AFC Asian Cup៖ VFF សម្រេចអោយលោក Mai Duc Chung បន្តធ្វើជាគ្រូបង្វឹកបណ្តោះអាសន្នក្រុមជម្រើសជាតិវៀតណាម ពេលជួប កម្ពុជា

By |

សហព័ន្ធកីឡាបាល់ទាត់វៀតណាម ( VFF ) បានសម្រេចយល់ព្រមបន្តអោយលោក Mai Duc Chung បន្តធ្វើជាគ្រូបង្វឹកបណ្តោះអាសន្នក្រុមជម្រើសជាតិវៀតណាម ពេលជួប កម្ពុជា នៅក្នុងវគ្គជម្រុះពានរង្វាន់ AFC Asian Cup 2019។

តាមពិតទៅលោក Chung គ្រាន់តែជាគ្រូបង្វឹកបណ្តោះអាសន្នដោយត្រូវតែងតាំងជំនួសលោក Huu Thang ដែលព្រមលាលែងពីតំណែងដោយសារដឹកនាំក្រុមជម្រើសជាតិវៀតណាមអាយុក្រោម២២ឆ្នាំ ធ្លាក់ត្រឹមវគ្គចែកពូលនៅ SEA Games 2017។

« យើងពុំទាន់ស្វែងរកឃើញគ្រូបង្វឹកសម្រាប់ក្រុមជម្រើសជាតិនៅឡើយនោះទេ មុនពេលការប្រកួតជាមួយ កម្ពុជា មកដល់ » សម្តីរបស់លោក Tran Quoc Tuan អនុប្រធានសហព័ន្ធបាល់ទាត់វៀតណាម។

« ការប្រកួតជើងទី២ជាមួយ កម្ពុជា ពិតជាសំខាន់ និងមានឥទ្ធិពលល្អអាចជួយយើងសម្រាប់វគ្គជម្រុះ AFC Asian Cup 2019។ ការប្រកួតនៅសល់ជាង១ខែ និងយើងមិនទាន់ច្បាស់ថាគ្រូបង្វឹកថ្មីអាចមានពេលគ្រប់គ្រាន់ជាមួយក្រុមនៅឡើយទេ»។

VFF បានដាក់គោលការណ៍យកគ្រូបង្វឹកបរទេសមកដឹកនាំក្រុមជម្រើសជាតិវៀតណាម ខណៈមានបេក្ខភាពជាច្រើនបានដាក់ពាក្យមក ប៉ុន្តែពុំទាន់សម្រេចនៅឡើយទេ។

បញ្ជាក់ថា ការប្រកួតរវាងកម្ពុជា ប៉ះ វៀតណាម ជើងទី២ នឹងធ្វើឡើងនៅថ្ងៃទី ១០ តុលា ឆ្នាំ២០១៧ ដោយប្រើប្រាស់កីឡដ្ឋាន Thong Nhat ស្ថិតនៅទីក្រុងហូជីមិញ៕