ការផ្លាស់ប្ដូរ២ដែល លោក បែ មករា បញ្ជាក់ថាបឹងកេត នឹងធ្វើនៅក្នុងឆ្នាំ២០១៨នេះ

By |

បន្ទាប់ពីទទួលបានកៅអីជាក្រុមជើងឯកលីគកំពូលកម្ពុជា រដូវកាល២០១៧  លោក បែ មករា អ្នកចាត់ការទូទៅនៃក្លិបបឹងកេត បានបញ្ជាក់ថាក្លិបមានការផ្លាស់ប្ដូរ ២ សម្រាប់ឆ្នាំ២០១៨ ពាក់ព័ន្ធបញ្ហាកីឡាករ និងគ្រូបង្វឹក។

ទទួលបានកៅអីពានរង្វាន់លីគកំពូលកម្ពុជា បានសេចក្ដីថា បឹងកេត នឹងត្រូវជាក្រុមតំណាងកម្ពុជា ចូលរួមប្រកួតក្នុងពានរង្វាន់កម្រិតទី២ សម្រាប់ក្លិបបាល់ទាត់ប្រចាំទ្វីបអាស៊ី AFC Cup 2018 វគ្គបែងចែកពូល ពូល F ជាមួយក្រុមមកពីប្រទេសចំនួន ៣ ផ្សេងទៀត ក្នុងតំបន់អាស៊ីអាគ្នេយ៍។

ថ្លែងក្នុងកិច្ចសម្ភាសន៍ជាមួយអ្នកសារពត៌មាន លោក បែ មករា បានបញ្ជាក់ថា គ្រាដែលក្លិបនឹងទទួលបានកៅអីប្រកួតក្នុងពានរង្វាន់ AFC Cup ដូច្នេះក្លិបនឹងផ្លាស់ប្ដូរគ្រូបង្វឹកថ្មី ដោយសារពានរង្វាន់នេះតម្រូវអោយក្លិបដែលចូលប្រកួតត្រូវមានគ្រូបង្វឹកដែលមានអាជ្ញាប័ណ្ណកម្រិត AFC A License ចំពោះកៅអីនេះ លោកបានសង្កត់ធ្ងន់ថាក្លិបនឹងផ្លាស់ប្ដូរ ប៉ុន្តែដំណើរការយ៉ាងណានោះ លោកនៅមិនទាន់មានអាចនិយាយបាននៅឡើយទេ។

WAF-Be-Makara

ងាកមកបញ្ហាកីឡាករ លោកក៏បានបន្ថែមផងដែរថា មួយឆ្នាំទៅមួយឆ្នាំ ក្លិបត្រូវតែមានការផ្លាស់ប្ដូរ សម្រាប់ឆ្នាំ២០១៨ នឹងមានការផ្លាស់ប្ដូរដើម្បីអោយប្រព័ន្ធលេងប្រួលប្រែជាងមុន។ «យើងនឹងមានការនាំចូលបន្ថែម ហើយអាចនឹងមានកីឡាករខ្លះនឹងចាកចេញយើងរង់ចាំមើលក្រោយអំពីចូលឆ្នាំថ្មីវិញ យើងនឹងមានការសរុបយ៉ាងម៉េច។ ខ្ញុំគិតថាការផ្លាស់ប្ដូរមិនជាទ្រង់ទ្រាយធំទេ យើងនឹងព្យាយាមធ្វើយ៉ាងម៉េចការផ្លាស់ប្ដូរនឹងវាល្អជាងមុន»។ សម្ដីរបស់ លោក បែ មករា។

គួរបញ្ចាក់ថា បឹងកេត នឹងត្រូវឡើងទៅប្រកួតនៅក្នុងវគ្គបែងចែកពូល ដោយត្រូវចូលទៅពូល F រួមជាមួយក្រុមមកពីលីគកំពូលហ្វីលីពីន ( Ceres Negros ឬ F.C. Meralco Manila ), លីគកំពូលសិង្ហបុរី ( Home United ) និងលីគកំពូលមីយ៉ាន់ម៉ា ( Shan United ឬ Yadanarbon FC )៕

24837241_1496351607116903_1178595598279325574_o

 

រូបភាព៖ The AFC