ចាន់ វឌ្ឍនាកា ថាកីឡាករនៃក្រុមជម្រើសជាតិកម្ពុជា សុទ្ធតែអាចមានឱកាសបង្ហាញខ្លួននៅលីគក្រៅប្រទេស

By |

ពីព្រលានយន្តហោះអន្តរជាតិភ្នំពេញ បន្ទាប់ពីមកដល់ប្រទេសកម្ពុជា ចាន់ វឌ្ឍនាកា ដែលបានឆ្លើយឆ្លងជាមួយអ្នកសារពត៌មាន បានលើកឡើងថាកីឡាករនៃក្រុមជម្រើសជាតិកម្ពុជា សុទ្ធតែអាចមានឱកាសបង្ហាញខ្លួននៅលីគក្រៅប្រទេស។

«បាទ! បើតាមខ្ញុំគិតគឺកីឡាករទាំងអស់ក្នុងក្រុមជម្រើសជាតិភាគច្រើន គឺគាត់អាចនឹងបង្ហាញខ្លួននៅតាមលីគក្នុងតំបន់ប្រទេសនានាបាន ហើយខ្ញុំជឿជាក់ថា គាត់នឹងជោគជ័យច្រើនបើសិនជាគាត់ចាកចេញទៅរស់នៅជាមួយក្លិបនៅប្រទេសក្រៅ គាត់អាចនឹងជួយចូលរួមអភិវឌ្ឍន៍បាល់ទាត់កម្ពុជាទាំងអស់គ្នាផងដែរ»។ សម្ដីរបស់ ចាន់ វឌ្ឍនាកា។

គួរបញ្ជាក់ថា ការលើកឡើងបែបនេះបន្ទាប់ពីមានសំណួរចោទសួរជុំវិញ មួយរយៈចុងក្រោយនេះមានកីឡាករកម្ពុជា ជាច្រើនត្រូវបានក្លិបនៅក្រៅប្រទេសចាប់អារម្មណ៍នាំយកទៅរួមក្រុម មានដូចជាកីឡាករ ច្រឹង ពលរដ្ឋ, កីឡាករ កែវ សុខផេង និងថ្មីៗនេះ កីឡាករ ធារី ចន្ថាប៊ីន ដែលទើបតែផ្លាស់ទៅចូលរួមជាមួយក្លិបនៅលីគកំពូលម៉ាឡេស៊ី Terengganu FC ក្នុងកិច្ចសន្យារយៈពេល១ឆ្នាំ។

សម្រាប់ ចាន់ វឌ្ឍនាកា បច្ចុប្បន្ននឹងត្រលប់មកជាកីឡាកររបស់ក្លិបបឹងកេត គ្រាដែលកីឡាកររូបនេះបានបញ្ចប់កិច្ចសន្យាខ្ចីជើង ជាមួយក្លិប Fujieda MYFC ជាផ្លូវការបន្ទាប់ពីចំណាយពេលរួមរស់ជាមួយក្រុមដែលប្រកបអាជីពនៅលីគទី៣ជប៉ុន មួយរដូវកាលពេញរួចមក៕