មូលហេតុថ្ងៃចុងក្រោយនៃពានសម្តេចតេជោ ជាមួយលីគកំពូល ពុំមានការចែកពានសំខាន់ៗដល់កីឡាករ និងគ្រូបង្វឹក

By |

ពានរង្វាន់លីគកំពូលកម្ពុជា ក៏ដូចជាពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ឆ្នាំ២០១៧ បានបញ្ចប់ជាផ្លូវការ ក្នុងអំឡុងត្រឹមមួយសប្ដាហ៍ មុនឆ្នាំ២០១៨មកដល់កាលពីពេលថ្មីៗនេះ ដោយបានរកឃើញក្រុមជើងឯក ក៏ដូចជាជើងឯករង លេខ៣ និងលេខ៤។

ជារៀងរាល់ឆ្នាំ នៅថ្ងៃបិទការប្រកួតមុនការប្រគល់ពានជាលក្ខណៈក្រុម គឺនឹងត្រូវមានការប្រគល់ពានជាលក្ខណៈបុគ្គល ដែលមានដូចជាពានកីឡាករឆ្នើមប្រចាំឆ្នាំ, គ្រូបង្វឹកប្រចាំឆ្នាំ, អ្នកចាំទីល្អ, កីឡាករទាត់រកគ្រាប់បាល់បានច្រើនជាងគេ ជាដើម ខណៈឆ្នាំនេះ ទាំងពានរង្វាន់លីគកំពូលកម្ពុជា ក៏ដូចជាពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ពុំមានការចែកពានរង្វាន់ជាលក្ខណៈបុគ្គលឡើយ។

ចំពោះមូលហេតុដែលពុំមានការចែកពានរង្វាន់ជាលក្ខណៈបុគ្គលនេះ ត្រូវបានគណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា ហៅកាត់ CNCC បញ្ជាក់ប្រាប់ថា រាល់ពានរង្វាន់ជាលក្ខណៈបុគ្គលទាំងអស់ នឹងត្រូវប្រគល់ជូននៅក្នុងកម្មវិធី Award Night ដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃទី ២៥ ខែ មករា ឆ្នាំ ២០១៨ នៅមជ្ឈមណ្ឌលកោះពេជ្រ។

ពានរង្វាន់ដែលត្រូវប្រគល់ជូននៅក្នុងកម្មវិធី Award Night រួមមាន៖

– ពានរង្វាន់ កីឡាករឆ្នើមប្រចាំឆ្នាំ ( ក្នុងលីគកំពូលកម្ពុជា និង ពានសម្តេចតេជោ ហ៊ុន សែន )

– ពានរង្វាន់ កីឡាករដែលទាត់បាល់បញ្ចូលទីច្រើនជាងគេ ( ក្នុងលីគកំពូលកម្ពុជា និង ពានសម្តេចតេជោ ហ៊ុន សែន )

– ពានរង្វាន់ អ្នកចាំទីដែលល្អជាងគេ  ( ក្នុងលីគកំពូលកម្ពុជា និង ពានសម្តេចតេជោ ហ៊ុន សែន )

– ពានរង្វាន់ គ្រូបង្វឹកល្អប្រចាំឆ្នាំ  ( ក្នុងលីគកំពូលកម្ពុជា និង ពានសម្តេចតេជោ ហ៊ុន សែន )

– ពានរង្វាន់  អាជ្ញាកណ្ដាល ( ក្នុងលីគកំពូលកម្ពុជា និង ពានសម្តេចតេជោ ហ៊ុន សែន )

– ពានរង្វាន់ ក្រុមលេងដោយយុត្តិធម៌ Fair Play ( ក្នុងលីគកំពូលកម្ពុជា និង ពានសម្តេចតេជោ ហ៊ុន សែន )

– ពានរង្វាន់ អ្នកសារពត៌មានដែលល្អជាងគេ

– ពានរង្វាន់ គ្រូបង្វឹកដែលមានប្រជាប្រិយភាពជាងគេ

– ពានរង្វាន់ កីឡាករដែលមានប្រជាប្រិយភាពជាងគេ

– ពានរង្វាន់ សម្រាប់អ្នកគាំទ្រលើវិស័យបាល់ទាត់ជាងគេ

 

គួរបញ្ចាក់ថា នេះជាលើកទី១ ដែលសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ជាមួយ គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា រៀបចំកម្មវិធីបែបនេះឡើង ដោយរក្សានូវពានរង្វាន់ចែកជូនដល់ក្រុម និងកីឡាករដូចសព្វដង តែបន្ថែមតែពានចំនួន៤ប៉ុណ្ណោះ គឺអ្នកសារពត៌មានដែលល្អជាងគេ, គ្រូបង្វឹកដែលមានប្រជាប្រិយភាពជាងគេ, កីឡាករដែលមានប្រជាប្រិយភាពជាងគេ និងអ្នកគាំទ្រលើវិស័យបាល់ទាត់ជាងគេ។

យើងអាចដឹងបានខ្លះថា សម្រាប់ពានរង្វាន់ កីឡាករដែលទាត់បាល់បញ្ចូលទីច្រើនជាងគេ នៅក្នុងពានរង្វាន់លីគកំពូល គឺបានទៅលើ កីឡាករ Atuheire Kipson របស់ណាហ្គាវើល ដែលរកបាន២៦គ្រាប់ ស្របពេលដែលកីឡាករដែលទាត់បាល់បញ្ចូលទីច្រើនជាងគេ ក្នុងពានសម្តេចតេជោ ហ៊ុន សែន បានទៅលើកីឡាករ ឃួន ឡាបូរ៉ាវី របស់បឹងកេត ដែលរកបាន១៦គ្រាប់៕

 

*** បញ្ជាក់

ពានរង្វាន់ ៤ ដែលមានដូចជា អ្នកសារពត៌មានដែលល្អជាងគេ, គ្រូបង្វឹកដែលមានប្រជាប្រិយភាពជាងគេ, កីឡាករដែលមានប្រជាប្រិយភាពជាងគេ និងអ្នកគាំទ្រលើវិស័យបាល់ទាត់ជាងគេ គឺធ្វើឡើងតាមរយៈការបោះឆ្នោតសាធារណៈនៅលើបណ្ដាញសង្គមហ្វេសប៊ុក។