គ្រូបង្វឹក វេស្ទើនភ្នំពេញ រំពឹងនឹងទទួលលទ្ធផលល្អពេលប៉ះ បឹងកេត ក្នុងជំនួបសប្តាហ៍ទី ១៥នៃពានលីគកំពូលកម្ពុជា

By |

នៅរសៀលថ្ងៃ សៅរ៍ ទី ០៩ ខែ កញ្ញា ឆ្នាំ ២០១៧នេះ វេស្ទើនភ្នំពេញ នឹងទទួលស្វារគមន៍ បឹងកេតអេហ្វសុី វេលាម៉ោង ០៣:៣០ នាទី ដែលធ្វើឡើងនៅកីឡដ្ឋាន វេស្ទើន ក្នុងជំនួបសប្តាហ៍ទី ១៥នៃពានរង្វាន់លីគកំពូលកម្ពុជារដូវកាល២០១៧ ក្នុងនោះគ្រូបង្វឹក វេស្ទើនភ្នំពេញ បានលើកឡើងថា យើងសង្ឃឹមថា ពួកយើងនឹងធ្វើឲ្យបានល្អក្នុងជំនួបជាមួយ បឹងកេត នៅក្នុងទឹកដីរបស់យើង ដើម្បីស្វែងរកពិន្ទុបន្ថែម បើទោះជាមិនបាន ៣ពិន្ទុ ក៏បាន ១ពិន្ទុផងដែរ។

លោក ស៊ុំ វណ្ណា គ្រូបង្វឹកក្រុមវេស្ទើនភ្នំពេញ បានលើកឡើងកាលពីជំនួបការប្រកួតឈ្នះសុីម៉ាក់ ២ទល់១នៅសប្តាហ៍ទី ១៤យ៉ាងដូច្នេះថា៖« សម្រាប់ប្រកួតក្រោយ យើងត្រូវប្រកួតជាមួយក្រុមខ្លាំង បឹងកេតអេហ្វសុី នៅក្នុងទឹកដីរបស់យើងដដែល អច្ចឹងខ្ញុំសង្ឃឹមថាកូនក្រុមរបស់ខ្ញុំនិងធ្វើបានល្អតាមដែលអាចធ្វើទៅបានដូចជាការប្រកួតនេះអច្ចឹង ដោយខ្ញុំសង្ឃឹមថា យ៉ាងហោចណាស់ក៏បាន ១ពិន្ទុដែរក្នុងការប្រកួតជាមួយ បឹងកេតដែរ ពីព្រោះអីយើងបានធ្វើការប្រកួតមិត្តភាពជាច្រើនដងផងដែរជាមួយក្រុមនេះ ដោយការប្រកួតចុងក្រោយជាមួយពូកគេ យើងបានទទួលជ័យជម្នះលើ បឹងកេត ក្នុងលទ្ធផល ៣ទល់២ ដែលធ្វើឡើងនៅកីឡដ្ឋានវេស្ទើនភ្នំពេញ ដែលជាទឹកដីរបស់យើងផងដែរ»។

សូមរំលឹកផងដែរ ក្រុមទាំង ២ប្រកួតគ្នាចុងក្រោយក្នុងសប្តាហ៍ទី ៤ បានត្រឹមស្មើគ្នា ៣ទល់៣ នៅទឹកដីក្រុមបឹងកេត ដោយគិតត្រឹមសប្តាហ៍ទី ១៥នេះ វេស្ទើនភ្នំពេញ កំពុងតែស្ថិតនៅចំណាត់ថ្នាក់លេខ ៨ដោយបានប្រកួតចំនួន ១៤ដងក្នុងនោះឈ្នះ ៤ ដងស្មើ ៤ ដងនិងចាញ់ ៦ ដងមាន ១៦ពិន្ទុក្នុងដៃ ខណៈ បឹងកេត កំពុងតែស្ថិតនៅចំណាត់ថ្នាក់លេខ ៥ ដោយប្រកួតបាន ១៤ ដងក្នុងនោះឈ្នះ ៧ ដងស្មើ ៣ ដងនិងចាញ់ ៤ ដងមាន ២៤ពិន្ទុក្នុងដៃផងដែរ៕