតណាម ថាឈ្នះកម្ពុជា ទាំងស្ថានភាពតានតឹង ជាមួយផលលំបាកមួយចំនួន

By |

ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា បានចាញ់ក្រុមភ្ញៀវ ជម្រើសជាតិវៀតណាម ដោយលទ្ធផល ១ទល់២ នៅពហុកីឡដ្ឋានជាតិ ក្នុងរាជធានីភ្នំពេញ នាល្ងាចថ្ងៃទី ០៥ ខែ កញ្ញា ឆ្នាំ ២០១៧ ម្សិលមិញនេះ នៅក្នុងការប្រកួតជើងឯកទ្វីបអាស៊ី AFC Asain Cup UAE 2019 វគ្គជម្រុះជុំចុងក្រោយ ប្រចាំពូល C។

ជាមួយគ្នានោះនៅក្នុងបន្ទប់សារព័ត៌មានគ្រូបង្វឹកបណ្តោះអាសន្នក្រុមជម្រើសជាតិវៀតណាម លោក Mai Duc Chung ថាជាការប្រកួតមួយដ៏តានតឹង ខណៈមានផលលំបាកមួយចំនួនក្នុងការឈ្នះក្រុមម្ចាស់ផ្ទះកម្ពុជា។

« វាពិតជាការប្រកួតដ៏តានតឹង បូករួមផលលំបាកមួយចំនួន។ ទី១នោះគឺ ទីលាន បន្ទាប់មកគឺយើងលេងនៅក្រោមសម្ពាធរបស់អ្នកគាំទ្រជាច្រើនរបស់ក្រុមម្ចាស់ផ្ទះ ស្របពេលកីឡាករ៥នាក់របស់យើងពិតជាធ្វើបានល្អសម្រាប់ការប្រកួតថ្ងៃនេះ។ យ៉ាងណាក៏សូមអរគុណដល់កីឡាកររបស់យើងដែលធ្វើបានល្អសម្រាប់ការប្រកួតនេះ»។ សម្តីរបស់ Duc Chung។

គ្រូបង្វឹកទើបជួយអោយក្រុមជម្រើសជាតិនារីវៀតណាម ឈ្នះមេដាយមាស នៅព្រឹត្តិការណ៍កីឡា SEA Games 29th 2017 ក៏បានបន្ថែមអំពីចំណុចខ្សោយរបស់ក្រុមជម្រើសជាតិកម្ពុជា ដែលលោកចាំបាច់នៅប្រព័ន្ធលេង « ពោលគឺខ្សែការពារស្តាំរបស់កម្ពុជា ( ឈិន ឈឿន ) ដែលចូលចិត្តឡើងគាំទ្រនៅតំបន់ប្រយុទ្ធជាហេតុធ្វើអោយកីឡាករលេខ៦ ( VU MINH TUAN ) អាចជ្រៀតចូលបាន »។

« មួយវិញទៀតនៅពេលប្រយុទ្ធកម្ពុជា តែងតែលេងប្រព័ន្ធ ៤-២-៤ ជាហេតុធ្វើអោយមានចន្លោះនៅតំបន់កណ្តាល។ កម្ពុជា ក៏បានប្រែដោយលេងបាល់លើ ពេលនោះខ្ញុំបានប្រាប់កូនក្រុមប្រុងប្រយ័ត្នថាពូកគេលេងបាល់លើហើយ»៕