TMCC៖ តើរវាង Maungthong United និង Sanna Khanh Hao FC មួយណាដែលក្លាយជាម្ចាស់ជើងឯកឆ្នាំ ២០១៧នេះ? (វិដេអូ)

By |

ពានរង្វាន់ Toyota Mekong Club Championship 2017 បានឈានដល់វគ្គផ្ដាច់ព្រ័ត្រហើយ ដោយក្រុម Maungthong United (ថៃ) ត្រូវប្រកួតជាមួយក្រុម Sanna Khanh Hao FC (វៀតណាម) ក្នុងការប្រកួតជើងទី២ នាវេលាម៉ោង ០៦:០០ នាទីល្ងាច ដោយការប្រកួតត្រូវធ្វើឡើងនៅ Supachalasai National Stadium នាទីក្រុងបាងកក ប្រទេសថៃ ខណៈកាលពីជើងទី១ ក្រុម Sanna Khanh Hao FC បានបរាជ័យលើក្រុម Maungthong United ក្នុងលទ្ធផល ៣ទល់១ នៅទឹកដីនៃប្រទេសវៀតណាម ផងដែរ។

*អំពីក្រុមតំណាងឲ្យថៃ Maungthong United៖

Maungthong United ជាក្រុមខ្លាំងមួយប្រចាំតំបន់អាសុីអាគ្នេយ៍ ជាមួយបទពិសោធន៍យ៉ាងជោគជាំលើឆាកអន្តរជាតិ បូករួមជាមួយសមត្ថភាពកីឡាករឆ្នើមៗនៅក្នុងក្រុមផងដែរ។ ក្រុមតំណាងឲ្យថៃមួយនេះ ត្រូវបានគេរំពឹងថាមានសមត្ថភាពខ្ពស់ជាងគេក្នុងចំណោមក្រុមដែលបានចូលរួមក្នុងពានរង្វាន់មួយនេះ ដោយបានយកឈ្នះលើក្រុមម្ចាស់ផ្ទះ Sanna Khanh Hao FC កាលពីជើងទី១ ក្នុងលទ្ធផល ៣ទល់១ ផងដែរ។

*អំពីកីឡាករលេចធ្លោប្រចាំការប្រកួត:

កីឡាករ Adisak Kraisorn ត្រូវបានរំពឹងថាជាកីឡាករដ៏លេចធ្លោ និងគ្រោះថ្នាក់មួយរូបសម្រាប់ការប្រកួត តាមរយៈការទាត់បាល់បញ្ចូលទីជារឿយៗដល់ក្រុមរបស់ខ្លួន ខណៈរូបគេជាអ្នករកគ្រាប់បាល់បាន ២គ្រាប់ក្នុងជ័យជម្នះ ៣ទល់១ កាលពីជើងទី១ផងដែរ។ ទាំងជំនាញក្នុងការរកគ្រាប់បាល់ និងបញ្ជូនបាល់ដល់មិត្តរួមក្រុមពោរពេញដោយបច្ចេកទេស និងសមត្ថភាពខ្ពស់ ដោយបានជួយឲ្យក្រុម Maungthong United ឈ្នះពានរង្វាន់ Thai League Cup និងរងជើងឯកលីគកំពូលថៃរដូវកាល២០១៧នេះផងដែរ។

Player Maungthong United

*អំពីក្រុមតំណាងឲ្យវៀតណាម Sanna Khanh Hao FC៖

ក្លិបបាល់ទាត់ Sanna Khnanh Hao FC បានធ្វើឲ្យមានការភ្ញាក់ផ្អើលនៅក្នុងពានរង្វាន់ Toyota Mekong Clun Championship 2017នេះ ក្រោយបានទម្លាក់ក្រុមជើងខ្លាំងដូចជា ទម្លាក់ក្រុមតំណាងកម្ពុជា បឹងកេតអេហ្វសុី សរុបលទ្ធផលទាំង២ជើង ៩ទល់៥ បន្ទាប់មកក៏ទៅទម្លាក់ក្រុមម្ចាស់ផ្ទះ Lao Toyota FC ក្នុងលទ្ធផល ២ទល់០ នៅក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ បើទោះបីខ្លួនស្ថិតនៅចំណាត់ថ្នាក់ទី ៦នៃតារាងលីគកំពូលវៀតណាមក៏ដោយ។ ខណៈកាលពីជើងទី១ នាថ្ងៃទី ២៣ ខែ ធ្នូ ឆ្នាំ ២០១៧ ក្រុមតំណាងប្រទេសវៀតណាម បានបរាជ័យពីក្រុម Maungthong United ក្នុងលទ្ធផល ១ទល់៣ នៅលើកីឡដ្ឋាន Hang Day នាទីក្រុងហាណូយ ប្រទេសវៀតណាម។

*អំពីកីឡាករលេចធ្លោប្រចាំការប្រកួត៖

កីឡាករ Toure Youfse បានបង្ហាញទម្រង់ដ៏ល្អដែលរំពឹងថាជាកីឡាករលេចធ្លោ និងគ្រោះថ្នាក់សម្រាប់ការប្រកួតមួយនេះផងដែរ ដោយរូបគេតែងតែស្វែងគ្រាប់បាល់បានរៀងរាល់ប្រកួតក្នុងពានរង្វាន់មួយនេះ ពោលគឺរកបានគ្រាប់បាល់ចំនួន ៦គ្រាប់កំពុងឈរនៅតំណែង Top Scorer។

TOURE-

*ទស្សនាវិដេអូហាយឡាយនៃការប្រកួតក្រុម Sanna Khanh Hao FC ចាញ់ Maungthong United ១ទល់៣ កាលពីជើងទី១៖

 

រូបភាព និងវិដេអូ៖ Toyota Mekong Club Championship