ចាន់ វឌ្ឍនាកា រង់ចាំជួបយុវជន ភាព ចាន់ដេវីត មុនឡើងមកកម្ពុជានៅថ្ងៃទី០១ ខែតុលា ដើម្បីចូលរួមជាមួយក្រុមជម្រើសជាតិ

By |

កីឡាករ ចាន់ វឌ្ឍនាកា សមាជិកនៃក្លិប Fujieda MYFC ដែលកំពុងប្រកបអាជីពនៅលីគលំដាប់ទី ៣ ជប៉ុន បាននឹងកំពុងរង់ចាំ កីឡាករវ័យ១៣ឆ្នាំ ទើបតែចុះកិច្ចសន្យារបស់ក្លិបខេមបូឌានថាយហ្គឺរ ភាព ចាន់ដេវីត មុននឹងឡើងមកកម្ពុជា ដើម្បីចូលរួមជាមួយក្រុមជម្រើសជាតិ នៅថ្ងៃទី០១ ខែតុលា ខាងមុខនេះ។

ឆ្លើយឆ្លងពីប្រទេសជប៉ុន ចាន់ វឌ្ឍនាកា បានថ្លែងថា ខ្លួននឹងត្រូវរង់ចាំជួបជាមួយ កីឡាករវ័យក្មេងរបស់ក្លិបខេមបូឌានថាយហ្គឺរ ភាព ចាន់ដេវីត នៅថ្ងៃទី ២៩ ខែ កញ្ញា នេះ នៅទីក្រុង Fujieda ប្រទេសជប៉ុនផ្ទាល់។

ក្រោយការជួបជាមួយ ភាព ចាន់ដេវីត នេះរួច កីឡាករ ចាន់ វឌ្ឍនាកា ដែលត្រូវបាន លោក Leonardo Vitorino កោះហៅចូលក្រុមជម្រើសជាតិកម្ពុជានោះ នឹងធ្វើដំណើរចេញពីប្រទេសជប៉ុនមកកាន់ប្រទេសកម្ពុជា នៅថ្ងៃទី០១ ខែតុលា ដើម្បីចាប់ផ្ដើមហ្វឹកហាត់ជាមួយក្រុម មុនចេញទៅប្រកួតនៅប្រទេសវៀតណាម។

គួរបញ្ជាក់ថា ចាន់ វឌ្ឍនាកា នឹងត្រូវមានភារកិច្ចជួយក្រុមជម្រើសជាតិកម្ពុជា ក្នុងការប្រកួតជាមួយ ក្រុមជម្រើសជាតិវៀតណាម នៅថ្ងៃទី ១០ ខែ តុលា ខាងមុខនេះ ក្នុងពានរង្វាន់ AFC Asain Cup UAE 2019 វគ្គជម្រុះជុំចុងក្រោយ ប្រចាំពូល C ជើងទី២ នៅប្រទេសវៀតណាម៕