គ្រូបង្វឹកបឹងកេត និយាយពីការត្រៀមខ្លួននៅក្នុងពានរង្វាន់ Toyota Mekong Club Championship 2017 ខាងមុខ

By |

ក្រោយពីឈ្នះ អាសុីអុឺរ៉ុប យូណាយធីត ៣ទល់២ កាលពីជំនួបសប្តាហ៍ចុងក្រោយធ្វើឲ្យក្រុមបឹងកេតអេហ្វសុីហក់ឡើងឈរនៅតំណែងកំពូលតារាងលីគកំពូលកម្ពុជារដូវកាល២០១៧ ដោយក្លាយជាក្រុមតំណាងនៅកម្ពុជាក្នុងពានរង្វាន់ Toyota Mekong Club Championship 2017 ក្នុងនោះគ្រូបង្វឹកក្រុមមួយនេះ បានយល់ឃើញថា ។

លោក ហៅ សុជាតិ គ្រូបង្វឹករបស់ក្រុមបឹងកេតអេហ្វសុីបានឆ្លើយឆ្លងក្នុងកិច្ចសម្ភាសន៍នៅស្ដាតចាស់កាលពីសប្តាហ៍ទី២២យ៉ាងដូច្នេះថា៖« ជាការពិតណាស់ ថ្ងៃនេះកូនក្រុមរបស់ខ្ញុំពួកគេធ្វើបានល្អដោយប្រឹងប្រែងលេង ជាលទ្ធផលពួកយើងធ្វើវាបានដោយក្លាយជាក្រុមតំណាងកម្ពុជាក្នុងពានរង្វាន់ Toyota Mekong Club Championship 2017 ៣លើកជាប់ៗគ្នាក្នុងប្រវត្តិសាស្ត្រ ហើយពាននេះគឺពិតជាសំខាន់ផងដែរសម្រាប់ក្រុមយើង។ សម្រាប់ការត្រៀមខ្លួននៅក្នុងពានរង្វាន់មួយនេះវិញ ខ្ញុំគិតថាវាហាក់ដូចជាមានសំពាធខ្លាំងផងដែរសម្រាប់ក្រុមពីព្រោះអីគូរប្រជែងរបស់យើងសុទ្ធតែក្រុមខ្លាំង អច្ចឹងហើយខ្ញុំក៏ត្រូវត្រៀមខ្លួនឲ្យបានទ្វេដងជាងនេះបន្តទៀត និងពង្រឹងសមត្ថភាពក្រុមឲ្យបានល្អជាងនេះបន្ថែមទៀតដើម្បីសម្រេចគោលដៅរបស់យើងនាពេលខាងមុខ »។

ពានរង្វាន់ Toyota Mekong Club Championship 2017 នេះមានក្រុមចូលរួម ៤ក្រុមមកពី ៤ប្រទេសផ្សេងគ្នាដូចជា៖ Sanna Khanh Hoa FC ក្រុមរបស់លីគកំពូលវៀតណាម, Lao Toyota FC ក្រុមជើងឯកលីគកំពូលឡាវ, Muangthong United ក្រុមជើងឯកនៃពានរង្វាន់កម្រិតទី៣ នៅប្រទេសថៃ ( Toyota League Cup ) និង បឹងកេតអេហ្វសុី ជាក្រុមដែលឈរកំពូលតារាងលីគកំពូលកម្ពុជា ស្របពេលដែលក្រុមនៃលីគកំពូលមីយ៉ាន់ម៉ា បានធ្វើការប្រកាសដកខ្លួនពីពានរង្វាន់មួយនេះ។

ស្របពេលដែល បឹងកេត ត្រូវប៉ះក្រុមតំណាងវៀតណាម Sanna Khanh Hoa FC ដោយធ្វើការប្រកួត ២ជើងក្នុងវគ្គជម្រុះដំបូង ដើម្បីស្វែងរក ១ក្រុមឡើងទៅប៉ះក្រុម Lao Toyota FC នៅប្រទេសឡាវ ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ស្របពេលដែលក្រុម Muangthong United ត្រូវឈរចាំនៅវគ្គផ្ដាច់ព្រ័ត្ររងចាំប្រកួតជាមួយក្រុមដែលឡើងមកពីវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ៕