មកមើលប្រវត្តិគូប្រកួតរបស់បឹងកេត ក្លិប Sanna Khanh Hoa FC ក្នុងពាន Toyota Mekong Club 2017

By |

ក្លិបបាល់ទាត់បឹងកេត នឹងត្រូវប្រកួតតទល់ជាមួយ ក្រុមមកពីលីគកំពូលវៀតណាម Sanna Khanh Hoa FC ក្នុងពានរង្វាន់មហាអនុតំបន់ទន្លេមេគ្គង Toyota Mekong Club Championship 2017 សម្រាប់ការប្រកួតជើងទី១ នា២ថ្ងៃខាងមុខនេះ។

មុននឹងការប្រកួតមកដល់ក្រុមការងារ We Are Football សូមធ្វើការណែនាំខ្លះៗអំពីគូប្រកួតរបស់បឹងកេត ក្លិប Sanna Khanh Hoa FC។

ក្លិប Sanna Khanh Hoa FC ដែលមានឈ្មោះពេញនិងជាភាសាវៀតណាម ថា ( Sanna Khánh Hòa BVN Football Club ) ទើបតែរៀបចំក្លិបឡើងវិញបាន ៧ ឆ្នាំប៉ុណ្ណោះ ពោលបានបង្កើតឡើងនៅឆ្នាំ ២០១៣ បន្ទាប់ពីត្រូវបានរំសាយនៅឆ្នាំ ២០១២។ ក្លិបនេះមានមូលដ្ឋាននៅក្នុងខេត្ត Khanh Hao ភាគខាងត្បូងរដ្ឋធានី Hanoi និងមានកីឡដ្ឋានឈ្មោះថា Nha Trang Stadium ដែលអាចផ្ទុកទស្សិកជនបានប្រមាណ ២៥,០០០ នាក់។

ក្រោយបង្កើតក្លិបជាផ្លូវការឡើងវិញ ជាមួយនឹងឈ្មោះដំបូង ហៅថា Khatoco Khánh Hoà នៅឆ្នាំ ២០១៣ Sanna Khanh Hoa FC បានត្រលប់មកវិញនឹងបានចាប់ផ្ដើមដំបូងជាមួយ ការប្រកួតនៅក្នុងក្របខណ្ឌលីគលំដាប់ទី ៣ វៀតណាម និងទទួលបានជើងឯកនៅឆ្នាំដដែលនោះផ្ទាល់តែម្ដង។

ឆ្នាំ ២០១៤ ក្រោយបានឡើងមកលីគលំដាប់ទី ២ វៀតណាម Sanna Khanh Hoa FC បានបន្តធ្វើបានយ៉ាងល្អ ដោយបានកៅអីឡើងមកលីគកំពូលវៀតណាម សារជាថ្មីក្នុងនាមជាក្រុមលេខ២ នៅឆ្នាំ២០១៥ ក្រោយខកខានរយៈពេល ២ ឆ្នាំចាប់តាំងពីក្លិបរំសាយនៅឆ្នាំ ២០១២។

ចាប់តាំពីបានឡើងមកលីគកំពូលនៅឆ្នាំ២០១៥ មក Sanna Khanh Hoa FC ធ្វើពុំសូវបានល្អឡើយ ដោយនៅឆ្នាំ ២០១៥ ទទួលបានចំណាត់ថ្នាក់លេខ៥, ឆ្នាំ ២០១៦ ទទួលបានចំណាត់ថ្នាក់លេខ៨ និងឆ្នាំ២០១៧នេះ ទទួលបានចំណាត់ថ្នាក់លេខ៦ ដោយប្រកួត ២៦ ប្រកួត ឈ្នះ ១១ ស្មើ ៨ និងចាញ់ ៧ មាន៤១ពិន្ទុ។

តារាងចំណាត់ថ្នាក់ពេញលេញ នៃលីគកំពូលវៀតណាម ប្រចាំឆ្នាំ២០១៧៖

23844635_946998912105182_1528062237892173466_n

ជាមួយពានរង្វាន់ក្រៅស្រុក នេះគឺជាលើកទី១ សម្រាប់ក្លិបដែលបានចូលរួមប្រកួតនៅក្នុងពានរង្វាន់អន្តរជាតិបែបនេះ។

ក្លិបនេះបច្ចុប្បន្ន ត្រូវបានដឹកនាំដោយគ្រូបង្វឹកសញ្ជាតិវៀតណាមផ្ទាល់ គឺ លោក Vo Dinh Tan មានវ័យ៥០ឆ្នាំ ប៉ុន្តែពុំសូវមានលទ្ធផលជាដុំគុំភួនឡើយចាប់តាំងពីចាប់អាជីពជាគ្រូបង្វឹកមក។

WAF-Sanna-Coach

បច្ចុប្បន្នក្លិបមានកីឡាកសរុបចំនួន ៣២ រូប ក្នុងនោះមានកីឡាករបរទេសតែ ៣ នាក់ប៉ុណ្ណោះ រួមមានសញ្ជាតិបារាំង ២ នាក់ និងសេណេហ្គាល ម្នាក់។ ក្លិបក៏មានកីឡាករដែលជាសមាជិកនៃក្រុមបាល់ទាត់ជម្រើសជាតិវៀតណាម ម្នាក់ផងដែរ ពោលគឺអ្នកចាំទីវ័យ ២៧ ឆ្នាំ កីឡាករ Nguyen Tuan Manh ធ្លាប់បង្ហាញខ្លួនជាមួយក្រុមជម្រើសជាតិបាន ១០ លើកផងដែរ។

សូមរំលឹកថា ការប្រកួតរវាង បឹងកេត ជាមួយ Sanna Khanh Hoa FC នឹងធ្វើឡើងនៅថ្ងៃទី ០៩ ខែ ធ្នូ ឆ្នាំ ២០១៧ នាកីឡដ្ឋាន Hang Day Stadium នាទីក្រុង Hanoi ប្រទេសវៀតណាម ខណៈការប្រកួតនឹងចាប់ផ្ដើមនៅវេលាម៉ោង ៥:៤៥ នាទីល្ងាច ដំណាលគ្នាទៅនឹងម៉ោងនៅប្រទេសកម្ពុជា៕

 

*** បញ្ជាក់ថា Sanna Khanh Hoa FC ទទួលបានកៅអីប្រកួតពានរង្វាន់នេះ ជំនួសជើងលីគកំពូលវៀតណាម បន្ទាប់ពីជើងឯកលីគកំពូលវៀតណាម និងក្រុមពីលេខ២ ដល់លេខ៥ បដិសេធមិនចូលរួមប្រកួតក្នុងពានរង្វាន់នេះ៕

 

រូបភាព៖ Goal.com / Sanna Khánh Hòa BVN FC / V.League