ទៅដល់ម៉ាឡេស៊ីភ្លាម កីឡាករ ចាន់ វឌ្ឍនាកា ធ្វើរឿងមួយភ្លែតនៅរដ្ឋ Pahang

By |

កីឡាករដែលជាបេះដូងនៃអ្នកគាំទ្រកម្ពុជា បានធ្វើដំណើរចេញទៅកាន់ប្រទេសម៉ាឡេស៊ីហើយ កាលពីល្ងាចថ្ងៃទី ០២ ខែ មករា ឆ្នាំ ២០១៨ ម្សិលមិញ ដើម្បីទៅចូលរួមជាមួយក្លិបថ្មី Pahang FA ដែលប្រកបអាជីពនៅលីគកំពូលម៉ាឡេស៊ី។

ចាកចេញពីកម្ពុជា នៅវេលាម៉ោង ៦:៤៥នាទីល្ងាច កីឡាករ ចាន់ វឌ្ឍនាកា ក៏បានធ្វើដំណើរទៅដល់ប្រទេសម៉ាឡេស៊ីនៅថ្ងៃដដែល ពោលគឺនៅក្រោយកីឡាករ កែវ សុខផេង តែប៉ុន្មានម៉ោងប៉ុណ្ណោះ។

បន្ទាប់ពីទៅដល់ប្រទេសម៉ាឡេស៊ី ជាពិសេសបានទៅដល់រដ្ឋ Pahang ដែលជាទឹកដីនៃក្លិបថ្មីរបស់ខ្លួន កីឡាករ ចាន់ វឌ្ឍនាកា បានធ្វើរឿងមួយភ្លាម នេះបើយោងតាមការបន្ទាន់សម័យកាល នៅលើបណ្ដាញទំនាក់ទំនងសង្គមផ្ទាល់ខ្លួន Instagram នៅក្នុងប្រភេទ Story។

បណ្ដាញទំនាក់ទំនងសង្គមផ្លូវការរបស់ ចាន់ វឌ្ឍនាកា បានថតរូបរថយន្ដនៃក្លិបថ្មីរបស់ខ្លួន ប៉ុន្តែពុំបានបញ្ចេញមតិអ្វីឡើយ នាព្រឹកថ្ងៃទី ០៣ ខែ មករា ឆ្នាំ ២០១៨ នេះអំឡុងប្រហែល៣ម៉ោងមុន។

26513886_1665545100203216_1194396532_o

គួររំលឹកថា កាលពីថ្ងៃទី ១៥ ខែ ធ្នូ ឆ្នាំ ២០១៧ កីឡាករ ចាន់ វឌ្ឍនាកា បានក្លាយជាកីឡាករកម្ពុជាទី៣ ដែលបានចុះហត្ថលេខាចូលរួមជាមួយក្លិបនៅលីគកំពូលម៉ាឡេស៊ី ជាផ្លូវការ ពោលគឺក្លិប Pahang FA សម្រាប់រដូវកាល ២០១៨ ក្នុងលក្ខខណ្ឌខ្ចីជើង

ជាមួយនឹងការផ្ទេរទៅចូលរួមជាមួយក្រុមជើងឯករងនៃលីគកំពូលម៉ាឡេស៊ី រដូវកាល ២០១៧ មួយនេះ កីឡាករ ចាន់ វឌ្ឍនាកា បានទទួលនូវអត្ថប្រយោជន៍ជាច្រើនសម្រាប់ថ្លៃនឿយហត់ ដូចជាទទួលបានប្រាក់ខែចំនួន ១៦,០០០ ដុល្លាអាមេរិកក្នុង១ខែ, រថយន្ត ១ គ្រឿង, ផ្ទះសម្រាប់ស្នាក់នៅ, ធានារ៉ាប់រងសុខភាព និងប្រាក់ឧបត្ថម្ភពីក្រៅផ្សេងៗទៀត។

សម្រាប់លីគកំពូលម៉ាឡេស៊ី រដូវកាល២០១៨ ( Malaysia Super League 2018 ) គឺគ្រោងនឹងចាប់ផ្ដើមនៅដើមខែមិនា ខាងមុខនេះ ជាមួយនឹងសមាសភាពក្រុមចំនួន១២ដែលត្រូវប្រកួតប្រជែងគ្នា៕