ក្លិប Terengganu FC នឹងមកដល់ទឹកដីកម្ពុជា នៅរសៀលនេះហើយ

By |

ក្លិបបាល់ទាត់ Terengganu FC ដែលកីឡាករកូនកាត់ខ្មែរបារាំង ធារី ចន្ថាប៊ីន ទើបតែចុះកិច្ចសន្យាចូលរួមជាមួយជាផ្លូវការ គ្រោងនឹងមកដល់កម្ពុជានៅរសៀលនេះហើយ ដើម្បីមកប្រកួតមិត្តភាពជាមួយក្លិបមួយចំនួននៅលីគកំពូលកម្ពុជា។

តាមគម្រោង ក្លិប Terengganu FC នឹងមកដល់កម្ពុជា នៅថ្ងៃទី០៥ ខែ មករា នេះនាវេលាម៉ោងប្រហែល ១រសៀល នេះបើតាមការអោយដឹងពីកីឡាករ ធារី ចន្ថាប៊ីន ផ្ទាល់។

បញ្ចាក់ថាដំណើរមកប្រកួតមិត្តភាពនេះ គឺនឹងប្រកួតជាមួយក្លិបមួយចំនួននៅលីគកំពូលកម្ពុជា ដោយរួមមាន ព្រះខ័នរាជស្វាយរៀង, ភ្នំពេញក្រោន និងក្រសួងការពារជាតិ។

យោងតាមទំព័រហ្វេសប៊ុកអ្នកគាំទ្រនៃក្លិប Terengganu FC បានបង្ហាញផងដែរ ក្លិបនឹងប្រកួតជាមួយក្លិបកម្ពុជាទាំង ៣ នេះតាមកាលវិភាគដូចតទៅ៖

  • ថ្ងៃទី ០៦ ខែ មករា ឆ្នាំ ២០១៨៖ ប្រកួតទល់ជាមួយ ព្រះខ័នរាជស្វាយរៀង
  • ថ្ងៃទី ០៨ ខែ មករា ឆ្នាំ ២០១៨៖ ប្រកួតទល់ជាមួយ ក្រសួងការពារជាតិ
  • ថ្ងៃទី ០៩ ខែ មករា ឆ្នាំ ២០១៨៖ ប្រកួតទល់ជាមួយ ភ្នំពេញក្រោន

រំលឹកផងដែរថា កាលពីឆ្នាំទោក៏មានក្លិបមកពីម៉ាឡេស៊ី ក៏បានធ្វើដំណើរមកកម្ពុជាផងដែរ ដូចជាក្លិប Negeri Sembilan FA, Melaka United, UiTM FC និងក្លិប Petaling Jaya Rangers FC ជាដើម៕

 

រូបភាព៖ Terengganu FA