U-19 ចិន នាំកីឡាករមក២៦នាក់ ក្នុងនោះ៣ទៅ៤រូបកំពុងប្រកបអាជីពនៅលីគកំពូលចិន

By |

សម្រាប់ការចូលរួមប្រកួតពានរង្វាន់យុវជនប្រចាំទ្វីបអាស៊ីអាយុក្រោម១៩ឆ្នាំ ( AFC U-19 Championship 2018 ) វគ្គជម្រុះ ប្រចាំពូល G ដែលចាប់ផ្ដើមប្រកួតនៅថ្ងៃនេះ គ្រូបង្គោលចិន លោក Jia Xiuquan បានបង្ហើបថា លោកបាននាំកីឡាករមកចំនួន ២៦ នាក់ ក្នុងនោះ ៣ទៅ៤រូប កំពុងប្រកបអាជីពនៅលីគកំពូលចិន។

ពីបន្ទប់សារពត៌មាន លោក Jia Xiuquan ដែលជាគ្រូបង្គោលនៃក្រុមជម្រើសជាតិចិនអាយុក្រោម១៩ឆ្នាំ បានអោយដឹងថា៖ «យើងបាននាំមកជាមួយកីឡាករចំនួន ២៦ រូប មកកាន់កម្ពុជា សម្រាប់ពានរង្វាន់នេះ ហើយយើងមានកីឡាករ ៣ទៅ៤នាក់ ដែលកំពុងប្រកបអាជីពនៅលីគកំពូលចិន ប៉ុន្តែពួកគេពុំសូវមានឱកាសបង្ហាញខ្លួននៅក្នុងលីគកំពូលឡើយ»។

 

WAF-CHI-U-19-Coach

 

អតីតខ្សែការពារនៃក្រុមជម្រើសជាតិចិន ក្នុងអំឡុង ឆ្នាំ១៩៨៣ដល់ឆ្នាំ១៩៩២ រូបនេះ ក៏បានលើកឡើងអំពីគូប្រកួតកម្ពុជាផងដែរថា លោកក៏មិនដឹងអំពីពត៌មានជុំវិញជម្រើសជាតិកម្ពុជាអាយុក្រោម១៩ឆ្នាំឡើយ ចាប់តាំងពីពេលដែលលោកបានចូលមកដឹកនាំក្រុមនេះ ក្នុងរយៈពេលមិនជាយូរប៉ុន្មានដូចគ្នា ប៉ុន្តែលោកបានសង្គត់ធ្ងន់ថា ក្រុមរបស់លោករៀបចំបានយ៉ាងល្អ។

រំលឹកជាថ្មីថា ការប្រកួតរវាង U-19 ចិន ជាមួយ U-19 កម្ពុជា នឹងធ្វើឡើងនៅកីឡដ្ឋានជាតិ នាវេលាម៉ោង ៦:៣០ នាទីល្ងាច ដោយការប្រកួតនេះក៏នឹងមានការផ្សាយផ្ទាល់តាមរយៈស្ថានីយទូរទស្សន៍ BTV News ផងដែរ៕