គ្រូបង្គោលជម្រើសជាតិមីយ៉ាន់ម៉ា ចង់អោយកីឡាករ គួច សុកុម្ភៈ ទទួលបានលិខិតឆ្លងដែនមីយ៉ាន់ម៉ា

By |

ក្រុមជម្រើសជាតិមីយ៉ាន់ម៉ា បានយកឈ្នះជម្រើសជាតិកម្ពុជា បានសម្រេច ដោយលទ្ធផល ១ទល់២ នៅក្នុងការប្រកួតមិត្តភាពអន្តរជាតិកម្ដៅសាច់ដុំ នៅពហុកីឡដ្ឋានជាតិ នាកណ្ដាលរាជធានីភ្នំពេញ កាលពីយប់ថ្ងៃព្រហស្បតិ៍ ម្សិលមិញ។

ជាមួយនឹងជ័យជម្នះ លោក Gerd Zeise គ្រូបង្វឹកនៃក្រុមជម្រើសជាតិមីយ៉ាន់ម៉ា បាននិយាយនៅក្នុងសន្និសិទសារព័ត៌មានក្រោយការប្រកួតថា៖ «ដូចដែលយើងបាននិយាយហើយ នៅក្នុងសន្និសិទសារពត៌មានតាំងពីមុនការប្រកួត ការប្រកួតថ្ងៃនឹងក្លាយជាការប្រកួតដ៏ល្អសម្រាប់ក្រុមទាំង២ សម្រាប់យើងខ្ញុំអាចនិយាយបានថា នេះគឺជាជ័យដោយសំណាង។ កម្ពុជាគឺជាក្រុមដ៏ល្អ ជាពិសេសប្រធានក្រុមលេខ១០ ខ្ញុំចង់អោយគាត់ទទួលបានលិខិតឆ្លងដែនមីយ៉ាន់ម៉ា ( និយាយបណ្ដើរសើចបណ្ដើរ ) គាត់លេងបានយ៉ាងល្អ កីឡាករបែបនេះយើងកំពុងខ្វះខាតនៅក្នុងក្រុម»។

យ៉ាងណាមិញគ្រូបង្វឹកសញ្ជាតិអាល្លឺម៉ងដដែលរូបនេះបានបន្តជុំវិញការយល់ឃើញពីចំនុចខ្សោយរបស់កម្ពុជាផងដែរថា៖ «ចំនុចខ្សោយរបស់កម្ពុជា គឺមានឱកាសច្រើនប៉ុន្តែមិនអាចទាត់បាល់បញ្ចូលទី ប៉ុន្តែការសហការជាក្រុមរបស់កម្ពុជា គឺធ្វើបានល្អ»។

គួររំលឹកថា នៅក្នុងការប្រកួតមីយ៉ាន់ម៉ា បានរកគ្រាប់បាល់បាន១គ្រាប់មុន នៅក្នុងវគ្គទី១ តាមរយៈការតែតបាល់ចូលទីដោយកីឡាករ Zaw Min Tun នៅនាទី១៥ ក្រោយការបញ្ចូនតាមរយៈបាល់ពិន័យ ដែលចេញពីជើងកីឡាករ Aung Thu។

កម្ពុជា បានតបតវិញបានយ៉ាងលឿននៅដើមវគ្គទី២ ក្នុងនាទីទី៥០ ដែលជាគ្រាប់បាល់របស់ កីឡាករ ប្រាក់ មុន្នីឧត្តម ប៉ុន្តែការតាមស្មើបាន២០ មីយ៉ាន់ម៉ា បានរកគ្រាប់បាល់នាំមុខវិញម្ដង ដែលធ្វើបានដោយកីឡាករ Aung Thu នៅនាទី៧១ និងរក្សារហូតដល់ចប់ការប្រកួត៕