លោក មាស ចាន់ណា សំណូមពរ​ដល់​អាជ្ញាកណ្ដាល​​បើ​មាន​ក្បួន​ច្បាប់​ថ្មី​គួរ​តែ​ចែក​រំលែក​ដល់​ក្លិប​ ជៀសវាង​មាន​រឿងដូច គួច ដានី ម្សិលមិញ

By |

ណាហ្គាវើល បានប្រកួតចាញ់ ក្រសួងការពារជាតិ ដោយបាល់កាត់សេចក្ដី១១ម៉ែត្រ នៅក្នុងដីរបស់ខ្លួន កាលពីល្ងាចថ្ងៃទី ២០ ខែ ធ្នូ ឆ្នាំ ២០១៧ ក្នុងជំនួបវគ្គជម្រុះលេខ៣ នៃពានរង្វាន់លីគកំពូលកម្ពុជា បន្ទាប់ពីស្មើគ្នាក្នុងរយៈពេល ៩០ នាទីពេញ រួមទាំងថែម ១៥ នាទី២ដង។

បរាជ័យនេះគឺបានសេចក្ដីថា ណាហ្គាវើល បានបាត់បង់ឱកាសក្នុងឡើងទៅប្រកួតជាមួយក្រុមលេខ២ ព្រះខ័នរាជស្វាយរៀង នាចុងសប្ដាហ៍នេះ។ ជាមួយនឹងបរាជ័យនេះគ្រូបង្វឹកនៃក្លិបណាហ្គាវើល លោក មាស ចាន់ណា បានផ្ដល់ជាមតិខ្លះនៅក្រោយចប់ការប្រកួតជាមួយអ្នកសារព័ត៌មាន ដូចខាងក្រោម។

– ជុំវិញការប្រកួត៖

ធម្មតាការលេងថ្ងៃនេះ ខាងចាញ់មិនសូវសប្បាយចិត្តទេ ក៏ប៉ុន្តែទាក់ទងនឹងអារម្មណ៍ចំពោះកីឡាកររបស់ខ្ញុំ ខ្ញុំសប្បាយចិត្តដោយឃើញគាត់ទើបតែលេងហើយបានសម្រាក ២ថ្ងៃ គាត់មកលេងទៀត គាត់លេងបានប៉ុណ្ណឹង ហើយលេងរហូតដល់៩០, ១២០ នាទី គាត់អត់មានរមួលក្រពើ កម្លាំងគាត់នៅតែពេញ អច្ចឹងខ្ញុំសប្បាយចិត្តជាគ្រូ ឃើញទម្រង់លេងគាត់ល្អអច្ចឹង យើងអត់សំណាងដោយសារយើងទាត់ប៉ះរបាទី យើងមានឱកាសប៉ុន្មានបាល់យើងទាត់អត់ចូល ជារួមទៅការប្រកួតនេះតឹងតែងមែន តែខ្ញុំសប្បាយចិត្តដែលខាងកីឡាករខ្ញុំប្រឹងប្រែងអស់ពីសមត្ថភាព បើទោះបីយើងចាញ់ ក៏យើងនៅសប្បាយ មានអារម្មណ៍ថាសប្បាយដែលមានកីឡាករ ប្រឹងប្រែងតាមអ្វីដែលយើងចង់បាន។

– ជុំវិញលទ្ធផល៖ 

លទ្ធផលជារឿងផ្សេង ពេលខ្លះទាក់ទងនឹងសំណាងដែរ បើយើងលេងហើយយើងអត់សំណាង យើងលេងល្អអត់សំណាងក៏វាមិនបញ្ហា ដូចថ្ងៃនេះអច្ចឹងយើងលេងមិនមែនអន់ទេ យើងលេងល្អ ប៉ុន្តែទាក់ទងនឹងសំណាងយើងអត់មានសំណាង។

– ជុំវិញការមិនសូវមានការសម្រុកគ្នាទៅវិញទៅមក៖

យើងទទួលស្គាល់ថាចូលដល់វគ្គនេះ គឺគ្រប់ក្រុមទាំងអស់ប្រយ័ត្នប្រយែងរៀងខ្លួន បើគិតថាប្រកួតនេះអត់មានបុកទៅអត់មានបុកមក ខ្ញុំគិតថាវាអត់ទាន់ត្រឹមត្រូវដែរ ព្រោះតាមខ្ញុំមើលទៅគឺស្ថានភាពបុកទៅបុកមកច្រើន ទទួលស្គាល់ថាទាំងខាងទ័ព ខាងណាហ្គាវើល គឺព្យាយាមកាត់ផ្ដាច់ការវាយបក គឺលេងដើម្បីសុវត្ថិភាពទាំងអស់ គឺធ្វើម៉េចអត់អោយមានឱកាសណាវាយបកបានទេ អច្ចឹងហើយគឺរបៀបលេងទាំង២ក្រុមគឺអច្ចឹង។

– ជុំវិញការទាត់បាល់ពិន័យ១១ម៉ែត្ររបស់ គួច ដានី៖

ទទួលស្គាល់ថានេះជាកំហុសរបស់ខ្ញុំ ដែលយើងអត់ដឹងថាច្បាប់ចេញមកអច្ចឹង សូម្បីតែខ្ញុំផ្ទាល់ក៏ខ្ញុំអត់ដឹងដែរ ខ្ញុំដឹងតែបាល់នឹងរត់ទៅហើយដកជើងមកក្រោយវិញ ទាត់ទៅចូលគេអត់អោយ តែខ្ញុំអត់ដឹងថាបាល់នឹងគាត់ឈប់ហើយគាត់ទាត់ទៅ បញ្ឆោតហើយទាត់ទៅចូលគេអត់អោយលេងម៉ង ខ្ញុំអត់ដឹងសោះម៉ង ហើយខ្ញុំក៏អត់បន្ទោសកីឡាករដែរ ខ្ញុំបន្ទោសខ្លួនឯងវិញដែលខ្ញុំអត់បានមើលពត៌មានច្បាប់ថ្មីនឹង ហើយក៏សំណូមពរទៅខាងអាជ្ញាកណ្ដាលដែរ គួរតែមានអ្វីថ្មី គួរតែបញ្ចេញមកអោយក្លិបអោយគេដឹង។

ដូច្នេះបរាជ័យនេះបានសេចក្ដីថា ណាហ្គាវើល នឹងទទួលបានចំណាត់ថ្នាក់លេខ ៤ នៃលីគកំពូលកម្ពុជារដូវកាល ២០១៧ នេះ ខណៈក្រុមដែលមានមូលដ្ឋាននៅរាជធានីភ្នំពេញមួយនេះ នៅសល់ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន វគ្គផ្ដាច់ព្រ័ត្រ ទល់នឹងព្រះខ័នរាជស្វាយរៀង នៅសប្ដាហ៍ក្រោយនេះផងដែរ៕