ជម្រើសជាតិបាល់ទាត់ហ្វូតសាលកម្ពុជា មានមុខក្នុងតំបន់អាស៊ានឡើងវិញហើយ ក្រោយដកខ្លួន៦ឆ្នាំ

By |

ក្រុមបាល់ទាត់ជម្រើសជាតិបាល់ទាត់ក្នុងសាលកម្ពុជា មានមុខក្នុងប្រចាំតំបន់អាស៊ីអាគ្នេយ៍ ឡើងវិញហើយនៅឆ្នាំក្រោយ បន្ទាប់ពីដកខ្លួនក្នុងពានរង្វាន់នេះរយៈពេល ៦ ឆ្នាំមក ខណៈតាមគម្រោងរបស់សហព័ន្ធកីឡាបាល់ទាត់អាស៊ាន (AFF) បានចេញសេចក្តីព្រៀងនៃការបែងចែកពូលសម្រាប់ការប្រកួតឆ្នាំ២០១៨ កាលពីពេលថ្មីៗរួចរាល់ហើយ។

យោងតាមសេចក្តីព្រៀងដែលចេញផ្សាយដោយសារព័ត៌មានរបស់ប្រទេសឥណ្ឌូណេស៊ី ក្រុមបាល់ទាត់ជម្រើសជាតិក្នុងសាលកម្ពុជា នឹងត្រូវស្ថិតនៅក្នុងពូល A នៃពានរង្វាន់បាល់ទាត់ក្នុងសាលប្រចាំតំបន់អាស៊ីអាគ្នេយ៍ 2018 AFF Futsal Championship ដែលគ្រោងនឹងប្រកួតនៅប្រទេសឥណ្ឌូនេស៊ី នាអំឡុងខែកញ្ញា ឆ្នាំ២០១៨។ ក្រុមដែលត្រូវស្ថិតនៅពូល A ជាមួយក្រុមជម្រើសជាតិបាល់ទាត់ក្នុងសាលកម្ពុជា រួមមាន ម៉ាឡេស៊ី, មីយ៉ាន់ម៉ា, ម្ចាស់ផ្ទះ ឥណ្ឌូនេស៊ី និងហ្វីលីពីន។ ដោយឡែកពូល B រួមមានក្រុមជម្រើសជាតិបាល់ទាត់ក្នុងសាល ថៃ, វៀតណាម, ព្រុយណេ, និងទីម័រខាងកើត។

បើមិនមានការកែប្រែការប្រកួតគ្រោងនឹងធ្វើឡើងនៅចាប់ពីថ្ងៃទី ០៦ រហូតដល់ថ្ងៃទី ១៥ ខែ កញ្ញា ឆ្នាំ ២០១៧ ដោយប្រទេសឥណ្ឌូនេស៊ី ទទួលសិទ្ធិធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតទាំងស្រុង។

គួរបញ្ជាក់ថា ការចូលរួមនេះ គឺបានសេចក្ដីថាជាលើកដំបូងចាប់តាំងពី ក្រុមបាល់ទាត់ជម្រើសជាតិបាល់ទាត់ក្នុងសាលកម្ពុជា ធ្លាប់បានចូលរួមលើកចុងក្រោយកាលពីឆ្នាំ ២០១១ ដែលធ្វើឡើងនៅប្រទេសថៃ។

បញ្ជាក់ថា៖ការរៀបចំការប្រកួត កាលបរិច្ឆេទ ក៏ដូចជាការចាប់ឆ្នោតបែងចែកពូលនេះ គឺស្ថិតនៅក្នុងសេចក្ដីព្រៀង នឹងរង់ចាំតែការសម្រេចពីសហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ីប៉ុណ្ណោះ បើមិនមានការប្រែប្រួលការរៀបចំការប្រកួត កាលបរិច្ឆេទ ក៏ដូចជាការចាប់ឆ្នោតបែងចែកពូល នឹងអនុម័តជាផ្លូវការ នេះបើតាមការបញ្ជាក់ របស់មន្រ្តីសារពត៌មាននៃសហព័ន្ធកីឡាបាល់ទាត់ប្រចាំតំបន់អាស៊ាន ( Asean Football Federation )។