ជុំវិញក្លិបថ្មី ចាន់ វឌ្ឍនាកា បង្ហើបថាឈានដល់ការចរចា១០០ភាគរយហើយ តែសុំលាក់ឈ្មោះក្លិបសិន

By |

បន្ទាប់ពីទទួលបានដំណឹងជុំវិញការផ្ទេរពីសំណាក់កីឡាករ ចាន់ វឌ្ឍនាកា ទៅកាន់ក្លិបថ្មីគ្រាដែលកិច្ចសន្យារបស់ខ្លួនជាមួយក្លិបចាស់ Fujieda MYFC បានបញ្ចប់ជាផ្លូវការ ឥលូវនេះដំណឹងនៃការសម្រេចទៅចូលរួមជាមួយក្លិបថ្មីបានឈានដល់ការសម្រេច ១០០ភាគរយហើយ នេះបើតាមការបញ្ជាក់ដោយ ចាន់ វឌ្ឍនាកា ផ្ទាល់។

ពីព្រលានយន្តហោះអន្តរជាតិភ្នំពេញ បន្ទាប់ពីមកដល់ប្រទេសកម្ពុជា ចាន់ វឌ្ឍនាកា បានឆ្លើយឆ្លងក្នុងកិច្ចសម្ភាសន៍ជាមួយអ្នកសារពត៌មានយ៉ាងដូច្នេះថា៖ «សម្រាប់យើងការចរចាគឺ ១០០ភាគរយហើយ ប៉ុន្តែគ្រាន់តែថាយើងអត់ទាន់អាចប្រាប់ជាផ្លូវការបាន អច្ចឹងរង់ចាំថ្ងៃប្រកាសផ្លូវការ»។

ចាន់ វឌ្ឍនាកា ក៏បានបន្ថែមផងដែរជុំវិញលក្ខខណ្ឌជាមួយក្លិបថ្មី ដោយកីឡាករវ័យ២៣ឆ្នាំរូបនេះបានបញ្ជាក់ថា៖ «លក្ខខណ្ឌគឺអត់មានច្រើនទេ វាស្រដៀងៗគ្នា តែគ្រាន់ថាយើងអាចមានឱកាសនឹងបង្ហាញខ្លួនច្រើន»។

បែបនេះក្ដី ចាន់ វឌ្ឍនាកា នឹងនៅតែបន្តជួយបឹងកេត សម្រាប់ត្រៀមប្រកួតក្នុងពានរង្វាន់មហាអនុតំបន់ទន្លេមេគ្គង Toyota Mekong Club Championship 2017 រហូតដល់ចប់ជាផ្លូវការ ដែលអាចនឹងបញ្ចប់នៅ ថ្ងៃទី ០៦ ខែ មករា ឆ្នាំ ២០១៨ បើសិនជាបឹងកេត អាចឡើងទៅដល់វគ្គផ្ដាច់ព្រ័ត្រ ទើបផ្លាស់ទៅចូលរួមជាមួយក្លិបថ្មីជាផ្លូវការ៕