លោក មាស ចាន់ណា ក្រោយដឹកនាំក្រុមបន្តឈរនៅលេខ ២ បណ្ដោះអាសន្ននៃតារាងចំណាត់ថ្នាក់លីគកំពូលកម្ពុជា

By |

ណាហ្គាវើល បានបន្តរក្សាការឈ្នះជាលើកទី ២ បន្តទៀតបន្ទាប់ពីលីគត្រលប់មកវិញបាន ២ សប្ដាហ៍ នៅក្នុងការប្រកួតសប្ដាហ៍ទី១៦ ដោយបានយកឈ្នះ អគ្គិសនីកម្ពុជា ដោយលទ្ធផល ៣ទល់០ កាលពីល្ងាចថ្ងៃទី ១៦ ខែ កញ្ញា ឆ្នាំ ២០១៧ កន្លងទៅ។ ជាមួយនឹងលទ្ធផលឈ្នះនេះគ្រូបង្វឹកនៃក្លិបណាហ្គាវើល លោក មាស ចាន់ណា បានផ្ដល់ជាមតិខ្លះនៅក្រោយចប់ការប្រកួតជាមួយអ្នកសារព័ត៌មាន ដូចខាងក្រោម។

– ជុំវិញការប្រកួត៖

នៅតង់ទី១ តឹងតែងមែនទែនថ្ងៃនេះ ដោយសារឱកាសសឹងតែថា ៥០/៥០ ទាំងសងខាង ដល់ពេលនៅតង់ទី២ យើងធ្វើបានល្អដោយសារទាក់ទង់នឹងកម្លាំងរបស់យើង យើងមើលទៅកម្លាំងយើងលើជាង បើគិតតែការលេងគឺសឹងប្រហាក់ប្រហែលគ្នា តែយើងលើដោយសារកម្លាំង និងចុងក្រោយចុងម៉ោងយើងទាត់ចូល៣គ្រាប់។

– ជុំវិញការប្រកួតប្រែប្រួលនៅពេលផ្លាស់ប្ដូរកីឡាករ សួង វីរៈ ចូល៖

ខ្ញុំគិតថានៅតំបន់ខាងឆ្វេង មានបញ្ហាទាក់ទង់ទៅនឹងកម្លាំង ហើយទាក់ទងនឹងការឆក់យកបាល់ ការឆក់យកបាល់ពីក្រុមគេ គេព្យាយាមឆក់ដណ្ដើមបាល់ អច្ចឹងយើងនិយាយពី វីរៈ ការគ្រប់គ្រងបាល់នៅក្នុងជើងគាត់ល្អ អច្ចឹងគាត់មានឱកាសនឹងទប់ហើយគាត់ទាញ ហើយគាត់អោយ អច្ចឹងវាជាឱកាសនៅក្នុងការផ្លាស់ប្ដូរល្បែង។

– ជុំវិញការបន្តឈរនៅលេខ ២ នៃតារាងចំណាត់ថ្នាក់ដដែល៖

យើងសប្បាយចិត្តដែលបន្តឈរនៅលេខ ២។ យើងមិនដឹងថាដល់ណាទៀតទេ ប៉ុន្តែក្នុងចន្លោះសប្ដាហ៍នឹងយើងឈរបានលេខ ២ យើងសម្រាករហូតដល់ ២សប្ដាហ៍ ៣សប្ដាហ៍ ទើបត្រលប់មកប្រកួតទៀត អច្ចឹងក៏ល្អម៉្យាងដែរ ទក់ទងនៅថ្ងៃនេះយើងទើបតែលេងឈ្នះទ័ព ៣ទល់០ ហើយកាលប៉ះ ស្វាយរៀង យើងលេងអត់ល្អសោះ និងថ្ងៃនេះតង់ទី១ ក៏យើងធ្វើអត់បានល្អដែរ យើងចាប់ផ្ដើមល្អនៅតង់ទី២ យើងចង់អោយបានឱកាសសម្រាកបែបនេះក៏ល្អដែរ ដើម្បីរៀបចំនូវអ្វីដែលខ្វះខាតបន្តទៀត ព្រោះឥលូវយើងក៏មានចំនុចខ្វះខាតច្រើនដែរ។

 

គិតត្រឹមសប្ដាហ៍ទី ១៦ នេះ ក្រោយទទួលលទ្ធផលឈ្នះបន្តទៀត ណាហ្គាវើល បានបន្តឈរចំណាត់ថ្នាក់លេខ ២ ជាបណ្ដោះអាសន្នដដែល មាន៣២ពិន្ទុក្នុងដៃ និងតាមពីក្រោយ ព្រះខ័នរាជស្វាយរៀង ដែលឈរនៅលេខ១ ចំនួន៥ពិន្ទុ និងនាំមុខក្រុមលេខ ៣ ភ្នំពេញក្រោន តែ១ពិន្ទុប៉ុណ្ណោះ៕