Hun Sen Cup៖ បឹងកេត និងប្រើប្រាស់កីឡាករភាគច្រើនជាយុវជនក្នុងជំនួបជាមួយ ឧត្តរមានជ័យ ដោយសារហេតុផលមួយ?

By |

នៅរសៀលថ្ងៃទី ១៣ ខែ កញ្ញា នេះ ក្លិបបាល់ទាត់បឹងកេត នឹងធ្វើការប្រកួតជាមួយ ក្រុមបាល់ទាត់ខេត្តឧត្តរមានជ័យ នាវេលាម៉ោង ០៣:០០ នាទី នៅលើកីឡដ្ឋាន ខេត្តស្ទឹងត្រែង ក្នុងជំនួបជើងទី២ ដំណាក់កាលទី៤ នៃពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ឆ្នាំ២០១៧ ក្នុងនោះគ្រូបង្វឹកបឹងកេតបានលើកឡើងថា ការប្រកួតជាមួយឧត្តរមានជ័យ យើងនិងប្រើប្រាស់កីឡាករភាគច្រើនជាយុវជន ដោយសារយើងធ្វើដំណើរផ្លូវឆ្ងាយ និងចង់ប្រមូលអារម្មណ៍លេងជាមួយក្រសួងការពារជាតិ នៅសប្តាហ៍ក្រោយជាង។

លោក ហៅ សុជាតិ គ្រូបង្វឹកក្លិបបាល់ទាត់បឹងកេតបានលើកឡើងក្រោយឈ្នះវេស្ទើនភ្នំពេញ ៤ទល់០ នៅក្នុងសប្តាហ៍ទី ១៤ យ៉ាងដូច្នេះថា៖« ការប៉ះជាមួយក្រុមជម្រើសខេត្តឧត្តរមានជ័យ គឺខ្ញុំនិងប្រើប្រាស់កីឡាករភាគច្រើនឈុតតូចសម្រាប់ប្រកួតនៅទីនោះ ព្រោះអីខ្ញុំគិតថាឃ្លាតមែន តែសំខាន់បំផុតការធ្វើដំណើររយៈពេលវែងឆ្ងាយ អច្ចឹងខ្ញុំគិតថាកីឡាករសំខាន់ៗយើងអាចរក្សាទុកសម្រាប់ត្រៀមលេងជាមួយក្រសួងការពារជាតិ នៅសប្តាហ៍ក្រោយ ព្រោះឥលូវនេះពិន្ទុរបស់យើងកំពុងប្រដេញគ្នា អច្ចឹងការប្រកួតណាក៏ដោយក៏សំខាន់សម្រាប់ក្រុមខ្ញុំដែរ។ ចំណែកឯ ហេតុផលដែលខ្ញុំចង់ទុកឲ្យកីឡាករសំខាន់ៗបានសម្រាកព្រោះពួកយើងត្រូវធ្វើដំណើរវែងឆ្ងាយ វាអាចប៉ះពាល់ដល់កីឡាករមិនមានពេលសម្រាកគ្រប់គ្រាន់ ព្រោះការប្រកួតគៀកគ្នាពេក ហើយណាមួយក្រុមទ័ព ក៏មិនមែនជាក្រុមអន់នោះទេ ម្យ៉ាងទៀតក្រុមកីឡាករឈុតតូចរបស់ខ្ញុំ ពួកគេអាចលេងបានជាមួយក្រុមឧត្តរមានជ័យ ដោយសារពួកគេតែងតែធ្វើការហ្វឹកហាត់ជាមួយក្រុមឈុតធំជាប្រចាំផងដែរ»។

សូមរំលឹកថា កាលពីជើងទី ១ ម្ចាស់ផ្ទះ ក្រុមបឹងកេត បានលត់យ៉ាងចាស់ដៃលើ ក្រុមឧត្តរមានជ័យ ក្នុងលទ្ធផល ១៤ទល់១ នៅលើពហុកីឡដ្ឋានជាតិ ដោយក្នុងនោះកីឡាករ ឃួន ឡាបូរ៉ាវី រកបាន ៩គ្រាប់ម្នាក់ឯង, កីឡាករ លី ម៉ហ្សាន រកបាន ១គ្រាប់ ខណៈកីឡាករក្មេងៗរបស់បឹងកេត ក៏រកគ្រាប់បាល់បានផងដែរដូចជា កីឡាករ ឱ ភារុណ រកបាន ២គ្រាប់, កីឡាករ ជា វេស្លី និងកីឡាករ សួន សុភក្ត្រា រកបានម្នាក់ ១គ្រាប់ ចំណែកកីឡាករ ណុប រដ្ឋា ជាអ្នកបំបែកសំណាញ់ទីអោយ ឧត្តរមានជ័យ នៅនាទី ៥៦៕