ចាន់ វឌ្ឍនាកា បង្ហាញ​ខ្លួន​បាន​៦០នាទី ក្នុង​ជំនួប​ Pahang FA ឈ្នះ​ Muangthong UTD (B) លើ​ទឹកដីថៃ

By |

កីឡាករ ចាន់ វឌ្ឍនាកា របស់​កម្ពុជា ដែល​សម្រេច​ទៅ​ប្រកប​អាជីព​នៅ​លីគ​កំពូល​របស់​ប្រទេស​ម៉ាឡេស៊ី ពេល​នេះ​កំពុង​តែ​ចូលរួម​ជាមួយ​ក្រុមPahang FA ជា​ក្រុម​ថ្មី​​របស់​ខ្លួន​ទៅ​​ហ្វឹកហាត់​និង​ប្រកួត​មិត្តភាព នៅ​រាជធានី​បាងកក ប្រទេស​ថៃ។

ប្រកួត​​ដំបូង​ក្នុង​ចំណោម​៣ប្រកួត​នៅ​រាជធានី​បាងកក លោក​ Dollah Salleh ដែល​ជា​គ្រូ​បង្វឹក​​ក្រុម Pahang Faបាន​ដាក់​ ចាន់ វឌ្ឍនាកា ឱ្យ​ចួល​លេង​បាន​៦០នាទី​ទើប​ប្តូរ​ចេញ ហើយអំឡុង​លេង​​​កីឡាករ​របស់​កម្ពុជា រូប​នេះ​​ត្រូវ​ក្រុម​ឱ្យ​ដើរតួរ​ជាអ្នកទាត់បាល់​ហ្វី្រឃីត ឬបាល់ជ្រុង។ ជា​លទ្ធផល​​ក្លិប​ជើង​ឯក​លីគ​កំពូល​ម៉ាឡេស៊ី ៥​សម័យកាល​មួយ​នេះ​បាន​យក​ឈ្នះ​ក្រុម​Muangthong UTD (B) (ក្រុម​ជម្រើស​ទី២​របស់​ក្លិប​Muangthong UTD) ដោយ​លទ្ធផលល៣ទល់១ ខណៈ​ ចាន់ វឌ្ឍនាកា បាន​បញ្ជូន​គ្រាប់​ទី២​ឱ្យ​មិត្តរួមក្រុម​ថ្មី​បំប៉ោង​សំណាញ់​ទី​បាន​សម្រេច។

សូម​បញ្ជាក់​ថា​ក្រុម​ជម្រើស​ទី១​របស់​ក្លិប​Muangthong UTD ​បាន​បដិសេធ​មិន​​ប្រកួត​មិត្តភាព​ក្រុម Pahang FA ដោយ​សារ​ក្រុម​នេះ​នឹង​ត្រូវ​តំណាង​ឱ្យ​ប្រទេស​ថៃ ប្រកួត​ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ​ជើង​ទី២ ជាមួយ​ក្រុមSanna Khánh Hòa ប្រចាំ​​ពានរង្វាន់​​​​នៃ​ពានរង្វាន់​ជើង​ឯក​​​​ក្លិប​អាជីព​ប្រចាំ​តំបន់​ប្រទេស​ដងទន្លេរមេគង្គ​ Toyota Mekong Club Championship 2017 (TMCC) នៅ​ល្ងាច​ថ្ងៃ​សៅរ៍ ស្អែក​នេះ។

ចំណែក​ក្រុម Panhang FA វិញ​នៅ​សល់២ប្រកួត​ទៀត​នៅ​លើ​ទឹកដី​ប្រទេស​ថៃ ពោល​គឺ​បន្ត​​ជួប​សមាជិក​លីគ​កំពូល​ថៃ​ថ្មី​គឺ​ក្រុម​ Air Force Central FC នៅ​ល្ងាច​​​ថ្ងៃ​​អាទិត្យ ទី​៧​ ខែ​មករា​ ឆ្នាំ​២០១៨ ហើយ​ចុង​ក្រោយ​ជួប​ក្រុម​មក​ពី​កូរ៉េ​ខាង​ត្បូង​ Gyeongnam FC ល្ងាច​ថ្ងៃ​អង្គារ ទី​៩​ ខែ​មករា ឆ្នាំ​២០១៨៕