បឹងកេត ចេញទៅវៀតណាម ល្ងាចស្អែក ដើម្បីត្រៀមប្រកួតពានរង្វាន់ Toyota Mekong Club Championship 2017

By |

ក្លិបបាល់ទាត់បឹងកេត នឹងធ្វើដំណើរទៅកាន់ប្រទេសវៀតណាម នៅល្ងាចថ្ងៃទី ០៧ ខែ ធ្នូ ឆ្នាំ ២០១៧ ស្អែកនេះ ដើម្បីទៅធ្វើការប្រកួតទល់នឹងម្ចាស់ផ្ទះ Sanna Khanh Hao FC ក្នុងជំនួបជើងទី១ ពានរង្វាន់មហាអនុតំបន់ទន្លេមេគ្គង Toyota Mekong Club Championship 2017។

តាមគម្រោងសមាសភាពក្រុមទាំងមូលនឹងចាកចេញពីមាតុប្រទេសនៅវេលាម៉ោង ៦:០០ នាទីល្ងាច តាមជើងហោះហើរលេខ VN902 ហោះឆ្ពោះទៅប្រទេសវៀតណាម ដែលគ្រោងនឹងទៅដល់នៅវេលាម៉ោង ៩:១៥ នាទីយប់។

ក្រោយការទៅដល់បឹងកេត នឹងមានឱកាសចំនួន ២ ថ្ងៃដើម្បីហ្វឹកហាត់ មុនការប្រកួតទល់នឹងក្រុមតំនាងវៀតណាម Sanna Khanh Hao FC មកដល់នៅថ្ងៃទី ០៩ ខែ ធ្នូ ឆ្នាំ ២០១៧ នាកីឡដ្ឋាន Hang Day Stadium នាទីក្រុង Hanoi ប្រទេសវៀតណាម ខណៈការប្រកួតនឹងចាប់ផ្ដើមនៅវេលាម៉ោង ៥:៤៥ នាទីល្ងាច ដំណាលគ្នាទៅនឹងម៉ោងនៅប្រទេសកម្ពុជា។

ក្រោយការប្រកួតនៅជើងទី១ នេះរួចក្រុមទាំង ២ នឹងត្រូវប្រកួតម្ដងទៀតសម្រាប់ជើងទី២ ធ្វើឡើងនៅថ្ងៃទី ១៣ ខែ ធ្នូ ឆ្នាំ ២០១៧ នាពហុកីឡដ្ឋានជាតិ ទឹកដីនៃប្រទេសកម្ពុជា វិញម្ដង ដើម្បីរកក្រុមឈ្នះឡើងទៅប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ទល់នឹងជើងឯកលីគកំពូលឡាវ ( Lao Toyota FC ) នៅប្រទេសឡាវ៕