Muangthong United ក្លាយជាក្រុមតំណាង​ប្រទេសថៃ ចូលរួម​ក្នុង​ពានរង្វាន់ Toyota Mekong Club Championship​ ឆ្នាំ​នេះ​

By |

ពានរង្វាន់ជើងឯកមហាអនុតំបន់ទន្លេមេគ្គង Toyota Mekong Club Championship 2017 មកទល់ពេលនេះបានរកឃើញបេក្ខភាពទី ២ ហើយដែលត្រូវទៅចូលរួមប្រកួតហើយ នោះគឺក្លិបបាល់ទាត់ Muangthong United។

ក្លិប Muangthong United បានទទួលកៅអីនេះ បន្ទាប់ពីបានយកឈ្នះគូប្រកួតរបស់ខ្លួន Chiangrai United ដោយលទ្ធផល ២ទល់០ កាលពីម្សិលមិញ នៅក្នុងពានរង្វាន់ Toyota Thai League Cup 2017 ដែលជាពានរង្វាន់កម្រិតទី ៣ ប្រចាំប្រទេសថៃ។

 

23737566_1755464191145018_1035493503168477075_o

 

ដូច្នេះមានន័យថាបច្ចុប្បន្ន ពានរង្វាន់ Toyota Mekong Club Championship 2017 បានរកឃើញបេក្ខភាពចំនួន ២ ក្រុម ហើយ នៅឡើយតែក្រុមតំណាងមកពីវៀតណាម និង កម្ពុជា ប៉ុណ្ណោះដែលត្រូវរង់ចាំដល់បំណាច់ខែវិច្ឆិកានេះ ស្របពេលក្រុមដែលមានកៅអីរួចជាស្រេច រួមមានក្លិប Lao Toyota FC ( ឡាវ ) និង Muangthong United ( ថៃ ) នេះផ្ទាល់តែម្ដង ខណៈជាថ្មីម្ដងទៀត ក្រុមតំណាងមីយ៉ាន់ម៉ា បានប្រកាសដកខ្លួនមិនចូលរួមប្រកួតក្នុងឆ្នាំ ២០១៧ នេះឡើយ។

បែបនេះក្ដីការប្រកួតលើកទី ៤ នៃពានរង្វាន់នេះ នៅតែបន្តការប្រកួតជាធម្មតាដដែល ប៉ុន្តែត្រូវបានផ្លាស់ប្ដូររូបមន្តថ្មីបន្តិចបន្តួច ដោយត្រូវប្រកួតប្រកួតជម្រុះក្នុងជុំទី១ រវាងក្រុមតំណាងកម្ពុជា ជាមួយ ក្រុមតំណាងវៀតណាម ធ្វើការប្រកួតចំនួន ២ ជើង ( ប្រកួតក្នុងដី និងក្រៅដី ) ដើម្បីរកក្រុមឡើងទៅប្រកួតនៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ជាមួយក្រុមតំណាងមកពីឡាវ ( Lao Toyota FC ) ដែលអង្គុយរង់ចាំរួចជាស្រេច មុននឹងរកក្រុមឈ្នះនៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនេះ ឡើងទៅប្រកួតនៅវគ្គផ្ដាច់ព្រ័ត្រ ជាមួយក្រុមតំណាងមកពីថៃ ( Muangthong United )។

តាមគម្រោងការប្រកួតជម្រុះក្នុងជុំទី១ រវាងក្រុមតំណាងកម្ពុជា ជាមួយ ក្រុមតំណាងវៀតណាម នឹងត្រូវធ្វើឡើងនៅថ្ងៃទី ០៩ ខែ ធ្នូ ឆ្នាំ ២០១៧ សម្រាប់ជើងទី១ ធ្វើឡើងនៅប្រទេសវៀតណាម ខណៈជើងទី២ ធ្វើឡើងនៅថ្ងៃទី ១៣ ខែ ធ្នូ ឆ្នាំ ២០១៧ ប្រកួតនៅទឹកដីនៃប្រទេសកម្ពុជា វិញម្ដង។

ក្រោយការប្រកួតនៅក្នុងវគ្គជម្រុះជុំទី១ ទាំង ២ ជើងចប់សព្វគ្រប់ ការប្រកួតនៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ គ្រោងនឹងធ្វើឡើងនៅថ្ងៃទី ១៧ ខែ ធ្នូ ឆ្នាំ ២០១៧ នៅលើទឹកដីនៃប្រទេសឡាវ ដោយប្រកួតតែ ១ ជើងប៉ុណ្ណោះ ដើម្បីរកក្រុមឈ្នះ ឡើងទៅប្រកួតវគ្គផ្ដាច់ព្រ័ត្រ ជាមួយក្រុមជើងឯកនៃពានរង្វាន់កម្រិតទី៣ នៅប្រទេសថៃ ចំនួន២ជើង នៅថ្ងៃទី ២៣ ខែ ធ្នូ នាប្រទេសដែលឈ្នះនៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ សម្រាប់ជើងទី១ និងជើងទី២ ធ្វើឡើងនៅប្រទេសថៃ ក្នុងជំនួបជើងទី២ និងកាត់សេចក្ដីរកក្រុមជើងឯក។

 

ទស្សនាវីដេអូហាយឡាយវគ្គផ្ដាច់ព្រ័ត្ររវាងក្រុមMuangthong United ជាមួយក្រុម Chiangrai United៖

រូបភាព៖ Thai League / Muangthong United FC.