អ្នកចាត់ការទូទៅបឹងកេត បង្ហើបថាការចរចារវាងក្លិប ក្នុងការយកកីឡដ្ឋានខេត្តកំពតធ្វើជាទឹកដីផ្ទាល់ខ្លួន កាន់តែកៀកទៅការព្រមព្រៀងហើយ

By |

លោក បែ មករា អ្នកចាត់ការទូទៅក្លិបបឹងកេត បានបង្ហើបថាការចរចារវាងក្លិប ក្នុងការយកកីឡដ្ឋានខេត្តកំពតធ្វើជាទឹកដីផ្ទាល់ខ្លួនដើម្បីធ្វើជាម្ចាស់ផ្ទះក្នុងការប្រកួតលីគកំពូលកម្ពុជា ក៏ដូចជាពានរង្វាន់សម្តេចតេជោ ហ៊ុន សែន កាន់តែកៀកទៅការព្រមព្រៀងហើយ។

ពីពហុកីឡដ្ឋានជាតិ ថ្លែងក្រោយឈ្នះជើងឯកពានរង្វាន់លីគកំពូលកម្ពុជា រដូវកាល២០១៧ អ្នកចាត់ការទូទៅនៃក្លិបបឹងកេត លោក បែ មករា បានលើកឡើងជុំវិញសំណួរដែលចោទសួរថា ជុំវិញការចរចាយកកីឡដ្ឋានខេត្តកំពតធ្វើជាទឹកដីផ្ទាល់ បានដំណើរដល់ណាហើយ?

«ពួកយើងកំពុងតែរៀបចំលើគម្រោងនេះ ហើយជាពិតណាស់ យើងជាមួយនឹងខេត្តកំពត កំពុងតែពិភាក្សាគ្នាលើលក្ខខណ្ឌមួយចំនួនដើម្បីឈានទៅធ្វើម្ចាស់ផ្ទះនៅទីនោះ នឹងមានការប្រែប្រួលយ៉ាងម៉េច ខាងថ្នាក់ដឹកនាំគាត់នឹងប្រាប់វិញ ប៉ុន្តែជាការពិត យើងត្រូវតែមានកីឡដ្ឋានមួយសម្រាប់ប្រកួតឆ្នាំ២០១៨ ដាច់ខាតយើងត្រូវតែមានព្រោះជាលក្ខខណ្ឌតម្រូវរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ដូច្នេះយើងមិនអាចប្រើប្រាស់ស្តាតអូឡាំពិកទៀតទេ ដូច្នេះយើងត្រូវតែមានកីឡដ្ឋានមួយ»។ សម្ដីទាំងស្រុងរបស់ លោក បែ មករា។

 

WAF-Be-Makara

 

អ្នកចាត់ការទូទៅដដែលរូបនេះក៏បានបញ្ជាក់យ៉ាងច្បាស់ផងដែរថា៖ «ភាគរយខ្ពស់ ដោយយើងកំពុងតែជជែក ហើយនឹងមានការព្រមព្រៀងស្ទើរតែទាំងស្រុង ប៉ុន្តែខ្ញុំទុកអោយថ្នាក់ដឹកនាំកំពូលជាអ្នកមានប្រសាសន៍វិញ»។

ជុំវិញសំនួរដែលចោទសួរបន្ថែម អំពីគុណភាពនៃកីឡដ្ឋាន ហាក់មិនទាន់មានភាពសមស្រប១០០ភាគរយនៅឡើយ លោក បែ មករា បានន្តថា ក្លិបនឹងមានការកែសម្រួល និងព្យាយាមធ្វើអោយបានលឿនទាន់លីគកំពូលមកដល់ ករណីមិនទាន់ក្លិបនឹងស្នើរសុំប្រកួតក្រៅដីសិន ទម្រាំរួចរាល់នឹងធ្វើជាម្ចាស់ផ្ទះ។

គួរបញ្ជាក់ផងដែរថា ម្ចាស់ជើងឯកលីគកំពូលកម្ពុជា ៣សម័យកាល មួយនេះ មិនទាន់មានកីឡដ្ឋានផ្ទាល់ខ្លួននៅឡើយទេចាប់តាំងពីឡើងមកលីគកំពូលនៅឆ្នាំ២០១២ ដោយបច្ចុប្បន្នកំពុងតែប្រើប្រាស់ពហុកីឡដ្ឋានជាតិសម្រាប់ការប្រកួតក្នុងផ្ទះ ស្របពេលដែល សហព័ន្ធកីឡារបាល់ទាត់កម្ពុជា បានកំណត់ឲ្យក្លិបទាំងអស់ដែលលេងនៅលីគកំពូលកម្ពុជា ត្រូវមានកីឡដ្ឋានផ្ទាល់ខ្លួនសម្រាប់រៀបចំការប្រកួតក្នុងផ្ទះរបស់ខ្លួន៕

 

ចុចអានអត្ថបទ៖ លេចឭថា ក្រុមបឹងកេត ចង់យកកីឡដ្ឋានខេត្តកំពតធ្វើជាទឹកដីប្រកួត សម្រាប់រដូវកាលក្រោយ?

ចុចអានអត្ថបទ៖ ចៅហ្វាយខេត្តកំពត ស្វារគមន៍ដល់បណ្ដាក្លិបទាំងអស់ដែលមានបំណងចង់យកកីឡដ្ឋានខេត្តកំពត ធ្វើជាទឹកដីប្រកួត

ចុចអានអត្ថបទ៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បង្វែរពីការឧបត្ថម្ភបង្គោលភ្លើងពីកីឡដ្ឋានផ្សេង មកផ្ដល់អោយកីឡដ្ឋានខេត្តកំពត